រឿង​ពិត​ដ៏​ហួស​ចិត្ត ១០​អំពី​មនុស្ស​ស្រី ដែល​​ធ្វើ​ឲ្យ​ប្រុស​ៗ​​ប៊ិះ​ដាច់​ផ្ងារ​ម្ដង​ៗ

  • 2020-03-27 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ឈ្មោះ​ជា​មនុស្ស​ស្រី​តែង​មាន​សិល្បៈ​នៅ​ក្នុង​ខ្លួន ហើយ​មាន​ទង្វើ​ជា​ច្រើន​ដែល​មនុស្ស​ស្រី​គ្នា​ឯង​យល់​ច្បាស់ ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រុស​ៗ​ឆ្ងល់។ នេះ​​ហើយ​ជា​អត្តសញ្ញាណ​ពិសេស​របស់​មនុស្ស​ស្រី ហើយ​ថ្ងៃ​នេះ កញ្ញា​នឹង​បង្ហាញ​ពី​ការពិត​ប្លែក​ៗ​ ១០​យ៉ាង​ដែល​អំពី​មនុស្ស​ស្រី​ ដែល​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន។ ចង់​ដឹង​ថា​មាន​អ្វី​ខ្លះ តាមដាន​ខាង​ក្រោម​នេះ​តែ​ម្ដង៖

រូបតំណាង

**១. និយាយ​ថា “មិន​អី” មាន​ន័យ​ថា​ “អី”**

នៅ​ពេល​មាន​បញ្ហា​ង៉ក់ង​ជាមួយ​សង្សារ ហើយ​សង្សារ​សួរ​ថា​មាន​អី​អត់ មនុស្ស​ស្រី​នឹង​តប​វិញ​ថា អត់​អី​ទេ ហើយ​ប្រុស​ៗ​ក៏​អាច​ជឿ​ថា​ អត់​មាន​អី​ពិត​មែន។ ប៉ុន្តែ​សុំ​ប្រាប់​ថា វា​មិន​មែន​មាន​ន័យ​ដូច​នាង​និយាយ​ទេ បើ​នាង​និយាយ​ថា​មិន​អី​ទេ ដោយ​សំឡេង​​កំបុត​ៗ នោះ​មាន​ន័យ​ថា​មាន​បញ្ហា​ហើយ ប៉ុន្តែ​នាង​ចង់​ឲ្យ​មនុស្ស​ប្រុស​ៗ​ដឹង​ខ្លួន​ដោយ​ខ្លួន​ឯង។ គួរ​ឲ្យ​ស្ដាយ​​មនុស្ស​ប្រុស​ភាគ​ច្រើន មិន​សូវ​ដឹង​ខ្លួន​​ទេ​បើ​​មនុស្ស​ស្រី​មិន​និយាយ។

២. រអ៊ូ​ថា​ធាត់​ប៉ុន្តែ​សង្វាត​ញ៉ាំ​របស់​ធ្វើ​ឲ្យ​ធាត់

មនុស្ស​ស្រី​ជា​ច្រើន​អ្នក​រអ៊ូ​ថា​ខ្លួន​ឯង​ធាត់​ ហើយ​ប្រកាស​ថា​នឹង​សម្រក​ទម្ងន់​ ប៉ុន្តែ​ស្ទើរ​តែ​រាល់​លើក​គម្រោង​សម្រក​ទម្ងន់​ក៏​ត្រូវ​បរាជ័យ ដោយ​សារ​របស់​ឆ្ងាញ់​ៗ​ដូច​ជា​ការ៉េម នំ​ខេក សាច់​អាំង ភីហ្សា​ជាដើម។

រូបតំណាង

៣. មាន​បញ្ហា​អី​ក៏​ដោយ ការ​ញ៉ាំ និង Shopping ជួយ​បាន

មិន​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​ស៊យ​ ស្ទះ​ចរាចរណ៍ មេ​ស្ដី​ឲ្យ​ ឈ្លោះ​ជាមួយ​មិត្តភ័ក្ដិ ឬ​អ្វី​ក៏​ដោយ ប៉ុន្តែ​បញ្ហា​ទាំង​នេះ​នឹង​អាច​ធូរ​ស្រាល​វិញ​តាម​រយៈ​ការ​ញ៉ាំ និង​ដើរ​ទិញ​អីវ៉ាន់។ ការ​ទៅ​ញ៉ាំ​បុហ្វេ រួច​ហើយ​ញ៉ាំ​បង្អែម និង​ហួស​ដើរ​ទិញ​អីវ៉ាន់​តិច​តួច នឹង​បន្ថែម​ថាមពល​​វិជ្ជមាន​យ៉ាង​មាន​ប្រសិទ្ធភាព​សម្រាប់​មនុស្ស​ស្រី។

រូបតំណាង

៤. ក្នុង​កាបូប​មាន​គ្រប់​យ៉ាង​មិន​ចាញ់​កាបូប​ដូរ៉េម៉ុន

មនុស្ស​ស្រី​បើ​ទោះ​បី​មាន​មាឌ​តូច​ជាង​មនុស្ស​ប្រុស​ ប៉ុន្តែ​កាបូប​ស្រី​ៗ​គឺ​ធំ​ និង​ធ្ងន់​ជាង​របស់​មនុស្ស​ប្រុស​ច្រើន​ណាស់។ ជួន​កាល​ក្នុង​កាបូប​យួរ​របស់​នាង​មួយ​អាច​មាន​ទាំង​គ្រឿង​សម្អាង កាបូប​លុយ Powerbank ក្រដាស​ជូត​មាត់ ឈើ​ចាក់​ធ្មេញ សំឡី​អនាម័យ កន្សែង​​បង់ក ឆត្រ ប័ណ្ណ​បញ្ចុះ​តម្លៃ​សម្រាប់​ហាង​ផ្សេង​ៗ និង​របស់របរ​ផ្សេង​ទៀត​ជា​ច្រើន។

រូបតំណាង

៥. អាច​ចំណាយ​ពេល​គិត​រាប់​ម៉ោង​គ្រាន់​តែ​រឿង​ញ៉ាំ

ដូច​ដឹង​ស្រាប់​ហើយ​ថា​មនុស្ស​ស្រី​គឺ​ជា​ភេទ​ដែល​គិត​ច្រើន គិត​ល្អិតល្អន់ គ្រប់​ជ្រុង។ រឿង​ញ៉ាំ​ក៏​ដូច​គ្នា ពេល​ខ្លះ​គ្រាន់​តែ​គិត​ថា​ត្រូវ​ទៅ​ញ៉ាំ​នៅ​ហាង​ណា ត្រូវ​ញ៉ាំ​អី​ល្អ ញ៉ាំ​ហើយ​ធាត់​ឬ​អត់ ក៏​អាច​ឲ្យ​នាង​ចំណាយ​ពេល​គិត​យ៉ាង​ច្រើន និង​អាច​មាន​បញ្ហា​ជាមួយ​សង្សារ​ដោយ​សារ​រើស​កន្លែង​​មិន​ត្រូវ​។

រូបតំណាង

៦. ចូល​ចិត្ត​អាន​រាសី និង​ការ​ទស្សន៍ទាយ​អត្តចរិត​​តាម​វិបសាយ​ផ្សេង​ៗ

មនុស្ស​ម្នាក់​ៗ​ប្រាកដ​ជា​ចង់​ដឹង​ហើយ​ពី​រឿង​អនាគត​មិន​ថារឿង​ការងារ លុយ​កាក់ ស្នេហា គូ​ព្រេង ដូច្នេះ​ហើយ​ទើប​យើង​ចូល​ចិត្ត​មើល​ការ​ទស្សន៍ទាយ​ពី​រាសី និង​ជំនឿ​ផ្សេង​ៗ​តាម​វិបសាយ (ព្រោះ​មើល​បាន Free Free នោះ​អី)។ ត្បិត​តែ​មិន​ជឿ​ស៊ុប ប៉ុន្តែ​ស្រី​ៗ​ភាគ​ច្រើន​​ក៏​នៅ​តែ​ចូល​ចិត្ត​អាន​ដើម្បី​បន្ថែម​ការ​ជឿជាក់​ខ្លះ​ៗ។

រូបតំណាង

៧. ហាត់​ប្រាណ​មួយ​ភ្លែត​ហត់ ប៉ុន្តែ​ដើរ Shopping ច្រើន​ម៉ោង​អត់​ហត់

បបួល​ទៅ​ហាត់​ប្រាណ​ រត់​មិន​ទាន់​បាន​ពីរ​បី​នាទី​ផង​ឡើង​ហត់​ត្រហេបត្រហម ហើយ​ត្រូវ​ញ៉ាំ​អាហារ​​បន្ថែម​កម្លាំង​ទៀត ប៉ុន្តែ​បើ​ដើរ Shopping ដើរ​កន្លះ​ថ្ងៃ​ពេញ​ក៏​នៅ​តែ​មាន​កម្លាំង។

រូបតំណាង

៨. ចូល​ចិត្ត​ទិញ​គ្រឿង​សម្អាង​មក​គរ​ហើយ​ប្រើ​មិន​ដែល​អស់

ជឿ​ថា​មនុស្ស​ស្រី​ទូទៅ​គឺ​មាន​ក្រែម​លាប​មាត់​ច្រើន​ជាង ១​ដើម ម្សៅ​ផាត់​មុខ Eyeliner Eyeshadow ចម្រុះ​ពណ៌ ទាំង​ដែល​មិន​បាន​ប្រើ​គ្រប់​ពណ៌​ក៏​ដោយ ប៉ុន្តែ​គឺ​ត្រូវ​តែ​មាន ដើម្បី​សម្រាប់​ថ្ងៃ​ខ្លះ​ចង់​ប្ដូរ​ពណ៌​ប្លែក​ៗ។

រូបតំណាង

៩. មាន​ស្បែក​ជើង​មិន​ដែល​តិច​គូ

មនុស្ស​ស្រី​មាន​ជើង​មួយ​គូ​មែន​ប៉ុន្តែ​ស្បែក​ជើង​គឺ​មិន​ដែល​ក្រោម​៤​គូ​នោះ​ទេ អ្នក​ខ្លះ​មាន​ដល់​រាប់​សិប​គូ​ ដើម្បី​ទុក​ផ្លាស់​ប្ដូរ​មិន​ថា​ស្បែក​ជើង​រាប ស្បែក​ជើង​ទៅ​ធ្វើ​ការ ស្បែក​ជើង​ហាត់​ប្រាណ ស្បែក​ជើង​ពាក់​ចូល​រួម​កម្មវិធី ស្បែក​ជើង​ទុក​ពាក់​ដើរ​លេង -ល-។

រូបតំណាង

១០. ខោ​អាវ​ពេញ​ទូ​តែ​រអ៊ូ​ថា​អត់​អី​ស្លៀក

ទោះ​បី​បើក​ទូ​មក​មាន​​ខោ​អាវ​ឡើង​ណែន​ក៏​ដោយ ក៏​ស្រី​ៗ​ចូល​ចិត្ត​រអ៊ូ​ថា​គ្មាន​អ្វី​ស្លៀក ព្រោះ​​នាង​ស្លៀក​ឆាប់​ធុញ​នោះ​អី។ ខោ​អាវ​ខ្លះ​ទិញ​ទុក​ស្លៀក​សម្រាប់​ពេល​ស្គម​ទៀត ប៉ុន្តែ​ការ​ពិត​មាន​ស្គម​ឯណា មាន​តែ​ធាត់​ទៅ​ៗ ខោ​អាវ​ខ្លះ​ខាន​ស្លៀក​ប៉ុន្មាន​ខែ ក៏​ចង្អៀត​ស្លៀក​លែង​ចុះ ដែល​ធ្វើ​ឲ្យ​ចេះ​តែ​ចង់​ទិញ​ខោ​អាវ​ថ្មី​ៗ​បន្ថែម។ ម៉េច​ដែល​មើល​ទៅ​ចំណុច​ណា​ខ្លះ​ត្រូវ​នឹង​ខ្លួន​ឯង?

រូបតំណាង

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម