បំផ្លាញផ្លូវចិត្តមនុស្សស្រីទាំងស្រុង បើប្រុសៗហ៊ាននិយាយពាក្យទាំងនេះដាក់នាង

  • 2019-12-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​គូស្នេហ៍​គគោក​ហើយ ដែល​ទទួល​រង​ភាព​ឈឺចាប់​ខ្លោចផ្សា​ ដោយ​សារ​តែ​ពាក្យ​ពេចន៍​ចេញ​ពី​មាត់​នេះ​ឯង​​។ ​មាន​មាត់​ចេះ​តែ​ហា​ស្តី​មិន​គិត​ក៏មិន​កើត​ដែរ។ ប្រយោគ​ខ្លះ​មិន​​ត្រឹម​តែ​អាច​បំផ្លាញ​ផ្លូវ​ចិត្ត​របស់​មនុស្ស​ស្រី​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំ​ឲ្យ​ស្នេហា​ឈាន​ដល់​ការ​​បែក​បាក់​ទៀត​ផង។ ក្នុង​នាម​ជា​មនុស្ស​ប្រុស​ពោរពេញ​ដោយ​សតិ​បញ្ញា កុំ​ចេះ​តែ​និយាយ​ពាក្យ​ទាំង​នេះ​ចេញ​មក​​ឲ្យ​តែ​រួចៗ​ឲ្យ​សោះ​។

១. បែក​គ្នា​ទៅ

មួយ​ឃ្លា​នេះ ចាត់​ទុក​ជា​ពាក្យ​ឃោរឃៅ​បំផុត។ មនុស្ស​ភាគ​ច្រើន​អាច​និយាយ​វា​ចេញ​មក នៅ​ពេល​ខឹង​អន់​ចិត្ត បាត់​បង់​សតិ​មួយ​ឆាវ​។ ទោះ​ជា​មាន​រឿង​អ្វី​កើតឡើង​ក៏ដោយ​ សូម​​គិត​គូ​ឲ្យ​បាន​ច្បាស់​លាស់​សិន​ចាំ​និយាយ​ អាណិត​ម្ខាង​ទៀត​ដែល​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​នឹង​ឮ​ពាក្យ​បែបនេះ។

២. ហើយ​ឥឡូវ​អូន​ឯង​ចង់​បាន​ស្អី​ឲ្យ​ប្រាកដ?

បើ​កំពុង​តែ​និយាយ​គ្នា​សុខៗ ស្រាប់​តែ​អ្នក​មក​កាត់​ផ្តាច់​ដោយ​សម្តី​ចាក់ដោត​អីចឹង តើ​មាន​នរណា​ដែល​ថា​ទប់អារម្មណ៍​មិន​ឲ្យ​ឈឺ​បាន​នោះ? គ្រប់​យ៉ាង​តែង​តែ​មាន​ហេតុផល​ ដើម្បី​វែក​ញែក​រក​ដំណោះ​ស្រាយ មិន​មែន​ត្រូវ​មក​ស្រែក​តូងតាង​ខុស​រឿង​ទេ។

៣. អូន​ឯង​មិន​ដែល​ធ្វើ​អី​ឲ្យ​ល្អ​ស្រួលបួល​ម្តង​ណា​ទេ

ពេល​ស្គាល់​គ្នា​ដំបូង​ គ្មាន​ពាក្យ​បែប​នេះ​សូម្បី​មួយ​ម៉ាត់ ប៉ុន្តែ​នៅ​ពេល​មាន​ទំនាក់​ទំនង​កាន់​តែ​យូរ ហើយ​ហ៊ាន​ប្រើ​សម្តី​ដូច្នេះ​ មនុស្ស​ស្រី​ច្បាស់​ជា​បាក់​ទឹក​ចិត្ត​ខ្លាំង និង​គិត​ថា​អ្នក​ឈប់​ស្រលាញ់នាង​ដូច​មុន​ទៀត​ហើយ។

៤. ចរិត​អូនមិន​ខុស​ពី​ម៉ាក់​អូន​ទេ

នរណា​ក៏​ស្រលាញ់​ម្តាយ​ឪពុក​របស់​ខ្លួន​ឯង​ដែរ។ មាន​បញ្ហា ដាច់​ខាត​កុំ​យក​អ្នក​មាន​គុណ​ទៅ​ពាក់​ព័ន្ធ។ មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា គ្រាន់​តែ​មាន​ជម្លោះ​តិច​តួច ហេតុ​អី​ចាំ​បាច់​ តិះដៀល​ដៀមដាម​ដល់​គ្រួសារ? ហាក់​បី​ដូច​ជា​ជាន់​ឈ្លី​កិត្តិយស​គេ​ពេក​ហើយ។

៥. បង​ខុស​មែន ចុះ​អូន​ឯង​ ក៏​ធ្លាប់​ខុស​ដូច​គ្នា​ដែរ​តើ?

ពេល​ធ្វើ​ខុស​​​ យល់​ល្អ​គួរ​ចេះ​ទទួល​ស្គាល់​កំហុស និង​និយាយ​ពាក្យ​ សុំទោស ប្រសើរ​ជាង​ការ​ទៅ​កកាយ​រឿង​ពី​អតីតកាល ដើម្បី​មក​ផ្ចាញ់​ផ្ចាល​គ្នា។ កុំ​យក​ស្នេហា​ធ្វើ​ដូច​ជា​សង្វៀន​ប្រកួត​រក​អ្នក​ឈ្នះ​អ្នក​ចាញ់។ មាន​តែ​ការ​អត់​អោន អធ្យាស្រ័យ ព្រម​ទទួល​ការពិត​ប៉ុណ្ណោះ ទើប​មិន​នាំ​យក​បន្លា​មក​ដាក់​ក្នុង​ទ្រូង។

ចុចអានបន្ត៖ ឪពុកផ្តាំកូនស្រីថា កុំធ្វើរឿងទាំងអស់នេះឲ្យសោះពេលកូនមានស្វាមីឬសង្សារ

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម