មិនថារវល់យ៉ាងណា កុំភ្លេចថែទាំសម្រស់ដោយតិចនិកទាំងនេះមុនចូលគេង
- 2019-11-21 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនថារវល់យ៉ាងណា កុំភ្លេចថែទាំសម្រស់ដោយតិចនិកទាំងនេះមុនចូលគេង
នារីៗមួយចំនួនមិនសូវបានយកចិត្តទុកដាក់ជាមួយចំណុចតូចៗក្នុងការថែរក្សាសម្រស់នោះទេ ជាពិសេស គឺនៅពេលយប់។ អ្នកខ្លះគិតថាមកពីអស់កម្លាំង អ្នកខ្លះយល់ថាគ្មានពេល តែទោះហេតុផលយ៉ាងណាក្តី អ្នកមិនគួររំលងនូវការថែទាំនូវសុខភាពស្បែក និងសម្រស់ទាំងនេះទេ៖
១. លាងសម្អាតមុខឱ្យបានស្អាត
ផ្ទៃមុខរបស់អ្នកច្រើនទទួលរងនូវធូលីដី និង កម្ទេចកម្ទីផ្សេងៗទៀតពេញមួយថ្ងៃ ពេលខ្លះថែមទាំងទទួលរងនូវកម្តៅថ្ងៃ និង ផ្សែងម៉ូតូ ឡានទៀតផងដែលសុទ្ធតែអាចបង្កជាបញ្ហាដល់ស្បែក។ លើសពីនេះទៅទៀតគឺ ការផាត់មុខអស់ពេញមួយថ្ងៃ។ ដូចនេះ អ្នកត្រូវសម្អាតផ្ទៃមុខឱ្យបានស្អាត ជាមួយទឹកលាងសម្អាតមុខ និងសាប៊ូលាងមុខបន្ថែមទើបស្អាតល្អ។
២. បិទម៉ាសមុខជាប្រចាំ
អ្នកធ្លាប់បានដឹងហើយថា តិចនិកថែរក្សាសម្រស់របស់នារីៗភាគច្រើនគឺ មិនដែលរំលងម៉ាសមុខនោះទេ។ អ្នកគប្បីឆ្លៀតពេល ១០ទៅ១៥នាទី ដើម្បីបិទម៉ាសមុនពេលចូលគេង ដូចជាពេលអ្នកចុចទូរសព្ទ ឬ មើលទូរទស្សន៍ជាដើម ព្រោះអាចចំណេញពេលសម្រាកកាយផង និងបានថែទាំសម្រស់ផង។
៣. លាបក្រែមផ្តល់សំណើមដល់បបូរមាត់ (គ្មានពណ៌)
នារីៗភាគច្រើនលាបក្រែមនៅពេលថ្ងៃ ដើម្បីជួយបន្ថែមពណ៌ស្រស់ស្អាតដល់បបូរមាត់ និងផ្ទៃមុខទាំងមូល។ យ៉ាងណាមិញ ក្រែមលាបមាត់ខ្លះធ្វើឱ្យបបូរមាត់មានសភាពស្ងួត និង អាចរបកស្បែកមាត់ទៀតផង ដូចនេះការថែទាំបបូរមាត់នៅពេលយប់ក៏មានសារៈសំខាន់ណាស់ដែរ ព្រោះវាជួយផ្តល់សំណើមដល់ស្បែកបបូរមាត់និងការពារការប្រេះស្បែកជាដើម។
៤. គ្រីមលាបភ្នែក
ការថែទាំស្បែកមុខគឺមិនអាចរំលងបរិវេណភ្នែកបាននោះទេ ជាពិសេសចំពោះនារីវ័យកណ្តាល។ ទោះបរិវេណផ្សេងនៃមុខមានភាពស្រស់ស្អាតហើយក៏ដោយ បើបរិវេណភ្នែកមានស្នាមដក់ខ្មៅ មិនស្រស់ថ្លា ឬមានសភាពស្ងួតខ្លាំងនោះ វាក៏ធ្វើឱ្យអ្នកបាត់បង់សម្រស់អស់មួយផ្នែកដែរ។ ដូច្នេះ អ្នកគួរលាបគ្រីមក្រោមភ្នែកជាប្រចាំមុនពេលគេង ហើយបើអាចបិទម៉ាសក្រោមភ្នែកបាន ២ទៅ៣ដងក្នុងមួយសប្តាហ៍ទៀតកាន់តែល្អ៕
អានបន្ត៖ ផាត់មុខរាល់ថ្ងៃ ត្រូវដឹងពីគន្លឹះ ៥ យ៉ាង ការពារមិនឲ្យរន្ធញើសរីកកាន់តែធំឡើងៗ