ស្ទីលស្លៀកពាក់ ៦ ប្រភេទ ដែលនារីកូរ៉េមិនដែលមើលរំលង

  • 2019-11-05 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​ជា​មនុស្ស​ស្រី​ ការ​ស្លៀកពាក់​តុប​តែង​ខ្លួន មិន​មែន​ដើម្បី​តែ​បំពេញ​ភ្នែក​និង​ចិត្ត​អ្នក​ដទៃ​នោះ​ទេ សំខាន់​អាច​ធ្វើ​​ឱ្យ​អារម្មណ៍​ខ្លួន​ឯង​ស្រស់​ស្រាយ​និង​ងាយ​ស្រួល​។ សម្រាប់​​មិត្ត​ៗ​​នារី​ ដែល​ស្រលាញ់​ចូលចិត្ត​ ស្ទីល​​សម្លៀក​បំពាក់​បែប​កូរ៉េ ​ដែល​កំពុង​តែ​ទទួល​​បាន​ការ​ពេញ​និយម​ខ្លាំង ចំពោះ​មនុស្ស​​ទូទៅ​ព្រម​ទាំង​តារា​ល្បី​ៗ​ផង​ដែរ​​ ​​អាច​ជ្រើសរើស​តាម​ ស្ទីល ៦​ប្រភេទ ដូច​ខាង​ក្រោម​នេះ​។

១. អាវ​ស្បែក

វា​ពិត​ជា​មាន​ភាព​ស្រស់​ស្អាត​ទាក់​ទាញ និង​​ជួយ​​ឱ្យ​ការ​តុប​តែង​ខ្លួន កាន់​តែ​លេច​ធ្លោ​មួយ​កម្រិត​ទៀត​។ លើស​ពី​នេះ អ្នក​ក៏​អាច​ពាក់​​វា​​​រាល់​ពេល​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​​គ្រប់​កន្លែង​ជិត​ឆ្ងាយ​ទាំង​អស់​។

២. អាវ​ខោវប៊យ

អាវ​ខោវប៊យ​មាន​ប្រជាប្រិយភាព តាំង​ពី​យូរ​ណាស់​មក​ហើយ មិន​ថា​បុរស​ឬ​នារី​ទេ​។ ថ្វី​ត្បិត​តែ​​មើល​ទៅ​សាមញ្ញ​មែន ប៉ុន្តែ​អ្នក​អាច​ពាក់​អាវ​ប្រភេទ​នេះ ជាមួយ​នឹង​សម្លៀក​បំពាក់​ច្រើន​​​ម៉ូដ​ផ្សេងៗ​គ្នា​។

៣. អាវរងា

អាវ​រងា​ពិត​ជា​មិន​អាច​ខ្វះ​បាន​ ជាពិសេស​​នៅ​ពេល​អាកាសធាតុ​ត្រជាក់។ ក្រៅ​ពី​ជួយ​​បង្កើន​ភាព​កក់​ក្តៅ វា​ក៏​​ជា​ស្ទីល​កាលីប​មួយ ដែល​មនុស្ស​គ្រប់​គ្នា តែង​ពាក់​វា ទោះ​​ក្នុង​រដូវ​មិន​សូវ​ត្រជាក់​ក៏​ដោយ​។

៤. អាវ​មាន​ក្រឡា

សម្លៀកបំពាក់​សាច់​លាត​ៗ ​ពេល​ខ្លះ​មើល​ទៅ​ដដែល​ៗ​និង​​គួរ​ឱ្យ​ធុញ​​ណាស់​  ដូច្នោះ​ហើយ​នារី​កូរ៉េ​ភាគ​ច្រើន​និយម​ពាក់​​ខោ​​ឬ​អាវ​ ដែល​មាន​ការ​ច្នៃ​ម៉ូដ​ជា​ក្រឡា​តូច​ៗ​ឬ​​ធំ​ជា​ដើម ដើម្បី​ផ្លាស់​ប្តូរ​ស្ទីល​ ឱ្យ​ប្លែក​ភ្នែក​ម្ដង។

៥. សំពត់​វែង

នារី​កូរ៉េ​យ៉ាង​ហោច​ណាស់​​ក៏​មាន​សំពត់​វែង ១-២​ ​ដែរ​​នៅ​​​ក្នុង​ទូ ព្រោះ​វា​ស័ក្ដិសម​ស្ទើរ​គ្រប់​រដូវ​ទាំង​អស់ និង​ជា​ជម្រើស​ដ៏​​ល្អ​​សម្រាប់​ អ្នក​ដែល​ស្រលាញ់​ស្ទីល​បែប​សុភាព​នារី​ ស្រស់​ស្អាត គួរ​ឱ្យ​ស្រលាញ់​។

៦. ស្បែក​ជើង​ក​វែង​​កែង​ទាប​ល្មម

ចុង​ក្រោយ​បង្អស់​ជា​ស្ទីល​ដែល​នារី​កូរ៉េ មិន​ដែល​មើល​រំលង​នោះ​គឺ ​ស្បែក​ជើង​ក​វែង​​កែង​ទាប​ល្មម។ ទោះ​ជា​​ពេល​អ្នក​ស្លៀក​សំពត់​ ខោ រ៉ូប វែង​ឬ​ខ្លី ស្បែក​ជើង​ក​វែង ពិត​ជា​ស័ក្ដិសម​ឥត​ទាស់ និង​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​​ទាន់​​សម័យ​លេចធ្លោ​​៕

ចុចអានបន្ត៖ ពេល​អត់​សម្តែងលើឆាក ក្រុម BlackPinkនិយមពាក់ស្បែកជើង ៥ ម៉ូដនេះ

ប្រភព៖ afamily ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម