សម័យ​នេះ​រវាង លុយ ​និង​ចិត្ត ​​តើ​គួរ​ជ្រើសរើស​មួយ​ណា?

  • 2019-12-05 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​គេ​ថា​​លុយ​គ្រាន់​តែ​ជា​របស់​ក្រៅ​ខ្លួន ប៉ុន្តែ​អត់​វា​ នឹង​ពិបាក​ក្នុង​ខ្លួន​។ ពិត​ណាស់ លុយ​ជា​របស់​ក្រៅ​ពិត​មែន ប៉ុន្តែ​វា​ពិត​ជា​សំខាន់​សម្រាប់​ការ​រស់​នៅ​​ក្នុង​សង្គម​នេះ។ ក្ដី​ស្រលាញ់​គឺ​ជា​អារម្មណ៍​ដែល​យើង​មិន​​​អាច​​រក​អ្វី​មក​ជំនួស​បាន ខណៈ​ដែល​លុយ​នៅ​ពេល​ខ្លះ​យើង​អាច​រក​អ្វី​មក​ជំនួស​បាន។ យ៉ាង​ណា​ក្ដី គូ​ស្នេហ៍​ជា​ច្រើន​ត្រូវ​ចែក​ផ្លូវ​គ្នា ព្រោះ​រឿង​លុយ ព្រោះ​បើ​ទោះ​បី ស្រលាញ់​គ្នា​ខ្លាំង​ប៉ុណ្ណា តែ​បើ​​ត្រូវ​ហូប​បាយ​ជាមួយ​ដុំ​អំបិល ប្រាកដ​ជា​គ្មាន​អ្នក​ណា​មក​ទ្រាំ​លំបាក​ជាមួយ​យើង​នោះ​ទេ។  

រូបតំណាង

មនុស្ស​មួយ​ចំនួន​មាន​សំណាង​ល្អ ដែល​បាន​ជួប​មនុស្ស​ដែល​អាច​ទទួល​យក​ឋានៈ​របស់​ខ្លួន​ និង​អត់ធន​ឆ្លង​កាត់​ការលំបាក​ជាមួយ​គ្នា​បាន ដើម្បី​​កសាង​អនាគត​រួម​គ្នា ហើយ​នៅ​ពេល​ពួក​គេ​បាន​​ថ្កុំថ្កើង​ មិន​ថា​មាន​បញ្ហា ឈ្លោះ​គ្នា គេ​នឹង​លួងលោម និង​ខ្វាយខ្វល់​គ្នា​ជានិច្ច ព្រោះ​ពួក​គេ​នឹក​ដល់​ពេល​ដែល​លំបាក​ជាមួយ​គ្នា។ វា​ប្រៀប​ដូច​ជា​ការ​ពិសោធន៍​ឲ្យ​ពួក​គេ​ដឹង​ថា នេះ​ហើយ​គឺ​ជា​មនុស្ស​ដែល​ស្រលាញ់​គេ​ពិត​ប្រាកដ។  

រូបតំណាង

ប៉ុន្តែ​មនុស្ស​ខ្លះ​សំណាង​មិន​ល្អ​​ក៏​បាន​ជួប​អ្នក​ដែល​មើល​ឃើញ​តែ​លុយ មើល​ឃើញ​ភាព​ស្រណុក​សប្បាយ​ច្រើន​ជាង​ក្ដី​ស្រលាញ់។ មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង​ត្រូវ​ចាកចេញ ប៉ុន្តែ​វា​ក៏​មិន​មែន​ជា​កំហុស​របស់​គេ​ដែរ​ព្រោះ​វា​ជា​តម្រូវ​ការ វា​ជា​ក្ដី​សុខ​របស់​គេ ដែល​យើង​គ្មាន​សិទ្ធិ​បង្ខំ ឬ​ហាម​គេ​មិន​ឲ្យ​គិត​បែប​ហ្នឹង​នោះ​ឡើយ។ បើ​យើង​មាន​គ្រប់​យ៉ាង​​ឲ្យ​គេ​រស់​នៅ​សុខ​ស្រួល​ហើយ ប៉ុន្តែ​គេ​បែរ​មិន​ពេញ​ចិត្ត​ទៀត គួរ​តែ​ដោះលែង​គេ​ទៅ ហើយ​គួរ​ទុក​ពេល​ចាំ​មនុស្ស​ដែល​គេ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​យើង​មាន និង​ព្រម​សាង​អនាគត​ជាមួយ​យើង​វិញ​ប្រសើរ​ជាង។

រូបតំណាង

អ្នក​ខ្លះ​គឺ​លើស​ពី​សំណាង​អាក្រក់ មាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ហើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​លំបាក ព្រោះ​គេ​មិន​ដែល​ជួយ គ្មាន​ទំនួល​ខុស​ត្រូវ ប៉ុន្តែ​បែរ​ជា​ចេះ​បំផ្លាញ​ទ្រព្យ​តែ​ម្យ៉ាង​គត់។ កសាង​មក​បាន​ប៉ុណ្ណា រក​បាន​ប៉ុណ្ណា ក៏​មិន​ចេះ​ស្កប់ស្កល់។ ជួប​បែប​នេះ​គឺ​សឹង​តែ​ចង់​ត្រលប់​រស់​នៅ​ម្នាក់​ឯង​វិញ ព្រោះ​ស្រលាញ់​គ្នា​ហើយ​មាន​តែ​ក្រ រលាយ​ហិនហោច​ទៅ​ៗ។

ការ​មាន​នរណា​ម្នាក់​ជា​គូ​ជីវិត បើ​ចង់​បាន​ដៃ​គូ​ល្អ គឺ​ទាល់​តែ​យើង​​មាន​អ្វី​ល្អ​ដែរ។ វា​ពិត​ហើយ​ដែល​លុយ​មិន​សំខាន់​ស្មើ​ចិត្ត ឬ​ក្ដី​ស្រលាញ់ ប៉ុន្តែ​វា​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ជីវិត​គូ​ដំណើរ​ទៅ​រលូន​បាន។ សម័យ​នេះ​មាន​ចិត្ត​តែ​ម្យ៉ាង គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ គឺ​ត្រូវ​ចេះ​ជួយ​គ្នា​ដែរ ជួយ​គ្នា​រក​ស៊ី ជួយ​គ្នា​ធ្វើ​ការ ជួយ​មើល​ថែ​គ្នា ជួយ​សន្សំ​គ្នា។ បើ​ជា​មេផ្ទះ​ ត្រូវ​ធ្វើ​ជា​មេផ្ទះ​ល្អ បើ​ជា​មេគ្រួសារ ក៏​ត្រូវ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ដែល​ល្អ នោះ​ទើប​ជីវិត​គូ​របស់​យើង​អាច​គង់វង្ស​យូរ​អង្វែង ៕

ចុចអាន៖

អត្ថបទ៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម