ស្រីៗ​ឱ្យ​តែ​មាន​ចរិត​ទាំង​នេះ ប្រយ័ត្ន​គេ​ឆក់​សង្សារ​បាត់​ទើប​ដឹង​ស្ដាយ​

  • 2020-02-13 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​តែង​យំ​សោក ត្អូញត្អែរ​ថា​ហេតុ​អ្វី​ស្នេហា​មិន​ជោគជ័យ​សោះ? មាន​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​ភាគី​បាន​ធ្វើ តែ​ប៉ះពាល់​មនោសញ្ចេតនា​ស្នេហា​ដោយ​មិន​ដឹង​ខ្លួន​។ ជាពិសេស​នារីៗ បើ​មាន​អត្តចរិត​ដូច​ខាង​ក្រោម​ញឹក​ញាប់​ពេក ច្បាស់​ណាស់​ ស្នេហា​របស់​អ្នក​នឹង​មិន​បាន​គង់វង្ស​យូរ​ឡើយ ហើយ​មិន​បាច់​ឆ្ងល់​ទៀត​ទេ គួរ​ពិនិត្យ​មើល​ខ្លួន​ឯង​វិញ​ទើប​ត្រូវ​។

១- ងរង៉ក់​ច្រើន​៖

ពេល​មាន​ស្នេហា ស្រីៗ​អាច​មាន​ចរិត​ដូច​កូន​ក្មេង​ខ្លះ ​ជា​រឿង​ធម្មតា​ ព្រោះ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ មើល​ថែ​​ពី​មនុស្ស​ដែល​នាង​ស្រលាញ់​។ ប៉ុន្តែ​បើ​យើង​ចេះ​តែ​ងរង៉ក់​សូម្បី​រឿង​កំប៉ិកកំប៉ុក​ក៏​ខឹង​ ក៏​ឱ្យ​គេ​លួង​ដែរ​នោះ គេ​គង់​នឹង​អស់​អារម្មណ៍​ហើយ​ធុញ​ទ្រាន់​មិន​ខាន។ ចង់​មិន​ចង់ បើ​មាន​នារី​ណា​ដែល​មើល​ស្រគត់ស្រគំ ចាស់​ទុំ​ជាង​យើង គេ​អាច​នឹង​ងាក​ទៅ​រក​អ្នក​នោះ​វិញ​ក៏​ថា​បាន​។

២- និយាយ​ស្ដី​មិន​ពីរោះពិសា​៖

កុំ​អាង​តែ​ស្រលាញ់​ដឹង​ចិត្ត​គ្នា ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​ចេះ​តែ​និយាយ​ៗ​ឱ្យ​តែ​រួច​ពី​មាត់​នោះ​​​។ មនុស្ស​ស្រលាញ់​គ្នា ត្រូវ​ការ​ណាស់​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម​ អូន​-បង តែ​បើ​ស្រាប់​តែ​សង្សារ​និយាយ​ពាក្យ​ចម្អេះចំអាស​នៅ​មុខ​គេ​ឯង គ្នា​ជា​ប្រុស​មាន​មុខ​ឯណា​ទៅ​រីករាយ​នោះ​។

៣- មិន​ដែល​លើក​ទឹក​ចិត្ត ចេះ​តែ​រឿង​បន្ទោស៖

បុរស​ទោះ​បី​រឹង​មាំ​យ៉ាង​ណា​ ក៏​គង់​ត្រូវ​ការ​កម្លាំង​ចិត្ត​ពី​នារី​ដែល​គេ​ស្រលាញ់​។ មាន​បញ្ហា គួរ​ពិភាក្សា​គ្នា​រក​ដើម​ហេតុ និង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ ជាជាង​ចាំ​តែ​អង្គុយ​ចាំ​កំហុស ស៊ុត​ម៉ា​រយៗ​។ បើ​សង្សារ​បន្ទោស​ញឹក​ញយ មនុស្ស​ប្រុស​នឹង​បាក់​ទឹក​ចិត្ត និង​​មាន​អារម្មណ៍​ថា ស្នេហា​របស់​គេ​កំពុង​គ្មាន​អ្នក​យល់​ចិត្ត ហើយ​អាច​ដើរ​ចេញ​នៅ​ថ្ងៃ​ណា​មួយ ព្រោះ​វា​បង្ហាញ​ថា​ អ្នក​ទាំង​ពីរ​មិន​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ដោយ​សុភមង្គល​ឡើយ​។

៤- ហួងហែង​ដល់​កម្រិត​កំពូល​៖

ប្រចណ្ឌ! អ្នក​ណា​ក៏​ប្រចណ្ឌ​ ហួងហែង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដែរ​ តែ​កុំ​ឱ្យ​ហួស​ហេតុ​ពេក​។ ទាំង​ខាង​គេ​និង​ខាង​យើង​ត្រូវ​ការ​ពេល​វេលា​ផ្ទាល់​ខ្លួន​ខ្លះ មិន​មែន​ត្រូវ​តែ​ជួប​មុខ​គ្នា​២៤​ម៉ោង​ទេ ព្រោះ​ពេល​នេះ​ត្រឹម​ស្ថិត​ក្នុង​ស្ថានភាព​ជា​គូ​ស្នេហ៍ មិន​ទាន់​រៀបការ​ឯណា​។ ម្យ៉ាង​ទៀត បើ​ទៅ​ណា​មួយ​ជំហាន​ក៏​ត្រូវ​ជូន​ដំណឹង ឬ​គ្មាន​សិទ្ធិ​សូម្បី​និយាយ​ស្ដី​ជាមួយ​មិត្ត​ភ័ក្ដិ វា​បង្ហាញ​ថា ស្នេហា​មួយ​នេះ​មាន​គំនាប​ខ្លាំង​សម្បើម​ណាស់​។

៥- ចេះ​តែ​ទារ មិន​ចេះ​ផ្ដល់​ឱ្យ​វិញ​៖

នារី​មួយ​ចំនួន​តែង​តែ​ទាមទារ​នេះ​ទាមទារ​នោះ​ពី​សង្សារ​ តែ​មិន​ដែល​ផ្ដល់​ឱ្យ​គេ​វិញ​ទេ​ សូម្បី​តែ​រឿង​តូចតាច​​។ មនុស្ស​ប្រុស​ក៏​ចង់​បាន​ការ​ផ្ដល់​មក​វិញ​ពី​មនុស្ស​ដែល​គេ​ស្រលាញ់​ដូចគ្នា​។ ដូច្នេះ​ត្រូវ​ចេះ​ថ្លឹងថ្លែង​ថា គួរ​ផ្ដល់​អ្វី​ដល់​គេ​ដើម្បី​បង្ហាញ​ក្ដី​ស្រលាញ់​ដូច​ជា ធ្វើ​ឱ្យ​គេ​ភ្ញាក់​ផ្អើល​សម្រាប់​ថ្ងៃ​កំណើត​គេ ឬ​ធ្វើ​ម្ហូប​ដែល​គេ​ចូល​ចិត្ត​ឱ្យ​គេ​ញ៉ាំ​ក៏​បាន​៕

ចុចអាន៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម