អាហារ​៥​ប្រភេទ​មិន​ល្អ​ឡើយ​សម្រាប់​អ្នក​មាន​ស្បែក​ងាយ​ប្រតិកម្ម

  • 2020-02-18 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ងាយ​ប្រតិកម្ម​គឺ​​អាការៈ​ដែល​នាំ​ឱ្យ​ស្បែក​ប្រែ​ទៅ​ជា​ខុស​ប្រក្រតី​ទៅ​នឹង​បរិស្ថាន​ជុំវិញ ដែល​ជា​ធម្មតា ស្បែក​​ប្រភេទ​នេះ​ច្រើន​តែ​លេច​ចេញ​​នូវ​សញ្ញា​ដូច​ជា ឆាប់​ឡើង​ក្រហម របក ​មាន​ស្នាម​អុជ រលាក ឬ​រមាស់។

ការ​ស្រាវ​ជ្រាវ​ពី​អ្នក​ជំនាញ​ជា​ច្រើន​រក​ឃើញ​មូលហេតុ​ចម្បង​ៗ​ដែល​នាំ​ឱ្យ​ស្បែក​ប្រែ​ទៅ​ជា​ឆាប់​ប្រតិកម្ម​ ដូច​ជា កត្តា​តំណ​ពូជ ការ​បំពុល​ផ្សេងៗ ការ​ស្ថិត​ក្រោម​កម្ដៅ ឬ​អាកាសធាតុ​រងា​ខ្លាំង​និង​ញឹកញាប់​​​​ពេក កត្តា​បម្រែបម្រួល​អរម៉ូន វ័យ​ ការ​តានតឹង​ ការ​ញ៉ាំ​ចំណី​អាហារ​ខុស និង​មួយ​ទៀត​គឺ​អាច​មក​ពី​ការ​ប្រើ​ផលិតផល​ខុស​នឹង​ប្រភេទ​ស្បែក។

ខាង​ក្រោម​នេះ​គឺ​ជា​អាហារ​៥​ប្រភេទ​​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ឆាប់​ឡើង​ប្រតិកម្ម​គួរ​តែ​តម​ឱ្យ​បាន ​ព្រោះ​មិន​ដូច្នោះ​ទេ អាច​នឹង​នាំ​ឱ្យ​កាន់​តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ៖

១-ប្រភេទ​ម្សៅ​ស្អិត (Gluten)

ជាតិ​ Gluten គឺ​ជា​ប្រូតេអ៊ីន​ដែល​​មាន​នៅ​ក្នុង​នំប៉័ង និង​នំ​ដុត​ទាំង​ឡាយ ជា​ពិសេស​គឺ​អាហារ​ដែល​ផ្សំ​ពី​ស្រូវ​សាឡី។ ជា​ទូទៅ អ្នក​ដែល​មាន​ប្រតិកម្ម​នឹង​ជាតិ​ Gluten គឺ​វា​នឹង​​ចូល​ទៅ​បំផ្លាញ​រោម​ឆ្មារៗ​ដែល​នៅ​លើ​ភ្នាស​ពោះវៀន បណ្ដាល​ឱ្យ​ចេញ​ជា​រោគ​សញ្ញា​ខុសៗ​គ្នា។ អ្នក​ខ្លះ​ទៅ​ជា​ហើម​ពោះ ឈាន​ដល់​ការ​ចេញ​រមាស់ ឬ​រោល​លើ​ស្បែក ហើយ​ពេល​ជាតិ​ Gluten នេះ​ចេញ​ពី​ក្នុង​​រាងកាយ​អស់ អាការៈ​​ទាំង​នេះ​ក៏​បាត់​ទៅ​វិញ​ដែរ។

​​ចំណែក​អ្នក​ខ្លះ​ទៀត​មិន​មាន​អាការៈ​ហើម​ពោះ តែ​មាន​កើត​ទៅ​ជា​ពង​បែក ឬ​កន្ទាលត្រអាក​​លើ​ស្បែក។ ដូច្នេះ​បាន​ន័យ​ថា អ្នក​គួរ​តែ​ជៀស​ឱ្យ​ឆ្ងាយ​ពី​ប្រភេទ​នំប៉័ង ទឹក​សណ្ដែក ស្រា​បៀរ ធញ្ញជាតិ​ជា​ដើម។

២-ទឹក​ដោះ​គោ

ប្រូតេអ៊ីន​ទឹក​ដោះ​គោ​អាច​បង្ក​ទៅ​ជា​អាល្លែកស្ស៊ី​ចំពោះ​មនុស្ស​មួយ​ចំនួន។ ដូច្នេះ​ដើម្បី​ជៀស​វាង​បញ្ហា​ អ្នក​គួរ​តែ​អាន​គ្រឿង​ផ្សំ​នៃ​ដប​ឬ​កំប៉ុងទឹក​ដោះ​គោ មិន​ថា​ជា​ប្រភេទ​ទឹក​ដោះ​ដែល​គ្មាន​ជាតិ​ខ្លាញ់ ឈីស​ ស្ករ​ធ្វើ​ពី​ទឹក​ដោះ​ ក៏​ដោយ ត្រូវ​ប្រាកដ​ថា​​ផលិត​ផល​ទាំង​នោះ​មិន​បាន​ផ្សំ​ឡើង​ពី​ប្រូតេអ៊ីន​ទឹក​ដោះ​គោ។

ទឹកដោះ​គោក្នុង​ភេសជ្ជៈ​ផ្សេងៗ ក៏​ត្រូវប្រាកដ​ដែរ​ថា​គ្មាន​ប្រូតេអ៊ីន​ចម្រាញ់​ពី​ដោះ​គោ

អ្នក​គួរ​តែ​ងាក​មក​ផឹក​ទឹក​ដោះ​ដែល​ចម្រាញ់​ពី​ផ្លែ​អាល់ម៉ុន ស្រូវ ឬ​ក៏​​ខ្ទិះ​ដូង​វិញ ទើប​មាន​សុវត្ថិភាព​ជាង​​ទឹក​ដោះ​ដែល​ច្របាច់​ពី​សត្វ​គោ។

៣-ស៊ុត

ជាពិសេស​ផ្នែក​ស​នៃ​ស៊ុត​តែង​តែ​អាច​បង្ក​ឱ្យ​ស្បែក​ទៅ​​ជា​កន្ទួល ឬ​រោល​បាន។ ជាតិ​អ៊ីស្តាមីន​ដែល​មាន​នៅ​ក្នុង​រាងកាយ​មនុស្ស​​​មួយ​ចំនួន​ច្រើន​តែ​មាន​ប្រតិកម្ម​ជាមួយ​នឹង​ផ្នែក​ស​នៃ​ស៊ុត ហើយ​ត្រឹម​តែ​ប៉ុន្មាន​នាទី​បន្ទាប់​ពី​ការ​ញ៉ាំ​ស៊ុត​ស ស្បែក​អាច​នឹង​ប្រែ​ទៅ​ជា​រមាស់​ ឬ​រោល។

៤-អាហារ​ដែល​​បន្ថែម​ជាតិ​ពណ៌

ជាតិ​ពណ៌​ដែល​ដាក់​នៅ​ក្នុង​អាហារ និង​ប្រភេទ​អាហារ​ដែល​រក្សា​បាន​ទុក​បាន​យូរ ច្រើន​តែ​ផ្ដល់​ផល​រំខាន​ដល់​អ្នក​ដែល​មាន​ស្បែក​ងាយ​ប្រតិកម្ម។ ដូច្នេះ​អ្នក​គួរ​តែ​ញ៉ាំ​អាហារ​ដែល​ប្រើ​ធម្មជាតិ ហើយ​ជៀស​វាងអាហារ​កំប៉ុង អាហារ​​បង្កក​ ឬ​អាហារ​ប្រអប់។ ក្រៅ​ពី​ធ្វើ​ឱ្យ​ស្បែក​ទៅ​ជា​រមាស់ កន្ទួល អាហារ​ប្រភេទ​នេះ​ក៏​អាច​ធ្វើ​ឱ្យ​ឈឺ​ក្បាល ធេងធោង អស់​កម្លាំង និង​បញ្ហា​ផ្លូវ​អារម្មណ៍​ផង​ដែរ។

៥-ស្រា​ក្រហម

សារធាតុ​ Tannin ដែល​មាន​នៅ​ក្នុង​ស្រា​ក្រហម​អាច​បណ្ដាល​ឱ្យ​មនុស្ស​មួយ​ចំនួន​​ចេញ​កន្ទាលត្រអាក ឬ​ស្បែក​ឡើង​ក្រហម។ ចំណែក​ស្រា​ស​​ដូច​ជា​មិន​សូវ​មាន​បញ្ហា​ប៉ុន្មាន​ទេ បើ​សិន​ផឹក​ក្នុង​បរិមាណ​តិចតួច ប៉ុន្តែ​ក៏​ត្រូវ​​កំហិត​បរិមាណ​​ត្រឹម​ត្រូវ​ដែរ ប្រ​សិន​បើ​អ្នក​ឃើញ​ថា​ស្បែក​មាន​បញ្ហា ឬ​ខុស​ប្រក្រតី៕

អត្ថបទនេះ​នាំ​មក​ជូន​ដោយ derma365 ឬ​អាច​ចូល​ទៅ​កាន់ Facebook Page Guardian Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម!

ប្រភព៖ Livestrong ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម