រឿង ៥ យ៉ាង មនុស្សស្រីរីករាយនិងមានទំនុកចិត្តខ្ពស់ មិនបណ្តោយឲ្យយាយីសុភមង្គលរបស់នាង

  • 2019-11-05 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​មើល​ទៅ​ពោរពេញ​ដោយ​ភាព​សប្បាយ​ស្រស់ស្រាយ មិន​មែន​កើត​មក​​មាន​ស្រាប់​​ជាប់​ខ្លួន​ ឬ​ដោយ​សារ​តែ​គេ​មាន​លុយ​​មាន​ជីវិត​ខ្ពង់ខ្ពស់​អី​នោះ​ដែរ។ ប៉ុន្តែ​គឺ​មក​ពី​នាង​អាច​ប្រកាន់​ខ្ជាប់​នូវ​គំនិត​វិជ្ជមាន ​ចេះ​កែប្រែ​ទុក្ខ​ទៅ​ជា​ក្តី​សុខ ទោះ​កំពុង​តែ​​ជួប​​បញ្ហា​​ ឬ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ណា​ក៏​ដោយ​។

នាង​យល់​ច្បាស់​ថា នៅ​ក្នុង​ជីវិត​មិន​អាច​ទប់​ស្កាត់​រឿង​រ៉ាវ​ទាំង​ឡាយ​មិន​ឲ្យ​កើត​ឡើង​បាន​ទេ​។ ភាព​ស្ត្រេស ការ​ព្រួយ​បារម្ភ ការ​ទទួល​រង​សម្ពាធ ភាព​បរាជ័យ និង​ក្តី​ឈឺ​ចាប់​ផ្សេងៗ សុទ្ធ​តែ​​គ្មាន​នរណា​ម្នាក់​អាច​ជៀស​ផុត។ ​មនុស្ស​ស្រី​ដែល​ជ្រើសរើស​យក​ភាព​រីករាយ​ និង​មាន​ទំនុក​ចិត្ត​ខ្ពស់​ តែងតែ​ចេះ​គ្រប់​គ្រង​ជីវិត​បាន​ល្អ និង​មិន​​បណ្ដោយ​ឲ្យ​​រឿង​ ៥ យ៉ាង​ខាង​ក្រោម​នេះ ចូល​មក​យាយី​បំផ្លាញ​ជីវិត​នាង​ដាច់​ខាត។

១. កំហុស​របស់​នាង

កំហុស​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​។ អ្វី​ដែល​​ត្រូវ​ចង​ចាំ​ទុក​​នោះ​គឺ កំហុស​​​ដោយ​មិន​បាន​ព្រាង​ទុក មិន​អាច​​វិនិច្ឆ័យ​ពី​​សន្តាន​របស់​មនុស្ស​ម្នាក់​ៗ​បាន​ទេ​។ កំហុស​ក៏​មិន​អាច​កំណត់​ពី​តម្លៃ​​របស់​អ្នក រឹត​តែ​​មិន​អាច​មក​បំផ្លាញ​សុភមង្គល​របស់​អ្នក​។ មនុស្ស​ស្រី​​មាន​ទំនុក​ចិត្ត​ខ្ពស់ សប្បាយ​រីករាយ​នឹង​រៀន​សូត្រ​ពី​កំហុស និង​ចាត់​ទុក​ជា​មេរៀន​ដ៏​ល្អ សម្រាប់​ការពារ​ខ្លួន​នា​ពេល​អនាគត។

២. ការ​គិត​របស់​អ្នក​ដទៃ​មក​លើ​នាង

មនុស្ស​​រីករាយ​ពិត​ប្រាកដ ប្រៀប​បាន​ដូច​ជា​ផ្កា​ត្រូវ​ទឹក​សន្សើម។ ទោះ​បី​​មាន​អ្នក​មិន​ចូល​ចិត្ត មាន​អ្នក​បង្អាប់​បន្ទាប​​ពី​សម្រស់ មើល​មិន​ឃើញ​​ពី​គុណ​សម្បត្តិ នាង​នៅ​តែ​មាន​ភាព​ស្រស់​បំព្រង មិន​ស្វិត​ស្រពោន​តាម​ពាក្យ​និន្ទា​របស់​អ្នក​ដទៃ។ នាង​ជឿជាក់​និង​ហ៊ាន​ទទួល​យក​ទាំង​ចំណុច​ខ្លាំង​​រួម​ទាំង​ចំណុច​ខ្សោយ​ដែល​ខ្លួន​មាន​។ ពិសេស​ខ្លាំង​បំផុត នាង​រឹង​មាំ​​និង​ដឹង​ច្បាស់​ពី​តម្លៃ​​ក្នុង​ខ្លួន ដែល​គ្មាន​ដាក់​តាំង​នៅ​ទី​សាធារណ។

៣. មិន​​​ព្រួយ​ចិត្ត​​ដេក​កើត​ទុក្ខ​ចំពោះ​អ្វី​ដែល​នាង​គ្មាន

ពេល​ក្រឡេក​មើល​​ទៅ​អ្នក​ដទៃ​ហាក់​បី​ដូច​ជា​គេ​មាន​សព្វ​គ្រប់​អស់ ប៉ុន្តែ​បើ​អ្នក​មិន​ទាន់​មាន​ដូច​គេ​ ក៏​មិន​អី​ដែរ ព្រោះ​ពេលវេលា​នៅ​វែង​ឆ្ងាយ​​​ទៀត។ ដរាប​ណា​អ្នក​​ពេញ​ចិត្ត​សប្បាយរីករាយ​នូវ​អ្វី​ដែល​ខ្លួន​កំពុង​មាន ត្បិត​មិន​ទាន់​ធុំ​ដុំ​អី​ក៏​ដោយ តែ​វា​គឺ​ជា​កម្លាំង​ចិត្ត​​​ដ៏​ធំធេង​ដើម្បី​​​​ជួយ​ជំរុញ​អ្នក​បន្ត​ដំណើរ​ឆ្ពោះ​​ទៅ​មុខ រហូត​ឈាន​ទៅ​ដល់​គោល​ដៅ​ដែល​ខ្លួន​ប្រាថ្នា​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​។

៤. ភាព​បរាជ័យ​ដែល​នាង​បាន​ឆ្លង​កាត់

​នារី​រីករាយ​មាន​ទំនុក​ចិត្ត មិន​រារែក​ពេល​ជួប​បរាជ័យ​ ហើយ​ក៏​មិន​ដែល​ចាត់​ទុក​វា​ជា​ចំណុច​បញ្ចប់​ដែរ។ សំខាន់​នាង​អាច​ពង្រឹង​សមត្ថភាព បន្ត​ភាព​រឹង​មាំ ដើម្បី​​ចាប់​ផ្តើម​សាជាថ្មី។ នាង​ជឿ​ជាក់​​យ៉ាង​មុត​មាំ​ថា បើ​​ដើរ​ដួល​​ត្រូវ​តែ​ចេះ​ងើប​ដោយ​​ថាមពល​និង​ប្រាជ្ញា​​​ នោះ​ឱកាស​នឹង​នៅ​តែ​មាន​ មិន​អស់​សង្ឃឹម​លើក​ទង់​ស​​ងាយ​ៗ​ឡើយ។

៥. វិប្បដិសារី​ក្នុង​ជីវិត​របស់​នាង

ឥលូវ​នេះ​​កំពុង​តែ​រស់​នៅ​ជាមួយ​បច្ចុប្បន្ន​កាល​ទេ​តើ ចុះ​ហេតុ​អ្វី​ត្រូវ​ស្តាយ​ក្រោយ​ ផុង​ជាប់​ជាមួយ​រឿង​អតីតកាល​នោះ? រឿង​កន្លង​ផុត​ទៅ​ហើយ មាន​វិប្បដិសារី​ ក៏​​មិន​បាន​អ្វី​មក​វិញ​ដែរ មាន​តែ​ធ្វើ​ឲ្យ​កើត​ទុក្ខ​​ព្រួយ​បារម្ភ​គ្រប់​ពេល​វេលា​។ ហេតុ​នេះ​ហើយ​កុំ​​យក​ក្តី​សុខ​និង​សុភមង្គល​របស់​អ្នក​ ទៅ​ចង​ជាប់​​ស្អិត​ជាមួយ​នឹង​បញ្ហា​អតីត​​ឲ្យ​សោះ​។

ចុចអានបន្ត៖ ពាក្យម្តាយផ្តាំ! កូនស្រីអើយ កុំត្រដរចង់បានមនុស្សប្រុសដែលគេមិនស្រលាញ់កូនអី

ប្រភព៖ Curiosity ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម