ចង់ឲ្យគេស្រលាញ់ឲ្យតម្លៃ ដរាបណាអ្នកចេះឲ្យតម្លៃខ្លួនឯងតាមវិធីទាំងនេះសិន
- 2020-02-18 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យគេស្រលាញ់ឲ្យតម្លៃ ដរាបណាអ្នកចេះឲ្យតម្លៃខ្លួនឯងតាមវិធីទាំងនេះសិន
មុននឹងទាមទារចង់ឲ្យអ្នកដទៃ គោរពស្រលាញ់ឲ្យតម្លៃ តើអ្នកមានបានសាងគុណតម្លៃអ្វីសម្រាប់ខ្លួនឯងហើយឬនៅ?
ការមើលឃើញពីតម្លៃ និងចេះស្រលាញ់មើលថែខ្លួនឲ្យបានត្រឹមត្រូវ នឹងធ្វើឲ្យអ្នកកាន់តែរឹងមាំ បង្កើនភាពស្រស់បំព្រង សប្បាយរីករាយ នរណាក៏ចូលចិត្តចង់នៅក្បែរជានិច្ច។
- ឈរមុខកញ្ចក់ ហើយចាប់ផ្តើមប្រាប់ខ្លួនឯងថា មនុស្សដែលអ្នកកំពុងតែមើលឃើញនេះហើយ ពិតជាពិសេស សំខាន់ និងស្រស់ស្អាត ទាំងនៅក្នុងកញ្ចក់និងនៅសង្គមខាងក្រៅ។
រក្សាជំហរឲ្យបាននឹងន គ្រប់យ៉ាងមិនអាចល្អឥតខ្ចោះដូចអ្វីដែលគ្រប់គ្នាបានរំពឹងទុកទេ ដូច្នេះអ្នកពុំចាំបាច់ព្យាយាមផ្លាស់ប្តូរ ព្រោះតែពាក្យផ្ចាញ់ផ្ចាលរបស់អ្នកដទៃនោះឡើយ។
នៅឲ្យឆ្ងាយពីប្រភេទមនុស្សដែលចូលចិត្តបន្ទាបតម្លៃរបស់អ្នក មិនលើកទឹកចិត្ត មិនគោរព និងតែងធ្វើឲ្យអ្នកមានអារម្មណ៍តូចចិត្តនឹងជីវិតខ្លួនឯង។
រំឭកខ្លួនឯងជារឿយៗថា អ្នកមិនមែនជាម៉ាស៊ីនដែលអាចផលិតចេញនូវអ្វី ដែលមនុស្សជុំវិញខ្លួនត្រូវការកុម្ម៉ង់ចង់បាននោះទេ។ ចូរធ្វើអ្វីដែលអ្នកស្រលាញ់រីករាយនឹងធ្វើ ដោយមិនចាំបាច់សុំការអនុញ្ញាតពីអ្នកដទៃ។
លើកលែងកំហុសដែលអ្នកបានសាងដោយអចេតនាកាលពីមុន ព្រោះអ្នកគ្មានបំណងចង់ឲ្យវាកើតឡើង ហើយក៏មិនអាចរស់នៅក្នុងវិប្បដិសារីជារៀងរហូតដែរ។
ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវិតឲ្យកាន់តែមានតម្លៃ គួរផ្តើមចេញពីការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃជាមុនសិន។ ព្យាយាមធ្វើអ្វីដែលមិនធ្លាប់ធ្វើពីមុនមក ស្វែងរកបទពិសោធថ្មីៗ ដើម្បីបំពេញន័យក្នុងជីវិត។
ជួបបរាជ័យខ្លះក៏មិនអីដែរ កុំបន្ទោស កុំគិតថាខ្លួនឯងអន់។ ដំណើរជីវិតនៅវែងឆ្ងាយ សម្រេចចិត្តខុសមួយពេល មិនប្រាកដថាអ្វីៗ មិនអាចប្រសើរឡើងនោះទេ។
ត្រូវរស់ដោយសប្បាយចិត្ត ហើយកុំកើតទុក្ខច្រើនពេក។ អ្នកអាចនឹងកំពុងតែគិតថាជីវិត ហេតុអីក៏ពិបាកយ៉ាងនេះ? យ៉ាងណាកុំភ្លេចថា នៅមានមនុស្សជាច្រើនរាប់មិនអស់ ដែលរស់នៅលំបាកលំបិនជាងអ្នក ១០០ឬ១ពាន់ ហើយពួកគេមិនប៉ងចង់បានអ្វី ក្រៅពីរំពឹងចង់បានជីវិតប្រហាក់ប្រហែលអ្នក។
ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងប្រកាន់គំនិតវិជ្ជមាន នោះក្តីសុបិននឹងក្លាយជាការពិត នៅថ្ងៃណាមួយ។
កាលណាអ្នកយល់ច្បាស់ និងអាចផ្តល់ក្តីស្រលាញ់ឲ្យខ្លួនឯង កុំភ្លេចចែករំលែកស្នាមញញឹម ក្តីសុខ រួមទាំងរឿងរ៉ាវល្អៗ ទៅកាន់មនុស្សជុំវិញខ្លួនផង៕
ចុចអានបន្ត៖ ស្រ្តីជោគជ័យ ៤ រូប ចែករំលែកគន្លឹះមាស ដើម្បីឆ្ពោះឲ្យដល់គោលដៅមិនរាថយ