ចង់មានហុងស៊ុយពេញមួយឆ្នាំ មកដឹងចំនួនលុយគួរដាក់ក្នុងអាំងប៉ាវពេលចូលឆ្នាំចិន

  • 2020-01-24 01:30:00
  • ចំនួនមតិ 5 | ចំនួនចែករំលែក 130

​ក្នុង​ប្រពៃណី​ ប្រជាជន​​ចិន​ស្រលាញ់​ពណ៌​ក្រហម និង​ចាត់​ទុក​ពណ៌​នេះ​​ជា​និមិត្តសញ្ញា​នៃ​ថាម​ពល ​សុភមង្គល និង​សំណាង​ល្អ​។ ​ការ​ឲ្យ​អាំង​ប៉ាវ គឺ​មាន​ន័យ​ថា​​ជា​ការ​ជូន​ពរ​ឲ្យ​មាន​លាភ​ និង​ហុង​ស៊ុយ​ឆ្នាំ​ថ្មី​។ តាម​ពិត​ទៅ ​ទឹក​ប្រាក់​ក្នុង​​អាំង​ប៉ាវ​មិន​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​មាន​សំណាង និង​សុភមង្គល​នោះ​ឡើយ ​គឺ​គេ​ផ្ដោត​លើ​សារៈ​សំខាន់​នៃ​ស្រោម​សំបុត្រ​ក្រហម​ទៅ​វិញ​ទេ។ ម្ល៉ោះ​ហើយ ​ដើម្បី​​បង្ហាញ​ពី​ការ​គួរ​សម ​គេ​មិន​គួរ​​យក​ស្រោម​សំបុត្រ​​អាំង​ប៉ាវ​រហែក ​ឬ​ជ្រួញ​​ច្រើន​ផ្នត់​ឡើយ។ ​

​តើ​អ្នក​ណា​ដែល​គួរ​ទទួល​បាន​អាំង​ប៉ាវ និង​​ទឹក​ប្រាក់​ដែល​គួរ​ដាក់

​តាម​ទំនៀម​ទម្លាប់​ចិន ​បើ​អ្នក​ចេះ​រក​លុយ​ដោយ​ខ្លួន​ឯង​ហើយ ​នោះ​ជា​ពេល​​ដែល​អ្នក​គួរ​ចាប់​ផ្ដើម​ផ្ដល់​អាំង​​ប៉ាវ​ទៅ​អ្នក​ដទៃ​បាន​ហើយ។ ​​ការ​ផ្ដល់​នេះ ​គឺ​ជា​ការ​ចែក​រំលែក​នូវ​ភាព​សប្បាយ​រីករាយ​ទាំង​អស់​គ្នា​ក្នុង​ឆ្នាំ​ថ្មី​។ ​​ជា​ទូ​ទៅ ​ចំនួន​លុយ​ក្នុង​អាំង​ប៉ាវ ​អា​ស្រ័យ​លើ​ប្រាក់​ចំណូល​របស់​អ្នក​ដែល​​ឲ្យ​​គេ។ ​

​​​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​ឪពុក​ម្ដាយ​នឹង​រៀប​ចំ​អាំង​ប៉ាវ​​សម្រាប់​កូន​ៗ ​មិន​ថា​កូន​​នៅ​លីវ ​ឬ​រៀប​ការ​​រួច​នោះ​ទេ ព្រោះ​ជា​ការ​បង្ហាញ​ពី​ក្ដី​ស្រលាញ់ និង​ការ​ជូន​ពរ​ដល់​​ពួក​គេ។ យ៉ាង​ណា​ក៏​ដោយ ​តាម​ទំនៀមទម្លាប់​ចិន ​បើ​អ្នក​មិន​ទាន់​​រៀប​ការ​ទេ ​​គេ​មិន​អនុញ្ញាត​ឲ្យ​ផ្តល់​អាំង​ប៉ាវ​ទៅ​នរណា​ឡើយ។

​​ចំនួន​ទឹក​ប្រាក់​ក្នុង​អាំង​ប៉ាវ​ប៉ុន្មាន ​មិន​មាន​ក្នុង​ច្បាប់​ណា​ចែង​ទេ ​តែ​ជា​ធម្មតា ​​​​គេ​និយម​ដាក់៖

​-សម្រាប់​មនុស្ស​ចាស់​ជរា (ពិសេស​ឪពុក​ម្ដាយ ​និង​ជីដូន​ជី​តា​) ​ចន្លោះ​ពី​១០០ $ -៣០០$

-សម្រាប់​កូន​របស់​អ្នក​ផ្ទាល់ ៖ ​ចន្លោះ​​ពី​ ២០ $ ​ឡើង​ទៅ ​​តាម​ការ​​ចង់​ឲ្យ

-សម្រាប់​ក្មេង​ៗ​ដែល​មិន​ទាន់​រក​ប្រាក់​​ដោយ​ខ្លួន​ឯង​បាន​ (​ពិសេស​​អ្នក​កំពុង​នៅ​​រៀន) ​មិន​ថា​​កូន​របស់​មិត្ត​ជិត​ស្និទ្ធ ​សាច់​ញាតិ​ ​និង​​កូន​របស់​អ្នក​ធ្វើការ​ជាមួយ​គ្នា) ​ចន្លោះ​ពី ​៥$​ -​១០$

​​​​​​​​​​-សម្រាប់​មិត្ត​ជិត​ស្និទ្ធ ឬ​មិត្ត​រួម​ការ​ងារ​៖ ​ចន្លោះ​ពី ១០$​ -​៣០$

-សម្រាប់​​បុគ្គលិក​ធ្វើការ (​​ឲ្យ​​នៅ​ថ្ងៃ​ធ្វើការ​ចុង​ក្រោយ​មុន​បុណ្យ​ចូល​ឆ្នាំ​ចិន​មក​ដល់) ​ចន្លោះ​ពី ២០$​ -២០០ $

​យ៉ាង​ណា​ក៏​ដោយ ​ដាច់​ខាត​មិន​ត្រូវ​​ដាក់​លុយ​ក្នុង​អាំង​ប៉ាវ​​ ផ្តើម​ដោយ​លេខ​៤​ទេ ​(​ឧ៖ ​៤០​ $ , ​៤០០ $​) ​ព្រោះ​លេខ​៤ ​ក្នុង​ជំ​នឿ​ចិន​​ ​តំណាង​ឲ្យ​សំណាង​អាក្រក់។ ​ប៉ុន្តែ​បើ​អ្នក​ដាក់​លុយ​​​ដោយ​ចាប់​ផ្តើម​លេខ ​៨ ​ដូច​ជា ៨០​$ , ​៨០០ $ ​ជា​ដើម​នោះ​នឹង​បង្កើន​សំណាង។

​ក្រៅ​ពី​នេះ ​ ​​បើ​មាន​នរ​ណា​ឲ្យ​អាំង​ប៉ាវ​មក​អ្នក​វិញ ​ត្រូវ​ទទួល​ដៃ​២ ​ដែល​បង្ហាញ​ពី​ការ​​គួរ​សម ​​និង​ត្រូវ​និយាយ​​អរគុណ​ព្រម​​ទាំង​បង្ហាញ​ពី​ក្តី​សប្បាយ​រីក​រាយ​ផង​ដែរ។ ​​ចាំ​ទៅ​ដល់​ផ្ទះ ​សឹម​បើក​មើល​​អាំង​ប៉ាវ ​កុំ​បើក​មើល​នៅ​ចំពោះ​មុខ​អ្នក​ដែល​បាន​ឲ្យ​៕​

​អានបន្ត៖ ​ អ្នក​សែន​ចូល​ឆ្នាំ​ចិន​គួរដឹង ព្រោះ​សត្រូវ​ខាង​ក្រៅ​ងាយ​ទប់ សត្រូវ​ខាង​ក្នុង​ពិបាក​ការពារ

ប្រភព៖ China Highlights ប្រែ​សម្រួល៖ លឹម សុនា