កុំស្រលាញ់មនុស្សប្រុសដែលមិនព្យាយាមធ្វើអ្វីសោះ ដើម្បីបានបេះដូងអ្នក
- 2020-02-17 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំស្រលាញ់មនុស្សប្រុសដែលមិនព្យាយាមធ្វើអ្វីសោះ ដើម្បីបានបេះដូងអ្នក
សូមកុំស្រលាញ់មនុស្សប្រុសដែលមិនព្យាយាមធ្វើអ្វីសោះ ដើម្បីបានក្លាយជាមនុស្សពិសេសសម្រាប់អ្នក។
*មនុស្សប្រុសដែលធ្វើអ្វីតាមតែចំណូលចិត្តរបស់គេ ដោយមិនខ្វល់ថាអ្នកមានអារម្មណ៍បែបណា ហើយអ្នកតែងតែជាភាគីទទួលយកគ្រប់យ៉ាងរបស់គេ។*
មនុស្សប្រុសដែលមកជួបអ្នកតែពេលគេទំនេរ ហើយអ្នកតែងតែជាភាគី "ព្យាយាមទំនេរ" ដើម្បីបានជួបគេ។
មនុស្សប្រុសដែលមិនទូរសព្ទ ឬផ្ញើសារមករកអ្នក ទោះបីគេទំនេរ ហើយអ្នកតែងតែជាភាគីទាក់ទងទៅគេមុន។
មនុស្សប្រុសដែលមិននិយាយច្បាស់លាស់ពីឋានៈនៃទំនាក់ទំនងរបស់អ្នកនិងគេ ហើយអ្នកតែងជាភាគីឈ្លេចសួរគេ។
កុំចំណាយពេលស្រលាញ់មនុស្សប្រុសដែលមិនព្យាយាមធ្វើអ្វីសោះ ដើម្បីឲ្យអ្នកសប្បាយចិត្ត ឬរំភើបចិត្តអី ព្រោះនោះគឺជាសញ្ញាបង្ហាញថា អ្នកមិនបានជាមនុស្សពិសេស ឬសូម្បីជាមនុស្សសំខាន់ សម្រាប់គេទេ។
និយាយនេះមិនមែនមានន័យថា មនុស្សប្រុសដែលតាមស្រលាញ់អ្នកស្អិត មនុស្សប្រុសនិយាយផ្អែម យកចិត្តទុកដាក់អ្នកសព្វគ្រប់ សុទ្ធតែជាមនុស្សដែលអ្នកគួរជ្រើសរើសនោះទេ។ ប៉ុន្តែមនុស្សប្រុសដែលស្រលាញ់អ្នកពិត គឺមនុស្សប្រុសដែលស្រលាញ់អ្នក និងយកចិត្តទុកដាក់មិនប្រែប្រួល ទោះស្រលាញ់គ្នាយូរប៉ុណ្ណាក៏ដោយ ឬមនុស្សប្រុសដែលស្គាល់អ្នកកាន់តែយូរ ស្រលាញ់អ្នកកាន់តែខ្លាំង មិនមែនល្អបានតែបន្តិច ហើយក្រោយមកក៏ទុកចោលនោះទេ។
ចូរចាំថា អ្នកព្រមធ្វើសង្សារជាមួយអ្នកណាម្នាក់ ដើម្បីថ្ងៃណាមួយអ្នកអាចរួមដំណើរជីវិតលើផ្លូវតែមួយជាមួយគេបាន មិនមែនគ្រាន់តែដើម្បីរកមនុស្សម្នាក់ដែលអាចផ្ដល់ក្ដីសុខឲ្យអ្នកបានតែមួយឆាវនោះឡើយ។ ដូច្នេះហើយ បើដឹងថាវាទៅមុខមិនរួច គួរកុំចំណាយពេលឥតប្រយោជន៍ទៀត ព្រោះមានមនុស្សប្រុសដែលល្អជាងនេះ ដែលកំពុងរង់ចាំអ្នក ៕
ចុចអានបន្ត៖
រឿងដែលមនុស្សគ្រប់គ្នាគួរធ្វើក្នុងជីវិតស្នេហា ដើម្បីកុំឲ្យមានវិប្បដិសារី
បើមានមនុស្សទី៣ ដើរចូលក្នុងស្នេហាអ្នក គ្រាន់តែធ្វើចិត្តឲ្យត្រជាក់ទៅបានហើយ