ចង់​មាន​ក្ដី​សុខ រឿង​ខ្លះ​ចោល​បាន​ចោល​ទៅ កុំ​ចង់​ដឹង​គ្រប់​រឿង​ពេក

  • 2019-11-18 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មួយ​នេះ​គឺ​គ្មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​យើង​ខ្វល់ខ្វាយ​តែ​រឿង​គេ​នោះ​ឡើយ។ ដើម្បី​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​មាន​សុភមង្គល គួរ​ធ្វើ​តែ​ជា​មនុស្ស​ល្អល្មម​បាន​ហើយ កុំ​ល្អ​​ពេក។ ចេះដឹង​ល្មម​បាន​ហើយ កុំ​ដឹង​គ្រប់​រឿង​ពេក។ មនុស្ស​ស្រី​យើង​កើត​មក ល្អ​តែ​មួយ​ល្មម​រស់​បាន​ កុំ​រវល់​តែ​​គិត​ពី​អ្នក​ដទៃ​ហើយ​ភ្លេច​អាត្មា​ខ្លួន​ឯង​ឲ្យ​សោះ។​ នារី​យើង​ដឹង​រឿង​មួយ​ល្មម​បាន​ហើយ កុំ​ដឹង​គ្រប់​ជ្រុងជ្រោយ។ កុំ​រឿង​អ្វី​ក៏​ចំណាប់ អំរែក​មួយ​ណា​ក៏​ប្រឹង​រែក។ ចង់​បាន​ក្ដី​សុខ កុំ​ធ្វើ​ជា​មនុស្ស​ល្អឥត​ខ្ចោះ​ពេក។

មនុស្ស​ប្រុស​រស់​នៅ​ដោយ​ការ​ប្រើ​ខួរ​ក្បាល មនុស្ស​ស្រី​រស់​នៅ​ដោយ​ប្រើ​មនោសញ្ចេតនា។ ដូច្នេះ​នៅ​ពេល​គោរព​ស្រលាញ់​នរណា​ម្នាក់​ហើយ មនុស្ស​ស្រី​នឹង​ធ្វើ​អស់​ពី​ចិត្ត​ដើម្បី​មនោសញ្ចេតនា​មួយ​នោះ។ បើ​សម្រាប់​ស្នេហា​របស់​ខ្លួន​វិញ ប្រសិន​ជា​អាច គឺ​នាង​អាច​លះបង់​បាន​គ្រប់​បែប​យ៉ាង។ ប៉ុន្តែ​នៅ​លើ​លោក​នេះ ពេល​ខ្លះ​មិន​ឲ្យ​តែ​យើង​ជឿជាក់ ឲ្យ​តែ​យើង​ស្រលាញ់​អ្នក​ដទៃ មិន​មែន​គេ​នឹង​តបស្នង​មកវិញ​ដូច​យើង​ដែរ​នោះ​ទេ។

ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ជា​ច្រើន​ដង​ថា៖ ធ្វើ​បុណ្យឲ្យ​តែ​ច្រើន​ទៅ ទេវតា​មាន​ភ្នែក​មើល​ហើយ។ តែ​ពេល​ខ្លះ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​ជីវិត​វែង​គ្រប់គ្រាន់​ដល់​ថ្ងៃ​ដែល​យើង​មើល​ឃើញ​បុណ្យ​ទាំង​នោះ​ឬ​អត់។ ហើយ​រាល់​អំពើ​ល្អ​ដែល​យើង​ធ្វើ​ចំពោះ​គេ តើ​នឹង​បាន​ផល​អ្វី ឬ​ក៏​ពេល​ខ្លះ​បាន​ត្រឹម​ធ្វើ​បុណ្យ​រន្ទះ​បាញ់​ប៉ុណ្ណោះ? បើ​យើង​ល្អ​ដល់​ថ្នាក់​បាត់បង់​អស់​អ្វី​ពី​ខ្លួន​ តើ​ស័ក្ដិសម​ឬ​អត់?

មាន​មនុស្ស​ស្រី​ខ្លះ ប្រឹង​អស់​ពី​ខ្លួន អស់​ពី​កាយ ក៏​ដើម្បី​តែ​ចិត្ត​ស្មោះ​របស់​មនុស្ស​ប្រុស​ម្នាក់។ គេ​ព្យាយាម​ក្លាយ​ជា​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ គ្មាន​ចន្លោះ​ខ្វះខាត ដល់​ពេល​ខ្លះ​ត្រូវ​ដើរ​តួ​ជា​អ្នក​ដទៃ​ដែល​មិន​មាន​ជា​ខ្លួន​ឯង តែ​ចុង​បញ្ចប់​ក៏​ទទួល​បាន​តែ​ការ​ក្បត់​ដដែល។ សួរ​ថា​រាល់​អ្វី​ដែល​នាង​លះបង់ តើ​ស័ក្ដិសម​នឹង​ទទួល​បែប​នេះ​ឬ​អត់? ដូច​នេះ​ហើយ ធ្វើ​ល្អអ្វី​ក៏​ដោយ ក៏​មាន​កំរិត​ទៅ​បាន​ហើយ កុំ​ដល់​ថ្នាក់​បោសគូទ​ខោ​ពេក អ្នក​ដែល​ខាត​បង់​គ្មាន​អ្នក​ណា​ក្រៅ​ពី​អ្នក​ដែល​លះបង់​នោះទេ។ រឿង​ខ្លះក៏ដូច​គ្នា បើ​ទម្លាក់​បាន​ខ្លះ ក៏​ទម្លាក់​ទៅ កុំ​អោប​ក្រសោប​ពេក ព្រោះ​មិន​ប្រាកដ​ថា​ដឹង​គ្រប់រឿង​គឺ​ល្អឡើយ រឿង​ខ្លះ​ដឹង​ហើយ​មាន​តែ​នាំ​ទុក្ខដាក់​ខ្ឡួន៕

ចុចអានបន្ត៖ កម្រមានអ្នកដឹង! អាថ៌កំបាំងជាច្រើននៅពីក្រោយឯកសណ្ឋានស្រស់ស្អាតនិងការងារលើជើងហោះហើរដ៏ល្បី

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម