តើ​ពិត​ទេ ​ដែល​ស្រលាញ់​ត្រូវ​តែ​ហួង​ហែង?

  • 2019-11-19 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត​ណាស់​ ការ​ហួងហែង​ភាគ​ច្រើន​គឺ មក​ពី​ការ​ស្រលាញ់​នោះ​ឯង ទើប​បណ្តាល​ឱ្យ​មនុស្ស​ភាគ​ច្រើន​និយាយ​ថា​ បើ​ស្រលាញ់​អ្នក​ណា​ម្នាក់​ត្រូវ​តែ​ហួង​ហែង​ ត្រូវ​តែ​ខ្វាយ​ខ្វល់​គ្រប់​ពេល​ ទើប​គេ​ហៅ​ថា​ស្រលាញ់​។ តើ​មតិ​មួយ​នេះ ជា​ការ​ពិត​ឬ​យ៉ាង​ណា?

រូបតំណាង​

ការ​ស្រលាញ់​ជា​ទូទៅ តែង​មាន​លេច​ចេញ​នូវ​សកម្មភាព​ខ្វល់​ខ្វាយ បារម្ភ និង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ដៃ​គូ​របស់​អ្នក​ជា​មិន​ខាន​។ មនុស្ស​ភាគ​ច្រើន​ តែង​សម្តែង​ចេញ​នូវ​អារម្មណ៍​របស់​ខ្លួន​តាម​រយៈ​កាយ​វិការ និង​ ពាក្យ​សម្តី ដែល​កាយ​វិការ​និង​សម្តី​នោះ​ផង​ដែរ​ តែង​បង្កប់​នូវ ការ​យក​ចិត្ត​ទុក​ដាក់​ ទៅ​កាន់​មនុស្ស​​ដែល​យើង​ស្រលាញ់។ ចម្លើយ​គឺ​ស្ថិត​នៅ​លើ​ថា តើ​អ្នក​ដែល​យើង​ហួង​ហែង​ ខ្វល់​ខ្វាយ​នោះ គេ​ពេញ​ចិត្ត​នឹង​ទង្វើ​នោះ​ដែរ​ឬ​ទេ?

រូបតំណាង​

ពិត​ណាស់​ មាន​អ្នក​ខ្លះ​ជា​មនុស្ស​ចូលចិត្ត​ ការ​ថ្នាក់​ថ្នម​ ការ​បារម្ភ ការ​ហួង​ហែង ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ហើយ​ប្រាថ្នា​ចង់​បាន​នូវ​កាយវិការ​ទាំង​នោះ​ ទើប​ជឿជាក់​ថា​គេ​ស្រលាញ់ និង​ យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្លួន​ពិត​មែន។ ដូចនេះ សម្រាប់​ពួក​គាត់ អ្នក​ទាម​ទារ​បញ្ចេញ​នូវ​ទង្វើ និង សម្ដី​ដែល​បង្ហាញ​ថា​អ្នក​ពិត​ជា​ ខ្វល់​ខ្វាយ​ពី​គាត់​មែន។

រូបតំណាង​

ដោយ​ឡែក​ មាន​អ្នក​ខ្លះ​ទៀត មិន​សូវ​ពេញ​ចិត្ត​នូវ​ទង្វើ​ហួង​ហែង​ច្រើន​នោះ​ទេ ពួក​គាត់​គិត​ថា​ ការ​បញ្ចេញ​នូវ​កាយ​វិការ​ និង សម្តី​ខ្វល់​ខ្វាយ​ច្រើន គឺ​ជា​ការ​រំខាន​ និង​ មិន​ផ្តល់​សេរីភាព​ដល់​ពួក​គាត់។ ការ​ស្រលាញ់ ពេល​ខ្លះ​មិន​ចាំ​បាច់​ព្យាយាម​បង្ហាញ​ជ្រុល រហូត​ដល់​ភាគី​ម្ខាង​ទៀត​មាន​សម្ពាធ​នោះ​ទេ។ បើ​ភាគី​ម្ខាង​ទៀត​ មិន​ចូលចិត្ត​ការ​ហួងហែង​ច្រើន អ្នក​គួរ​កាត់​បន្ថយ​ហើយ​ព្យាយាម​សម្រប​តាម​គេ​វិញ។ វា​ក៏​ដូច​ជា​ ការ​ផ្តល់​ឱកាស​ដើម្បី​ឱ្យ​ពួក​គេ​រៀន​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ និង​ មាន​ម្ចាស់ការ​លើ​ខ្លួន​ឯង​ផង​ដែរ។

រូបតំណាង​

ដូច​នេះ មិន​មែន​រាល់​ការ​ហួង​ហែង គឺ​ត្រូវ​បាន​ពេញ​ចិត្ត​ដោយ​ភាគី​ម្ខាង​ទៀត​នោះ​ទេ។ ហើយ​ក៏​មិន​មែន​រាល់​ការ​ស្រលាញ់ ត្រូវ​តែ​បារម្ភ ​ខ្វល់ខ្វាយ​នោះ​ដែរ គឺ​វា​អាស្រ័យ​ទៅ​លើ​ភាគី​ដែល​អ្នក​ស្រលាញ់ ថា​តើ​គាត់​ជា​មនុស្ស​ចូលចិត្ត​ការ​ហួង​ហែង​នោះ​ឬ​ក៏​អត់ ៕

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម