៥ជំហាន ជួយ​ឲ្យ Crush ងាក​មក​​ស្រឡាញ់​​អ្នក​វិញ​ទោះ​ភ្លាមៗ​គេ​គ្មាន​ចិត្ត​ក៏​ដោយ

  • 2019-11-27 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍​ស្រឡាញ់​មនុស្ស​ម្នាក់​មិន​អាច​ហាម​បាន​ឡើយ តែ​អ្វី​ដែល​ពិបាក​បំផុត​គឺ​ចង់​ឲ្យ​គេ​មក​ស្រឡាញ់​អ្នក​ដូចគ្នា។ អ្វី​ដែល​ត្រូវ​ដឹង​មុន​គេ​នោះ​គឺ​តម្លៃ​ និង​ភាព​សក្តិសម​របស់​អ្នក​ជាមួយ​គេ ព្រោះ​បើ​អ្នក​គ្មាន​ចំណុច​ខ្លាំង​ដែល​ទាក់ទាញ​គេ​នោះ គឺ​ពិបាក​ណាស់។ ៥​ជំហាន​ខាង​ក្រោម​នេះ​គឺ​អាច​នាំ​អ្នក​ទៅ​រក​ចម្លើយ​ដែល​អ្នក​ចង់​បាន​ពី​គេ ដូច្នេះ​អ្នក​ត្រូវ​តែ​សាកល្បង ៖

ជំហាន​ទី១. ពិនិត្យ​មើល​ពី​ខ្លួន​ឯង​ថា​សក្តិសម​​នឹង​គេ​ឬ​អត់?

យើង​មិន​អាច​ហាម​ចិត្ត​ស្រឡាញ់​អ្នក​ណា​ម្នាក់​បាន​ឡើយ តែ​មុន​នឹង​ចង់​ឲ្យ​គេ​មក​ស្រឡាញ់​អ្នក​វិញ​អ្នក​ត្រូវ​មើ​ពី​ខ្លួន​ឯង។ មើល​ថា​តើ​អ្នក​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​ឲ្យ​គេ​ទាក់ចិត្ត​លើ​អ្នក​ឬ​អត់? អ្នក​គិត​មើល​ថា​អ្នក​មាន​ចំណុច​អី​ខ្លះ​ដែល​ត្រូវ​គ្នា​ជាមួយ​គេ​ឬ​អត់? អ្នក​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ឬ​អត់? បើ​មើល​ថា​ខ្លួន​ឯង​សក្តិសម​នឹង​គេ​ហើយ​ ត្រូវ​ឈាន​ចូល​ជំហាន​ទី២ តែ​បើ​នៅ​មិន​ទាន់​ទេ​ត្រូវ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​សក្តិសមជាមួយ​គេ​សិន។

រូបតំណាង

**​ជំហាន​ទី២. ចូល​ទៅជិត​គេ**

បើ​អ្នក​មិន​ចូល​ទៅ​ក្បែរគេ​ទេ អ្នក​គ្មាន​ថ្ងៃ​ដឹង​ពី​គេ​ឡើយ។ សាកល្បង​ចូល​កៀក​គេ ដោយ​រក​លេស​និយាយ​ជាមួយ​គេ ឬ​រាប់​អាន​គេ។ ជំហាន​នេះ​អ្នក​ត្រូវ​ក្លាហាន​ជា​ចាំបាច់​ តែ​មិន​មែន​ក្លាហាន​ចូល​ទៅ​រញ៉េរញ៉ៃ​ជីវិត​គេ​ឡើយ គឺ​ត្រឹម​តែ​សាក​ស្គាល់​គេ​បន្តិច​ម្ដងៗ​ប៉ុណ្ណោះ ព្រោះ​ពេល​ខ្លះ​បន្ទាប់​ពី​ស្គាល់​គេ​អ្នក​អាច​ផ្លាស់ប្ដូរ​អារម្មណ៍​ក៏​ថា​បាន។

ជំហាន​ទី៣. បង្ហាញ​ប្រាប់​គេ​ដោយ​ប្រយោល

សាកល្បង​បង្ហាញ​ប្រាប់​គេ​ដោយ​ប្រយោល​ខ្លះៗ តែ​មិន​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ថា​គេ​ជាមនុស្ស​ដែល​អ្នក​ស្រឡាញ់​ឡើយ។ ចាប់​ផ្ដើម​ដោយ​ការ​និយាយ​បែប​លេងៗ ឬ​និយាយ​ចោល​ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។ ចាំ​មើល​សកម្មភាព​របស់​គេ​ថា​យ៉ាង​ម៉េច? បើ​គេ​នៅ​តែ​បន្ត​និយាយ​ជាមួយ​យើង នោះ​ត្រូវ​ចូល​ដល់​ជំហាន​ទី​៤។

រូបតំណាង

​ជំហាន​ទី៤. សារភាព

ជំហាន​នេះ​គឺ​មាន​សារសំខាន់​ណាស់ ព្រោះ​បើ​អ្នក​មិន​ហ៊ានសារភាព​ទេ​ អ្នក​គ្មាន​ថ្ងៃ​ដឹង​ចម្លើយ​ឡើយ។ សារភាព​ប្រាប់​គេ​ទៅ​ថា​អ្នក​ចូលចិត្ត​គេ ព្រោះ​នេះ​មិន​មាន​ន័យ​ថា​អ្នក​អន់​ឡើយ តែ​អ្នក​គឺ​ជា​មនុស្ស​ដែល​ក្លាហាន​ស្មោះត្រង់​នឹង​បេះដូង​ខ្លួន​ឯង។ ចាំ​មើល​គេ​តប​ថា​យ៉ាង​ម៉េច? បើ​គេ​យល់​ព្រម​នោះ​មាន​ន័យ​ថា​អ្នក​ជោគជ័យ​ហើយ តែ​បើ​គេ​បដិសេធន៍​ក៏​កុំ​ពិបាក​ចិត្ត ត្រូវ​ដើរ​ដល់​ជំហាន​ទី​៥។

​ជំហាន​ទី៥. រឹងមាំ

គ្រាន់​តែ​គេ​បដិសេធន៍​មិន​មែន​មាន​ន័យ​ថា​ផែន​ដី​នេះ​រលាយ​ទេ ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ត​គឺ​រឹងមាំ​ហើយ​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​គេ​ខុស​ខ្លាំង​ដែល​បដិសេធន៍​អ្នក។ ធ្វើ​ធម្មតា​ជាមួយ​គេ ហើយ​ត្រូវ​រីករាយ​ជាមួយ​ជីវិត​ខ្លួន​ឯង​ធម្មតា។ រាប់អាន​គេ​សាមញ្ញៗ ដោយ​មិន​និយាយ​ពី​រឿង​ហ្នឹង​ទៀត​ តែ​ត្រូវ​បង្ហាញ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​អ្នក​ជាមនុស្ស​ល្អ​ម្នាក់​សម្រាប់​គេ។ មិន​យូរ​ទេ​គេ​នឹង​មើល​ឃើញ​ ហើយ​ងាក​មក​ពិចារណា​លើ​អ្នក​ក៏​ថា​បាន។

រូបតំណាង

ស្នេហា​ដូចជា​ការ​ចង់​បាន​របស់​អ្វី​មួយ​ដែល​យើង​ស្រឡាញ់​អីចឹង ទាល់​តែ​ខំ​ ទាល់តែ​ដើរទៅរក​ទើប​អ្នក​អាច​បាន​វា៕

ចុចអាន៖ មនុស្ស​ប្រុស​នឹង​បាត់បង់​ការចាប់​អារម្មណ៍​ បើ​ស្រីៗ​មាន​ចំណុច​ទាំង​ ៦នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម