ទម្លាប់​ពេល​ព្រឹក​៦​យ៉ាង​ដែល​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​លើស​ដើម

  • 2020-03-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​ងើប​ពី​គេង​មក​ស្រស់​ស្រាយ​នោះ​ទេ​។ មាន​អ្នក​ខ្លះ​មាន​អារម្មណ៍​តប់​ប្រមល់​ មិន​ស្រស់​ស្រាយ​ មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់​ ហើយ​ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ទម្លាប់​នៅ​ពេល​ព្រឹក​ទេ​ព្រោះ​គិត​ថា​វា​មិន​សូវ​សំខាន់។​ អ្នក​ប្រហែល​ជា​មិន​នឹក​ស្មាន​ទម្លាប់​ពេល​ព្រឹក​ក៏​អាច​ប៉ះ​ពាល់​ការ​សម្រក​របស់​អ្នក​ដែរ។​ ហេតុ​នេះ​ហើយ​ប្រសិន​បើ​អ្នក​មាន​ទម្លាប់​អាក្រក់​ទាំង​៦​នេះ​ដល់​ពេល​ដែល​ត្រូវ​កែ​ហើយ​៖

១.​ មិន​ចង់​ត្រូវ​កម្តៅ​ថ្ងៃ​ពេល​ព្រឹក​

យោង​ទៅ​តាម​ការ​សិក្សា​របស់​ PLOS One​ ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ត​ត្រូវ​កម្តៅ​ពេល​ព្រឹក​ហើយ​ព្យាយាម​បិទ​បាំង​កម្តៅ​ថ្ងៃ​នោះ​ អ្នក​កំពុង​តែ​បាត់​បង់​ឱកាស​សម្រក​ទម្ងន់​ដែល​កម្តៅ​ព្រះ​អាទិត្យ​ផ្តល់​ឱ្យ​ហើយ។​ អ្នក​ដែល​ត្រូវ​កម្តៅ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក​ច្រើន​តែ​មាន​កម្រិត​នៃ​ការ​ឡើង​ទម្ងន់​ទាប​ជាង​អ្នក​ដែល​មិន​សូវ​ត្រូវ​កម្តៅ។​ ការ​សិក្សា​ក៏​បាន​ណែ​នាំ​ថា​អ្នក​គួរ​តែ​ត្រូវ​កម្តៅ​ព្រះអាទិត្យ​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​២០​ទៅ​៣០​នាទី​នៅ​ពេល​ព្រឹក។

២.​ ខ្លាច​ជញ្ជីង​

ភាគ​ច្រើន​អ្នក​ដែល​ឧស្សាហ៍​ឡើង​គីឡូ​គឺ​មិន​សូវ​ជា​ចង់​ថ្លឹង​ទម្ងន់​ប៉ុន្មាន​ទេ។​ យូរ​ៗ​ទើប​ថ្លឹង​ម្តង​ហើយ​ក៏​ឡើង​ទម្ងន់​មិន​គួរ​ឱ្យ​ជឿ​។ ការ​ដែល​មិន​សូវ​ថ្លឹង​ទម្ងន់​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​ឡើង​គីឡូ​ដែរ​ ជា​ពិសេស​នៅ​ពេល​ព្រឹក។​ មូល​ហេតុ​នោះ​គឺ​នៅ​ពេល​ដែល​អ្នក​ឧស្សាហ៍​ថ្លឹង​ទម្ងន់​នោះ​អ្នក​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ហើយ​អ្នក​ក៏​អាច​ដឹង​បាន​នៅ​ពេល​ដែល​ឡើង​ទម្ងន់​តិច​តួច។​ ពោល​គឺ​មិន​ហួស​ពេល​នឹង​សម្រក​។

៣.​ អត់​អាហារ​ពេល​ព្រឹក​

អ្នក​សម្រក​ទម្ងន់​មួយ​ចំនួន​ធំ​គិត​ថា​ការ​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​គឺ​អាច​សម្រក​បាន​លឿន​ហើយ​មានប្រសិទ្ធភាព។​ តែ​អ្នក​ទាំង​នោះ​គិត​ខុស​ហើយ​ ថាមពល​គ្រប់​យ៉ាង​គឺ​ពឹង​ផ្អែក​លើ​អាហារ​ពេល​ព្រឹក​នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​គ្រប់​គ្រាន់​នោះ​អ្នក​អាច​បន្ថយ​ការ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​និង​យប់​បាន។​ ការ​ដែល​អត់​អាហារ​ពេល​ព្រឹក​មាន​តែ​នាំ​ឱ្យ​អ្នក​ឃ្លាន​ហើយ​ចង់​ញ៉ាំ​ពេញ​មួយ​ថ្ងៃ។

៤.​ មិន​រៀប​គ្រែ​ពេល​ក្រោក​ពី​គេង​

ការ​រៀប​ចំ​គ្រែ​ពេល​ភ្ញាក់​ពី​គេង​ក៏​អាច​ជួយ​អ្នក​ឱ្យ​សម្រក​ទម្ងន់​បាន​ដែរ។​ ទោះ​ចង់​ឬ​មិន​ចង់​អ្នក​គួរ​តែ​រៀប​គ្រែ​គេង​ឱ្យ​បាន​ស្អាត​ព្រោះ​វា​អាច​ជួយ​ឱ្យ​គេង​បាន​ស្កប់​ស្កល់​ហើយ​កាត់​បន្ថយ​កម្រិត​នៃ​ការ​ឡើង​ទម្ងន់។ អ្នក​ក៏​អាច​រៀប​ចំ​គ្រែ​គេង​ហើយ​ហាត់​ប្រាណ​បន្តិច​នៅ​ពេល​ព្រឹក។

៥.​ ទម្លាប់​ញ៉ាំ​កាហ្វេ​ច្រើន​តែ​មិន​ញ៉ាំ​ទឹក​គ្រប់​គ្រាន់

ការ​ដែល​ញ៉ាំ​កាហ្វេ​ច្រើន​ជាង​ញ៉ាំ​ទឹក​ទៀត​នោះ​ វា​អាច​ជា​ផល​អាក្រក់​ដល់​ទំ​ហំ​ចង្កេះ​របស់​អ្នក​។ ក្នុង​រាង​កាយ​មនុស្ស​ត្រូវ​ការ​ជាតិ​ទឹក​ច្រើន​ជាង​អ្វី​ទាំង​អស់​ជា​ពិសេស​នៅ​ពេល​ព្រឹក​។ ទឹក​ជួយ​បញ្ចេញ​នូវ​ជាតិ​ពុល​ទាំង​ឡាយ​ដែល​មាន​ពេញ​មួយ​យប់​នៅ​ពេល​ដែល​អ្នក​គេង​និង​ជំនួយ​ដល់​មេតា​ប៉ូលីស។ ​

៦.​ គេង​ទ្រមក់

ការ​គេង​ច្រើន​ពេក​មាន​តែ​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ បើ​ទោះ​បី​ជា​អ្នក​ព្យាយាម​សម្រក​ក៏​ដោយ​។ រាង​កាយ​អ្នក​មិន​អាច​ដំណើរ​ការ​បាន​ល្អ​និង​ទៀង​ទាត់។ ហើយ​ការ​គេង​តិច​ពេក​ក៏​អាច​នាំ​ឱ្យ​ឡើង​ទម្ងន់​ដែរ​គឺ​អ្នក​មិន​សូវ​បញ្ចេញ​សកម្មភាព​និង​អស់​កម្លាំង​ដែល​ជា​ហេតុ​នាំ​ឱ្យ​អ្នក​ឃ្លាន​ហើយ​ញ៉ាំ​ច្រើន៕

ចុចអាន​៖

ប្រភព៖ beautyandhealthylife ប្រែ​សម្រួល៖ ដេត ឈុនអ៉ី