អាចដល់ពេលត្រូវលែងលះ បើប្តីប្រពន្ធជួបប្រទះរឿងទាំងនេះ

  • 2020-03-02 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​នៅ​ជាមួយ​គ្នា​ដំបូង អ្នក​ទាំង​ពីរ​ហាក់​ដូច​ជា​មាន​ភាព​ផ្អែម​ល្ហែម​ចុះ​សម្រុង​នឹង​គ្នា​ណាស់។ ស្រាប់​តែ​ចូល​ដល់​ថ្ងៃ​មួយ បែរ​ជា​មាន​អារម្មណ៍​ថា ឯកា ស្អប់​ខ្លួន​ឯង មិន​ទទួល​បាន​ការ​គោរព ហត់​នឿយ​អស់​កម្លាំង​ចិត្ត​នឹង​បន្ត​ទៅ​មុខ​​។ ប្តី​ប្រពន្ធ​ដែល​បាន​ជួប​ប្រទះ នូវ​រឿង​រ៉ាវ​ដូច​ខាង​ក្រោម អាច​ជា​សញ្ញា​បញ្ជាក់​ថា អ្នក​ទាំងពីរ​​ចូល​ដល់​ដំណាក់​កាល​ត្រូវ​លែង​លះ​មែន​ទែន​ហើយ។

  • ពេល​នៅ​ជាមួយ​គ្នា​មាន​អារម្មណ៍​ថា​ឯកា​ជាង​ពេល​នៅ​ម្នាក់​ឯង​ទៅ​ទៀត។ ភាព​ឯកា​កើត​ឡើង​យូរ​ៗ​ម្តង​មិន​មែន​រឿង​ធំ​ដុំ​​ទេ ប៉ុន្តែ​បើ​សូម្បី​តែ​មាន​ដៃ​គូ​ហើយ​ អ្នក​នៅ​​តែ​មាន​អារម្មណ៍​បែប​នេះ ​ទើប​ជា​បញ្ហា​ធំ​។
  • បើ​កាល​​ពី​មុន​អ្នក​ធ្លាប់​​ស្រលាញ់​ខ្លួន​ឯង ប៉ុន្តែ​នៅ​ពេល​ដែល​​បាន​រស់​នៅ​ជាមួយ​ដៃគូ​យូរ​ៗ​ទៅ​អ្នក​កាន់​តែ​ស្អប់​និង​​មិន​ពេញ​ចិត្ត​គ្រប់​យ៉ាង​ដែល​ខ្លួន​មាន បាន​សេច​ក្តី​ថា បុរស​ម្នាក់​នោះ​ពិត​ជា​មិន​ស័ក្តិ​សម​សម្រាប់​អ្នក​ឡើយ។

  • រាល់​ពេល​ធ្វើ​អ្វី​មួយ អ្នក​តែង​បារម្ភ​ភ័យ​ខ្លាច​រំខាន​ដល់​គេ ឬ​ខ្លាច​គេ​ខឹង។ បែប​នេះ​បង្ហាញ​ថា គេ​មិន​មែន​ជា​គូ​ដ៏​ល្អ ដែល​អាច​ផ្តល់​ភាព​កក់​ក្តៅ​ដល់​អ្នក​បាន​ឡើយ។

  • សូម្បី​តែ​មិត្តភ័ក្តិ​ គ្រួសារ​ បងប្អូន ក៏​គិត​ថា​​​ មាន​តែ​ការ​លែង​លះ​ប៉ុណ្ណោះ ទើប​ជា​ជម្រើស​​ដ៏​ល្អ​បំផុត​​។ ដោយ​សារ​ពួក​គេ​អាច​មើល​ដឹង​ពី​ផល​វិបាក​របស់​អ្នក​នា​ពេល​បច្ចុប្បន្ន រួម​ទាំង​ហានិភ័យ​នា​ពេល​អនាគត។
  • អ្នក​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ព្យាយាម​ថែរក្សា​ស្នេហា​មួយ​នេះ ចំណែក​ឯ​ភាគី​ម្ខាង​ទៀត​ ហាក់​ដួច​ជា​ធ្វើ​ហី​ៗ មិន​ខ្វល់​អ្វី​ទាល់​តែ​សោះ ថែម​ទាំង​មិន​ខ្លាច​ក្នុង​បញ្ចប់​​ទៀត​ផង។
  • ​​អ្នក​តែង​មាន​ក្តី​សង្ឃឹម​ថា​គេ​អាច​នឹង​កែប្រែ​នៅ​ថ្ងៃ​ណា​មួយ ទោះ​បី​ជា​អ្វី​ៗ​មិន​អាច​ទៅ​រួច ឬ​ដឹង​ថា​ធម្មជាតិ​​របស់​មនុស្ស​មិន​មែន​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ណា​ក៏​ដោយ​។

  • អ្នក​នៅ​នឹក​គិត​​ស្តាយ​ស្រណោះ​អនុស្សាវរីយ៍​ល្អ​ៗ ដែល​ធ្លាប់​សាង​រួម​គ្នា​កាល​ពី​មុន ដោយ​ភ្លេច​គិត​ពី​ភាព​ឈឺ​ចាប់​ ដែល​ខ្លួន​កំពុង​បៀម​ទុក្ខ​សព្វ​ថ្ងៃ។

  • អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​គ្រប់​គ្រង គ្មាន​សេរីភាព​គ្រប់​គ្រាន់ មិន​ទទួល​បាន​ការ​គោរព​ឲ្យ​តម្លៃ ទោះ​ចង់​ធ្វើ​អ្វី​ ក៏​ត្រូវ​ឆ្លង​កាត់​គេ​មុន​ជានិច្ច។

  • សូម្បី​តែ​ការ​និយាយ​ស្តី​របស់​គេ​ក៏​ប្រែ​ប្រួល​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​យល់​ថា ជា​ពាក្យ​ប្រមាថ​មើល​ងាយ មិន​ទុក​ចិត្ត​​ជឿជាក់​គ្នា​ត​ទៅ​ទៀត។

  • ហេតុ​ផល​ដែល​អ្នក​ចង់​​រស់​នៅ​ជាមួយ​គ្នា​បន្ត​ គឺ​ដោយ​សារ​តែ​ខ្លាច​គំនាប​សង្គម មិន​មែន​ព្រោះ​​ក្តី​ស្រលាញ់។ អ្នក​សុខ​ចិត្ត​លះ​បង់​សុភមង្គល​ខ្លួន​​ឯង ព្រោះ​តែ​បារម្ភ​ពី​​មាត់​​អ្នក​ដទៃ​។
  • អ្នក​លែង​មាន​ចិត្ត​ចង់​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​ ឬ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​​ដូច​មុន​ហើយ ព្រោះ​ការ​នៅ​ម្នាក់​ឯង ចេញ​ទៅ​ខាង​ក្រៅ​ជាមួយ​មិត្តភ័ក្តិ​ឬ​បងប្អូន​ អាច​ជួយ​ឲ្យ​អ្នក​សប្បាយ​ស្រស់​ស្រាយ​ ជាង​ពេល​នៅ​ក្បែរ​ដៃគូ​របស់​ខ្លួន។​​

  • ដៃ​គូ​របស់​អ្នក​ចាប់​ផ្តើម​បង្ហាញ​អំពើ​​ហិង្សា ទង្វើ​អសីលធម៌ រួម​ទាំង​អាកប្បកិរិយា​​ឆ្គាំ​ឆ្គង​ជា​ច្រើន នឹក​ស្មាន​ពុំ​ដល់។

  • អ្នក​ចាប់​ផ្តើម​ប្រចណ្ឌ​ហួង​ហែង​អស់​ទំនុក​ចិត្ត និង​សង្ស័យ​គ្រប់​ពេល​វេលា ដោយ​សារ​តែ​មាន​ជន​ទី៣​ចូល​មក​ជ្រៀត​ជ្រែង។
  • ដៃ​គូ​​ចាប់​ផ្តើម​ងប់ងុល​​ជាមួយ​អ្នក​ថ្មី រហូត​ភ្លេច​គិត​ខ្វល់​ខ្វាយ​ពី​អ្នក ឬ​ធ្វើ​ពុត​ជា​បារម្ភ ប៉ុន្តែ​​បែរ​ជា​ក្បត់​ចិត្ត​ ចែក​រំលែក​ក្តី​ស្រលាញ់​ទៅ​ឲ្យ​អ្នក​ផ្សេង។
  • ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​គ្មាន​លំនឹង ដោយ​សារ​ធ្លាប់​ឆ្លង​កាត់​បែក​បាក់​​គ្នា​ប៉ុន្មាន​ដង​រួច​មក​ហើយ គ្រាន់​តែ​មិន​ទាន់​យក​ជា​ផ្លូវ​ការ​ ហើយ​អ្នក​គិត​ថា​គ្រប់​យ៉ាង​អាច​នឹង​ប្រសើរ​ឡើង ទាំង​ដែល​ការ​ពិត​ គ្មាន​អ្វី​​អាច​ផ្លាស់​ប្តូរ​បាន។

  • អ្នក​ទាំង​ពីរ​លែង​មាន​​មនោសញ្ចេតនា​​​​​ លែង​យល់​ចិត្ត លែង​និយាយ​គ្នា​តាម​សម្រួល​ដូច​មុន​។ ជា​ពិសេស​ចូល​ចិត្ត​ប្រើ​ពាក្យ​សម្តី​គំហក​តឹង​សរសៃ​ក​ដាក់​គ្នា ឈ្លោះ​គ្នា​ឥត​ឈប់​ឈរ​។

នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​បាន​កើត​ឡើង​រវាង​អ្នក​ទាំង​ពីរ ដែល​អ្នក​ក្រៅ​គ្មាន​ថ្ងៃ​យល់​​ឡើយ​។ ចូល​ដល់​ដំណាក់​កាល​នេះ​​ហើយ បើ​បន្ត​គឺ​មាន​តែ​ក្តី​ឈឺ​ចាប់​ទ្វេដង។ មាន​តែ​អ្នក​ប៉ុណ្ណោះ​ ដែល​មាន​សិទ្ធិ​សម្រេច​ចិត្ត គិត​ចង់​ជ្រើស​រើស​ផ្លូវ​បែប​​ណា​សម្រាប់​​ជីវិត​ខ្លួន​ឯង​៕​​​

ចុចអានបន្ត៖ ម្តាយក្មេកល្អមិនដែលធ្វើរឿងទាំងនេះដាក់កូនប្រសាដាច់ខាត

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម