បំពេញ ១០​ ចំណុច​នេះ​បាន ជីវិត​​ពិត​ជា​​ជោគជ័យ​មាន​ន័យ​​ខ្លាំង​ណាស់

  • 2019-11-22 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​វេលា​ អាច​ឲ្យ​យើង​​​​ដក​ពិសោធន៍​ នៃ​រស់​ជាតិ​ជីវិត ​ហើយ​ទន្ទឹម​នឹង​ពេល​វេលា​ចេះ​តែ​ដើរ​ទៅ​មុខ អ្នក​គួរ​អភិវឌ្ឍ​ខ្លួន​ឯង ដោយ​ធ្វើការ​ផ្លាស់​ប្តូរ​ជីវិត​ឲ្យ​ខិត​ទៅ​រក​​ភាព​ជោគជ័យ​ និង​​​​អត្ថន័យ​ពិត ដោយ​​អនុវត្ត​នូវ ១០​ ចំណុច​​ខាង​ក្រោម​នេះ៖

១. ដឹង​ពី​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​​​របស់​ខ្លួន

ពិនិត្យ​មើល​ខ្លួន​ឯង ច្រើន​ជាង​ខ្វល់​ខ្វាយ​ពី​រឿង​អ្នក​ដទៃ ហើយ​ខិតខំ​កែតម្រូវ​​ចំណុច​ណា ​ដែល​អ្នក​គិត​ថា​នៅ​​ខ្វះ​ខាត​ ហើយ​ក៏​ត្រូវ​​ចេះ​ប្រើ​ចំណុច​ខ្លាំង​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​​​តាម​កាលៈទេសៈ​ផង​ដែរ។

២. ចេះ​ទុក​ដាក់​លុយ​កាក់

លុយ​ពិបាក​រក​ណាស់ ចេះ​ចាយ​ប៉ុន្តែ​ក៏​ត្រូវ​​ចេះ​​​សន្សំ​ដូច​គ្នា​ មាន​ផែន​ការ​​ច្បាស់លាស់​ទាំង​ចំណូល​និង​​ចំណាយ​​ រាយ​ក្នុង​មុខ​បញ្ជី​អ្វី​ដែល​គួរ​ទិញ​ អ្វី​មិន​គួរ ដើម្បី​កុំ​ឲ្យ​ជួប​ហានិភ័យ​ទៅ​ថ្ងៃមុខ។

៣. ដឹង​​​ពី​អ្វី​ដែល​ខ្លួន​ចូលចិត្ត

​​​​​កិច្ចការ​អ្វី​ក៏​ដោយ បើ​អ្នក​ពេញ​ចិត្ត​នឹង​ធ្វើ​វា​ អ្នក​នឹង​ទទួល​​បាន​លទ្ធផល​ល្អ ប្រសិទ្ធភាព​​ ភាព​ចម្រើន​ ឋិតថេរ​ជាង ​អ្វី​ដែល​អ្នក​ធ្វើ​​ទាំង​បង្ខំ​ចិត្ត។

៤. កុំ​ស្ទាក់ស្ទើរ

​​ធ្លាប់​ទេ​ពេល​ខ្លះ​ ចង់​ធ្វើ​អ្វី​មួយ ប៉ុន្តែ​ចាំ​មើល​​នេះ មើល​នោះ ចាំ​រហូត​ទាល់​តែ​មាន​មិត្តភ័ក្ដិ​ ឬ​​​អ្នក​ណា​​ផ្សេង​ធ្វើ​​វា​សិន ទើប​ហ៊ាន​ធ្វើ​ដែរ។ ឧទាហរណ៍​ថា អ្នក​ចង់​ដាក់​អាហារូបករណ៍​​​​​ ទៅ​រៀន​​ឯ​ក្រៅ​ប្រទេស​ ប៉ុន្តែ​អ្នក​​នៅ​​ស្ទាក់ស្ទើរ​ភ័យ​ខ្លាច ដោយ​គិត​ថា​បើ​មាន​គ្នា​​ទើប​ល្អ នេះ​បង្ហាញ​ថា​ អ្នក​គ្មាន​ជំហរ​ និង​ទំនុក​ចិត្ត ​​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​​នោះ​ទេ។ អ្នក​​ត្រូវ​​ចេះ ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចាំបាច់​ពឹង​ពាក់ និង​​រង់ចាំ​​ទង្វើ​អ្នក​ដទៃ។​

៥. អាន​សៀវភៅ​ឲ្យ​បាន​ច្រើន

​សៀវភៅ​ គឺ​ជា​ឃ្លាំង​នៃ​ចំណេះ​ដឹង ដែល​អាច​​ជួយ​​បណ្ដុះគំនិត​ត្រិះរិះ​ពិចារណា​ ​ថ្លឹង​ថ្លែង​​រក​ហេតុផល​ត្រឹម​ត្រូវ និង​អាច​យក​ទៅ​​​ប្រើប្រាស់​បាន​តាម​តម្រូវ​ការ ដូច​ពាក្យ​ចាស់​ពោល​ថា «អាន​ច្រើន​ ចេះ​ច្រើន»។

៦. រៀន​ធ្វើ​ម្ហូប

មាន​ជីវិត មាន​ការ​ហូប​ចុក ដូច្នេះ​អ្នក​គួរ​ចេះ​ពី​វិជ្ជា​ធ្វើ​ម្ហូប​ខ្លះៗ ទោះ​បី​​ជា​មិន​បាន​គ្រប់​មុខ​ក៏​ដោយ​ចុះ​ យ៉ាង​ហោច​ណាស់ អ្នក​អាច​ចម្អែត​ក្រពះ ដោយ​មិន​ចាំ​បាច់​ខ្ជះខ្ជាយ​លុយ ក្នុង​ការ​ទិញ​​ម្ហូប​ពី​ខាង​ក្រៅ ឬ​ក៏​ចូល​ហាង​ថ្លៃៗ​។

៧. ថែរក្សា​សុខភាព

សុខភាព​ពិត​ជា​សំខាន់​ណាស់ អ្នក​ត្រូវ​មាន​រាង​កាយ​មាំមួន អារម្មណ៍​ល្អ ដោយ​​ការ​ញុំា គេង ឲ្យ​បាន​​គ្រប់​គ្រាន់ និង​ធ្វើ​លំហាត់​ប្រាណ ព្រោះ​​កិច្ច​ការ​ផ្សេងៗ​អាច​ទទួល​បាន​ជោគជ័យ ​ក៏ត្រូវ​តែ​ពឹង​ផ្អែក​លើ​សុខភាព​នេះ​​ដែរ។

៨. ធ្វើ​កំណត់​ត្រា

អ្នក​មិន​ចាំ​បាច់​​កត់​​ត្រា​នូវ​សកម្មភាព​ជា​រៀង​រាល់​ថ្ងៃ​ក៏​បាន ប៉ុន្តែ​​​អ្នក​គួរ​កត់​រឿង​មិន​ល្អ​ ដើម្បី​​ទុក​ជា​មេរៀន និង​រឿង​ល្អ​ដើម្បី​ទុក​ជា​ការ​ចង​ចាំ​មួយ​ សម្រាប់​ជីវិត។

៩. ទំនួល​ខុសត្រូវ

មនុស្ស​ជោគជ័យ​តែង​តែ​ប្រកាន់​ខ្ជាប់​​នូវ​ទំនួល​ខុស​ត្រូវ​ជានិច្ច ទំនួល​ខុស​ត្រូវ​គឺ​​​នៅ​ពេល​​អ្នក​​​បាន​និយាយ​ថា​នឹង​ធ្វើ​​វា ហើយ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន មិន​មែន​ចេះ​តែ​និយាយ​ឲ្យ​តែ​រួច​ខ្លួន​នោះ​ទេ។​

១០. ចេះ​អត់ឱន​​អធ្យាស្រ័យ

​​នរណា​ក៏ចេះ​ខឹង​ដែរ ប៉ុន្តែ​​កុំ​គុំកួន​ទុក​នាំ​អំពល់​ចិត្ត​អី។ គួរ​រៀន​ចេះ​អត់ឱន អធ្យាស្រ័យកំហុស រៀន​ធ្វើ​ចិត្ត​បំភ្លេច រឿង​ដែល​បាន​កន្លង​​ហួស៕

​ព្យាយាម​​អភិវឌ្ឍ​ខ្លួន​ម្តង​បន្តិចៗ ហើយ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​ នឹង​ទទួល​បាន​ជោគជ័យ​ទៅ​ថ្ងៃ​មុខ!

ចុចអាន​បន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម