៦ ហេតុផលធ្វើឲ្យមនុស្សស្រីលង់ស្នេហ៍បុរសម៉ឺងម៉ាត់ មិនសូវចេះនិយាយសាំញ៉ាំច្រើន

  • 2019-12-03 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ហេតុផល​ច្រើន​ណាស់ ដែល​​នាំ​ឲ្យ​មនុស្ស​ស្រី លង់​ស្រលាញ់​បុរស​ម៉ឺងម៉ាត់​មិន​សូវ​មាត់​ក ជាង​អ្នក​ដែល​ចូល​ចិត្ត​និយាយ​លេង​សាំ​ញ៉ាំ​ឥត​ប្រយោជន៍។ ដោយ​សារ​តែ​​មនុស្ស​ប្រុស មិន​​​ចេះ​និយាយ​ច្រំដែល ភាគ​ច្រើន​​​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង ចូលចិត្ត​សង្កេត គិត​ពិចារណា ច្បាស់លាស់ គួរ​ឲ្យ​ទុក​ចិត្ត អាច​រក្សា​ទំនាក់​ទំនង​ស្នេហា មិន​សូវ​មាន​មិត្ត​រញ៉េរញ៉ៃ​ ចេះ​ស្តាប់​ហេតុ​ផល រួម​ទាំង​ហេតុផល​​សំខាន់ៗ​​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​នារី​ៗ បាក់​ចិត្ត​ទប់​អារម្មណ៍​មិន​ស្រលាញ់​មិន​បាន។

១. យល់​ថា​មាន​សុវត្ថិភាព

មនុស្ស​ប្រុស​ម៉ឺងម៉ាត់ មិន​ធ្វើ​​ឲ្យ​នាង​ព្រួយ​បារម្ភ​ច្រើន​ឡើយ ព្រោះ​គាត់​មិន​ចូល​ចិត្ត​បង្ហាញ​អារម្មណ៍​ទៅ​កាន់​អ្នក​ដទៃ​ផ្តេសផ្តាស ហើយ​ក៏​មិន​ចង់​បាន​​ចំណាប់​អារម្មណ៍​​អី​ដែរ។ គាត់​ចូលចិត្ត​ធ្វើ​ច្រើន​​ជាង​​​អួតអាង​តាម​ពាក្យ​សម្តី។ នេះ​ហើយ​ទើប​ជា​ភាព​ទាក់​ទាញ​ពិតប្រាកដ ថែម​ទាំង​​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ទុក​ចិត្ត យល់​ថា​មាន​សុវត្ថិភាព​​ មិន​ខ្លាច​ក្នុង​ការ​ប្រគល់​ក្តី​ស្រលាញ់​ទៅ​ឲ្យ។

២. ស្មោះត្រង់

បុរស​ដែល​ពុំ​​សូវ​ចេះ​​និយាយ​សាំ​ញ៉ាំ ភាគ​ច្រើន​​មាន​ភាព​ស្មោះ​ត្រង់​។ គាត់​​ស្គាល់​ខ្លួនឯង​ច្បាស់ ដឹង​ពី​ចំណុច​​ខ្លាំង​និង​ខ្សោយ​​របស់​ខ្លួន​ ​ចេះ​ឲ្យ​តម្លៃ​និង​អាច​​​​ទំនាក់ទំនង​​បាន​យ៉ាង​ល្អ។ គាត់​ស្មោះ​ត្រង់​ចំពោះ​អ្វី​ដែល​កំពុង​ធ្វើ កំពុង​គិត រួម​ទាំង​ការ​ឲ្យ​យោបល់​ផង​ដែរ។ ​សម្រាប់​មនុស្ស​ស្រី​​ដែល​មាន​គំនិត​ចាស់​ទុំ នាង​​ត្រូវ​ការ​បែប​នេះ​ខ្លាំង​ណាស់ ព្រោះ​​មិន​ថា​ជា​​សង្សារ​ឬ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ក៏​ដោយ ភាព​រ៉ូមែនទិក​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​​ឡើយ។ មាន​តែ​ការ​ចេះ​ជួយ​កែ​លម្អ ផ្តល់​យោបល់​ត្រង់​ៗ​​តែ​ប៉ុណ្ណោះ ទើប​អាច​​បន្ត​ដំណើរ​ទៅ​មុខ​បាន​វែង​ឆ្ងាយ។

៣. ចេះ​ស្តាប់​ហេតុផល

តាម​ពិត​មាន​គូ​ស្នេហ៍​ច្រើន​ណាស់​ ដែល​​នៅ​ជាមួយ​គ្នា​មិន​សុខ ដោយសារ​តែ​មានៈ​មិន​ចេះ​ស្តាប់​ហេតុផល​នេះ​ឯង។ ប៉ុន្តែ​សម្រាប់​បុរស​មិន​សូវ​និយាយ​ស្តី​​វិញ​ ទោះ​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ក៏​ដោយ គាត់​នៅ​តែ​ព្យាយាម​អត់ធ្មត់ ស្តាប់​និង​ត្រិះរិះ​ ដើម្បី​រក​ដំណោះស្រាយ និង​យល់​ពី​​ដៃគូ។

៤. ច្បាស់លាស់

ពិត​ណាស់ នរណា​ក៏​ចង់​មាន​ដៃគូ​ដែល​ចេះ​លេង​សើច​សប្បាយ​រីករាយ​ដែរ ប៉ុន្តែ​ត្រូវ​មាន​ភាព​ច្បាស់​លាស់​​​មក​ជាមួយ​។ គាត់​ជា​មនុស្ស​ដែល​​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ គិត​គូ​ពី​គោលដៅ​ក្នុង​ជីវិត អាច​សាង​គ្រួសារ​ដ៏​កក់ក្តៅ​រឹង​មាំ​មួយ​។ គាត់​​ម៉ត់ចត់​ពេល​នៅ​កន្លែង​ធ្វើការ អាច​ធ្វើ​ជា​​ឪពុក​ល្អ​​ពេល​នៅ​ក្បែរ​កូន និង​មាន​ភាព​ផ្អែមល្ហែម​​ពេល​នៅ​ជាមួយ​ប្រពន្ធ។ គាត់​ហ៊ាន​ពុះពារ​គ្រប់​ឧបសគ្គ មិន​ចុះ​ចាញ់​ទន់​ជ្រាយ គ្រប់​ស្ថាន​ការណ៍​លំបាក​ក្នុង​ជីវិត។

៥. របៀប​និយាយ​ស្តី​ ស្តាប់​ទៅ​ចូល​ត្រចៀក

មនុស្ស​ប្រុស​បែប​នេះ ទោះ​​មិន​សូវ​និយាយ​ច្រើន​​ ប៉ុន្តែ​មួយ​ម៉ាត់ៗ​ចេញ​មក គួរ​ឲ្យ​ចូលចិត្ត​ចង់​ស្តាប់​ យក​ជា​ការ​បាន។ បើ​ពេល​លេង​សើច​វិញ​​ក៏​ទំនង​មិន​ភ្លាវ​ឥត​ប្រយោជន៍​ និង​ច្រំដែល​ទេ។​ គាត់​លេង​សើច​ច្រើន​តែ​ជាមួយ​មនុស្ស​សំខាន់​ក្នុង​បេះដូង​​ប៉ុណ្ណោះ​ ឯ​អ្នក​ផ្សេង​គឺ​ធម្មតា​ៗ។ ហេតុ​នេះ​ហើយ ទើប​អាច​ធ្វើ​ឲ្យ​នារី មាន​អារម្មណ៍​ពិសេស​ម្យ៉ាង​ពេល​នៅ​ក្បែរ​គាត់​។

៦. អាច​ជួយ​​​អភិវឌ្ឍ​អ្នក​​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង

គាត់​មិន​មែន​ព្យាយាម​ចង់​ផ្លាស់​ប្តូរ​អ្នក​ទេ មាន​តែ​ការ​លើក​ទឹក​ចិត្ត ជួយ​កែ​តម្រូវ​ ដើម្បី​ឲ្យ​អ្នក​​មាន​ការរី​ក​ចម្រើន​អភិវឌ្ឍ​ទៅ​មុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គាត់​មិន​បន្ថែម​សម្ពាធ​ឲ្យ​អ្នក ព្រោះ​តែ​ចង់​ផ្គាប់​ចិត្ត​ខ្លួន​​ឯង​ឡើយ​។ ផ្ទុយ​ទៅ​វិញ គាត់​តែង​តែ​នៅ​ក្បែរ​ ជួយ​ជ្រោមជ្រែង ដើម្បី​ឲ្យ​មនុស្ស​ដែល​គាត់​ស្រលាញ់ អាច​សម្រេច​ក្តី​សុបិន​ផ្ទាល់​ខ្លួន៕ ​

ចុចអានបន្ត៖ បណ្តាំ​លោក​យាយ​មក​កាន់​ចៅ​ស្រី​មុន​ពេល​​រៀប​ការ

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម