វិធី​​ថែរក្សា​ស្នេហា​ឲ្យ​ដល់​ថ្ងៃ​រៀបការ ទោះបី​​ដៃ​គូរស់​នៅ​ក្រៅ​ប្រទេស​ ឬ​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ

  • 2019-11-26 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជា​ច្រើន​​បាន​​អស់​ជំនឿ​ទៅ​លើ​ស្នេហា នៅ​ពេល​បាន​ឮថា​​សង្សារ​ខ្លួន​ត្រូវ​​​ទៅ​រៀន​​ ឬ​ទៅ​រស់​នៅ​​ក្រៅ​ប្រទេស។ ព្រោះ​ខ្លាច​គេ​បែក​ចិត្ត​ផង ​ឯ​គ្រួសារ​ និង​មិត្ត​សម្លាញ់​ក៏​មិន​បាន​លើក​ទឹក​ចិត្ត​ផង ថែម​ទាំង​​និយាយ​ថា​ «កុំ​ដាក់ចិត្ត​ដាក់​កាយ​ពេក ប្រយ័ត្ន​​មិន​បាន​ដូច​បំណង​ នាំ​ស្តាយ​ក្រោយ»។ ក្រោយ​ស្ដាប់​ឮ​ពាក្យ​ទាំង​នេះ​ហើយ​ ពិត​ជា​អស់​សង្ឃឹម​ ក្នុង​​ទំនាក់​ទំនង​មួយ​នោះ​ណាស់​មែន​ទេ? ប៉ុន្តែ​កុំ​បារម្ភ​ពេក​អី បើ​អ្នក​ពិត​ចិត្ត​ស្មោះ​នឹង​គ្នា​មែន មាន​វិធី​ជា​ច្រើន​ដែល​អាច​​ជួយ​ឲ្យ​ស្នេហា​អ្នក​ជោគជ័យ​​​រហូត​​ដល់​បាន​រៀប​ការ​នឹង​គ្នា។

១. ឆាត​លេង​ជា​ប្រចាំ

ត្រូវ​ចេះ​សួរ​សុខ​ទុក្ខ​គ្នា​​ រៀប​រាប់​ពី​សកម្មភាព​ប្រចាំ​​ថ្ងៃ​​ ផ្ញើ​ជា​រូប​ភាព សារ​ជា​សំឡេង វីដេអូ​ខ្លីៗ ឬ​ពេល​ខ្លះ​ត្រឹមតែ​​ពាក្យ​អរុណ​សួស្តី ឬ​រាត្រី​សួស្តី ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ប្រសើរ​ជាង​អត់​​សោះ​ដែរ។ អ្នកក៏​មិន​ចាំ​បាច់​ខាត​​ពេល​វេលា​​យូរ​​ដូច​ជា​ការ​និយាយ​ទូរស័ព្ទ​ផ្ទាល់​ដែរ។

រូបតំណាង

**​​​​​​​​​២. ពេល​​ទំនេរៗវីដេអូ​ខល​លេង**

ពិត​ណាស់​អ្នក​អាច​ទំនាក់​ទំនង​គ្នា​តាម​​រយ:​ការ​និយាយ​ទូរស័ព្ទ ប៉ុន្តែ​បើ​អ្នក​បាន​សម្លឹង​មើល​ក្រសែភ្នែក​​ និង​សកម្មភាព​គ្នា​ដោយ​វីដេអូ​ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ល្អ​​ និង​​ស្និទ្ធស្នាល​​គ្នា​កាន់​តែ​ខ្លាំង។ ប៉ុន្តែ​អ្នក​ពុំ​គួរ​ចំណាយ​ពេល​​លើស​លប់​ពេក​ទេ ​ត្រូវ​​ចេះ​ទុក​ពេល​​​ឲ្យ​គ្នា​ធ្វើ​រឿង​អ្វី​ផ្សេង ទើប​អ្នក​គ្មាន​អារម្មណ៍​ថា​​ហត់​នឿយ​ ក្នុង​​ការ​ថែរក្សា​ស្នេហា​មួយ​នេះ។

៣. ​​ចាត់​ទុក​ថា​វា​​ជា​ឧកាស​ល្អ​សម្រាប់​ពិសោធន៍​ស្នេហា

​ឃ្លាត​កាយ​តែ​កុំ​ណាយ​ចិត្ត បើ​អ្នក​ធ្វើ​បាន​មែន ​ចំណង​ស្នេហ៍​របស់​អ្នក​​មិន​ត្រឹម​តែ​រឹងមាំ​ខ្លាំង​ជាង​មុន​ ហើយ​វា​ក៏​​ជា​ការពិសោធន៍​​​ថ្មី​មួយ​ទៀត​ ដែល​អាច​បង្ហាញ​​ថា ​អ្នក​​ពិត​ជា​មាន​សមត្ថភាព​រក្សាស្នេហា ហើយ​មិន​មែន​មនុស្ស​ទាំង​អស់​​សុទ្ធ​តែ​អាច​ធ្វើ​​បាន​​។

៤. ជៀស​វាង​សកម្មភាព​គ្រោះថ្នាក់

សកម្មភាព​គ្រោះថ្នាក់​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ បាត់​​ទំនុក​ចិត្ត​លើ​គ្នា​មាន​ដូច​ជា ចេញ​ទៅ​ខាង​ក្រៅ​​ជប់លៀង ស៊ី​ផឹក​ជាមួយ​មិត្តភ័ក្ដិ​ដល់​យប់​ជ្រៅ​ពេក ចេញ​ទៅ​​ញុំាំ​អី​ជាមួយ​មិត្ត​រួម​ការងារ ឬក៏​មនុស្ស​ដែល​ធ្លាប់​ Crush ពី​មុន​មក តែ​ពីរ​អ្នក...។ ​វា​អាច​​ធ្វើ​ឲ្យ​ដៃ​គូម្ខាង​ទៀត បារម្ភ​ខ្វាយ​ខ្វល់​​ ​ព្រោះ​ខ្លាច​បាត់​បង់​រូប​អ្នក ដូច្នេះ​មុន​ធ្វើ​អ្វី​មួយ​ត្រូវ​គិត​ពី​ចិត្ត​​គេ​ខ្លះ​ផង កុំ​ធ្វើ​តែ​តាម​អារម្មណ៍​ខ្លូន​ឯង។

៥. ធ្វើ​រឿង​អី​ស្រដៀង​គ្នា

ការ​ស្តាប់​ចម្រៀង មើល​រឿង កម្មវិធី​កម្សាន្ត តាមដាន​ព័ត៌មាន ឬ​ក៏​ការ​អាន​សៀវភៅ​ដូចគ្នា​ អាច​ជួយ​ឲ្យ​អ្នក​មាន​រឿង​និយាយ​ជា​មួយ​គ្នា​បាន​កាន់​តែ​ច្រើន ហើយ​វា​ល្អ​បំផុត​ចំពោះ​គូរ​ស្នេហ៍​ដែល​មិន​រស់​នៅ​ក្បែរ​គ្នា។

៦. រក​ពេល​មក​លេង​គ្នា

ទោះ​បី​ ១​ ឬ​ ២​ ឆ្នាំ​ម្តង​ បាន​អាច​ជួប​មុខ​គ្នា​ផ្ទាល់ត្រឹម​ពេល​ដ៏​ខ្លីក៏​ដោយ ត្រូវ​តែ​ជួប​កុំ​ខាន ព្រោះ​វា​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ សូម​ត្រឹម​តែ​បានឱប​ហើយ​កាន់​ដៃ​ ក៏​មាន​អារម្មណ៍​រំភើប​ខុស​ធម្មតា​ដែរ។

រូបតំណាង

៧. មាន​គោលដៅ​ក្នុង​ចិត្ត

គ្មាន​គូរ​ស្នេហ៍​ណា​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​គ្នា​អស់​មួយ​ជីវិត​នោះ​ទេ អ្នក​ត្រូវ​​​មាន​គម្រោង​​​​​សម្រាប់​​អនាគត​ឲ្យ​បាន​​ច្បាស់​លាស់ និង​ដឹង​ពី​ពេលវេលា​​​ជាក់​លាក់​ណាមួយ ដែល​អាច​ត្រលប់​មក​រស់​នៅ​ក្បែរ​គ្នា​វិញ​ ទើប​អ្នក​ទាំង​ពីរ​មានការ​​​អត់ធ្មត់ រង់ចាំ​​​​​ថ្ងៃ​នោះ​មក​ដល់។

៨. ស្មោះ​ត្រង់​ជានិច្ច

​មាន​រឿង​អ្វី​​ត្រូវ​និយាយ​ឲ្យ​ត្រង់​ទៅ​ត្រង់​មក មិន​ត្រូវ​លាក់​ទុក​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង មិន​កុហក​​គ្នា​ដាច់ខាតចែក​រំលែក​ និង​សួរ​យោបល់​ពី​គ្នា​ រាល់​ពេល​មានបញ្ហា។

៩. ដឹង​ពី​ពេល​វេលា

​ដឹង​ថា​ពេល​ណា​គាត់​រវល់ ពេល​ណា​ទំនេរ អាច​និយាយ​គ្នា​លេង​បាន ដើម្បី​កុំ​ឲ្យ​មាន​ការ​រំខាន​ និង​ជៀសវាង​ការ​យល់​ច្រឡំ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។ ​

១០. មាន​កាដូ​​ឲ្យ​គ្នា​មុន​ពេល​ឃ្លាត

មិន​ថា​ជា​កាដូអ្វី​ក៏​ដោយ តូច​ធំ​ក្តី វា​ជា​​អនុស្សាវរីយ៍​ដ៏ល្អ​មួយ អាច​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ នឹក​រលឹក និង​ចងចាំ​គ្នា​រាល់​ពេល​ដែល​បាន​ឃើញ​វា។ ​

១១. ត្រូវ​គិត​អ្វី​ដែល​វិជ្ជមាន

ពិត​ណាស់​ការ​រង់ចាំ​នរណា​ម្នាក់ វា​ឈឺ​ចាប់​បន្តិច​មែន ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា ការ​​​ទ្រាំ​អត់​ធ្មត់​តស៊ូ​ មិន​បោះបង់​ចោល​​នូវ​ក្តី​ស្រមៃ អ្នក​នឹង​បាន​ផ្លែផ្កា​នៅ​ថ្ងៃ​ណា​មួយ ហើយ​ត្រូវ​ព្យាយាម​ឲ្យ​ដល់​ទី​បំផុត។

រូបតំណាង

បើ​អ្នក​អាច​ឆ្លង​ផុត​ដំណាក់កាល​ទាំង​អស់​នេះ​បាន អ្នក​នឹង​អាច​ឈាន​ទៅ​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​សមដូចបំណង។​

ចុច​អានបន្ត៖ ហេតុផល​ធំៗ​ ធ្វើឲ្យ​មនុស្ស​ស្រី​មាន​ចំណេះ​ដឹង​ខ្ពស់ និងឆ្លាត​​វៃ​ កាន់​តែ​ពិបាក​រក​ប្តីទៅៗ

ប្រភព៖ lifehack ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម