ចង់ស្គមខ្លាំងពេក អ្នកនឹងនាំគុណវិបត្តិទាំងនេះចូលខ្លួន

  • 2020-03-10 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នា​សម័យ​ទំនើប​ដូច​សព្វ​ថ្ងៃ​នេះ មាន​ម្ហូប​អាហារ​ឆ្ងាញ់​ៗ រួម​ទាំង​ចំណីចំណុក​បង្អែម​ជា​ច្រើន​ ដែល​ឃើញ​ហើយ​​ចង់​តែ​​ភ្លក់​គ្រប់​មុខ។ ពេល​ខ្លះ​ញ៉ាំ​រហូត​ដល់​ឡើង​គីឡូ​ខ្លាំង​ទើប​ព្យាយាម​សម្រក​មក​វិញ ឯ​អ្នក​ខ្លះ​ទៀត​​ស្គម​​ពេក ដោយ​សារ​តែ​ញ៉ាំ​តិច​ឬ​បណ្តាល​​​មក​ពី​មាន​ជំងឺ​​ប្រចាំ​កាយ។ យ៉ាង​ណា​ក៏​ដោយ មិន​គួរ​បណ្តោយ​ឲ្យ​ខ្លួន​​ស្គម​ស្គាំង​ហួស​កម្រិត​ទេ ព្រោះ​​អ្នក​នឹង​ជួប​គុណ​វិបត្តិ​ជា​ច្រើន​​នឹក​ស្មាន​ពុំ​ដល់​។

រូបតំណាង

**១. រាង​កាយ​ខ្សោយ​ជាង​ធម្មតា**

រាង​កាយ​របស់​​អ្នក​ស្គម តែង​តែ​ខ្សោយ​ជាង​​អ្នក​ដែល​មាន​គីឡូ​ធម្មតា។ មិន​ថា​ប្រព័ន្ធ​ប្រសាទ​ឬ​ខួរ​ក្បាល​នោះ​ទេ នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់ធ្ងរ។ សម្រាប់​អារម្មណ៍​វិញ​​ក៏​ឆាប់​ឆេវឆាវ​មួម៉ៅ​ផង​ដែរ។ លើស​ពី​នេះ អ្នក​មាន​មាឌ​ស្គម​ស្គាំង​ខ្លាំង​ពេក អាច​​ប្រឈម​ខ្ពស់​នឹង​ការ​ដួលសន្លប់ អថេរ​ផ្លូវ​ចិត្ត មិន​សូវ​រឹងមាំ ឆាប់​​កើត​ទុក្ខ​ពិបាក​ចិត្ត​ ជា​ពិសេស​​នៅ​ពេល​ដែល​​ពួក​គេ​មាន​ជំងឺ​ក្នុង​ខ្លួន​ស្រាប់​។

២. មាន​បញ្ហា​ផ្នែក​សាច់​ដុំ​និង​ឆ្អឹង

រូបតំណាង

ថ្វី​ត្បិត​តែ​​អ្នក​ស្គម​មិន​សូវ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ដូច​អ្នក​ធាត់​លើស​កម្រិត​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​មាន​សមាសភាព​សាច់​ដុំ​តូច ដែល​ពុំ​មាន​កម្លាំង​ពេញ​លេញ​ ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ។ ម្យ៉ាង​វិញ​​ទៀត​អ្នក​ស្គម​​អាច​​ជួប​បញ្ហា​ឆ្អឹង​មិន​រឹង​មាំ ងាយ​បាក់​ឬ​ពុក ជាពិសេស​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​នានា​ជាយថាហេតុ។

៣. មាន​បញ្ហា​ជាមួយ​នឹង​ប្រព័ន្ធ​ដំណើរ​ការ​នៃ​ឈាម

មនុស្ស​ស្គម​មាន​ហានិភ័យ​ខ្ពស់​​ក្នុង​ការ​កើត​ជំងឺ​ស្លេកស្លាំង និង​សម្ពាធ​ឈាម​ធ្លាក់​ចុះ។ ដោយសារ​តែ​ចង្វាក់​បេះដូង​របស់​ពួក​គេ​ដើរ​យឺត​​ជាង​​អ្នក​ដែល​មាន​រាង​កាយ​ធម្មតា។ អ្នក​​មាឌ​ស្គម​ មាន​កម្រិត​នៃ​ការ​រំលាយ​អាហារ​ទាប ជា​ហេតុ​ធ្វើ​ឲ្យ​រាង​កាយ​មាន​ដំណើរ​ការ​នៃ​ឈាម​តិច​តួច​ទៅ​តាម​នោះ​ដែរ​។ ការ​ក្រោក​ពី​គេង​លឿន​ពេក អាច​បណ្តាល​ឲ្យ​ឈឺ​ក្បាល ព្រោះ​សម្ពាធ​ឈាម​ស្ថិត​ក្នុង​កម្រិត​ទាប ហើយ​​ក៏​​អាច​ប្រឈម​នឹង​ការ​ដួល​សន្លប់​ ឬ​បាត់​បង់​ស្មារតី​ជាង​មនុស្ស​ទូទៅ​។

៤. ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​មិន​ប្រក្រតី

រូបតំណាង

​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ពុំ​បាន​​គ្រប់គ្រាន់​ត្រឹម​ត្រូវ​ ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មានដំណើរ​ការ​មិន​ប្រក្រតី អាច​បង្ក​ជា​ការ​ភើ​ ដោយ​សារ​មាន​​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​លើស​កម្រិត។ នៅ​​​ពេល​ក្រពះ​ជួប​បញ្ហា​ អ្នក​ក៏អាចមាន​អាការៈ​ទល់​លាមក​ញឹក​ញាប់ ដោយ​សារ​ប្រព័ន្ធ​​រំលាយ​​អាហារ​នៃ​រា​ង​កាយ​​មាន​កម្រិត​ទាប ជា​ហេតុ​បង្ក​​ផល​ប៉ះ​ពាល់ដល់​មុខងារ​របស់​ពោះវៀន​។

៥. មាន​បញ្ហា​អ័រម៉ូន

នៅ​ពេល​រាងកាយ​ស្គម​ស្គាំង​ពេក អ័រម៉ូន​របស់​អ្នក​ក៏​គ្មាន​ស្ថិរភាព​ដែរ។ អ្នក​អាច​មក​រដូវ​ក្នុង​បរិមាណ​តិច​តួច ឬ​ពិបាក​ក្នុង​ការ​មាន​ផ្ទៃ​ពោះ ឬ​ម្យ៉ាង​ទៀត​អាច​ប្រឈម​នឹង​ការ​រលូត​កូន ដោយ​សារ​រាង​កាយ​មិន​រឹង​មាំ​គ្រប់គ្រាន់ ដើម្បី​ឲ្យ​គភ៌​​លូតលាស់។

នរណា​ក៏​រំពឹង​ចង់​បាន​រាង​ស្អាត​ដែរ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​អ្នក​មាន​សុខភាព​ល្អ​ មិន​ស្គម​លើស​កម្រិត​ដែល​​​អាច​បង្ក​ឲ្យ​រាង​​កាយ​ចុះ​ខ្សោយ​​ លែង​រឹង​មាំ​ដូច​មនុស្ស​ទូទៅ​នោះ​ទេ៕

រូបតំណាង

ចុចអានបន្ត៖ បើមានអារម្មណ៍​ថាខួរក្បាល​ស្ពឹក​ស្រពន់ ធ្វើ​អីក៏​មិន​ចេញ គួរ​តែ​អនុវត្តវិធី​ទាំង​នេះ​​​​​​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម