ពេលអ្នកកើតអាឡែហ្សី នេះជាអ្វីដែលអ្នកគួរដឹងដើម្បីកាត់បន្ថយបានឆាប់រហ័ស

  • 2019-10-16 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជួន​កាល​រាង​កាយ​​អាច​កើត​អាឡែហ្សី​បាន​នៅ​​​ពេល​ប៉ះ​​ពាល់​នឹង​អាកាស​ធាតុ ​គ្រឿង​សម្អាង ​អាហារ ។ ​អាឡែហ្សី​ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​មាន​អារម្មណ៍​មិន​ស្រណុក​ស្រួល និង​​មិន​សប្បាយ​ចិត្ត​ឡើយ។ ​ដូច្នេះ​ហើយ កញ្ញា សូម​បង្ហាញ​ដំបូន្មាន​ខ្លះៗ​សម្រាប់​អ្នក​មាន​បញ្ហា​ទាំង​នេះ​។

១. មាន​បញ្ហា​អាឡែហ្សី​លើ​ស្បែក​មុខ

​ដំណោះ​ស្រាយ ​ដំបូង​ត្រូវ​កំណត់​អត្ត​សញ្ញាណ​ដែល​បណ្ដាល​ឲ្យ​កើត​វា​សិន។ ​ វា​អាច​មក​ពី​ការ​ប៉ះ​ពាល់​នៃ​​បំពុល​បរិយាកាស ​ទឹក​មិន​ស្អាត ​អាហារ​មាន​សារជាតិ​អាឡែហ្ស៊ី​ គ្រឿង​សម្អាង​មិន​ត្រូវ​នឹង​ស្បែក ​ជា​ដើម។ ​ ​វា​នឹង​លេច​​រមាស់​លើ​ស្បែក ​មុខ​ក្រហម​ មាន​ចំណុច​តូច​ៗ​កន្ទួល​​ជា​ដើម​។ ​ករណី​ធ្ងន់​ធ្ងរ​ជាង​នេះ ​ស្បែក​នឹង​រមាស់​បែប​ក្រហាយ​ៗ ​​ហើយ​ស្ងួត​ខ្លាំង។ លើស​ពី​នេះ ​អម​ដោយ​រោគ​សញ្ញា​ដូច​ជា ​ហើម​បបូរ​មាត់ ហើម​អណ្ដាត ​ភ្នែក​ក្រហម ឬ​រមាស់​ជា​ដើម។

-ដូច្នេះ​តើ​គួរ​ដោះ​ស្រាយ​បែប​ណា?

​​​​-ប្រើ​ប្រេង​ដូង៖ ​លាប​ប្រេង​ដូង​ធម្មជាតិ​សុទ្ធ​​ ដោយ​ម៉ាស្សា​ថ្នម​ៗ​លើ​មុខ​ប្រហែល​៥​ -​១០ ​នាទី​ហើយ​លាង​ទឹក​ចេញ​។

​-ប្រើ​ទឹក​ដោះ​គោ​ជូ៖ ​​លាង​មុខ​ឲ្យ​ស្អាត បន្ទាប់​មក​យក​ទឹក​ដោះ​ជូ​ (​គ្មាន​ជាតិ​ស្ករ) ​លាប​លើ​មុខ។ ​ម៉ាស្សា​ដោយ​ទុក​ចោល​២០​នាទី​ហើយ​លាង​ទឹក​ចេញ។

​-ប្រើ​ទឹក​អំ​បិល៖ ​ស្បែក​មុខ​របស់​អ្នក​​បាន​ចាប់​ផ្ដើម​ជា​ប្រភេទ​ប្រតិកម្ម​​និង​ស្ដើង​ហើយ។ ​ម្ល៉ោះ​ហើយ ​អ្នក​គួរ​លាង​មុខ​ដោយ​​ទឹក​អំបិល​ដែល​មាន​កំហាប់ ​​០,​៩%។ ​វា​នឹង​ជួយ​លាង​សម្អាត​មេរោគ​លើស្បែក​ព្រម​ទាំង​ការពារ​ការ​ខូច​ខាត​នៃ​ស្បែក​ថែម​ទៀត។ ​

-ប្រើ​ប្រទាល​កន្ទុយ​ក្រពើ៖ ​យក​ចាហួយ​របស់​ប្រទាល​នេះ​លាប​មុខ ហើយ​ម៉ាស្សា​ថ្នម​ៗ​ពិសេស​ត្រង់​បរិវេណ​រោល​ក្រហម។ ​ទុក​ចោល​២០​នាទី ​ហើយ​លាង​​ដោយ​ទឹក​ក្តៅ​។​

​បើ​កន្ទួល​ក្រហម​នោះ​ធ្ងន់​ធ្ងរ​​រហូត​មាន​ខ្ទុះ និង​ពង​បែក​ អ្នក​គួរ​​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ។

​២. ​ស្បែក​អាឡែ​ហ្ស៊ី​ដោយសារ​ម្ហូប​អាហារ

​វា​​មក​ពី​គ្រឿង​ផ្សំ​មួយ​ចំនួន​នៅ​ក្នុង​អាហារ ​ដែល​ធ្វើ​ឲ្យ​​កើត​អាឡែហ្សី។ ​ពេល​ម្ហូប​ផ្ទុក​ជាតិ​អាឡែហ្ស៊ី ​ប្រព័ន្ធ​​ភាព​ស៊ាំ​របស់​រាង​កាយ​នឹង​យល់​ច្រឡំ​ថា ​អាហារ​ខ្លះ​មាន​គ្រោះ​ថ្នាក់។ ​ដូច្នេះ​ហើយ ​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ផលិត​​អង្គ​បដិ​ប្រាណ​ដែល​ហៅ​ថា immunoglobulin E (IgE) ​។ ​អង្គ​បដិប្រាណ​ទាំង​នេះ​នឹង​ដើរ​តួ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​បញ្ចេញ​អ៊ី​ស្តា​មីន។ ​​ទាំង​នេះ​នឹង​បង្ក​ឲ្យ​មាន​អាឡែហ្សី​មួយ​ចំនួន​ដូច​ជា ​រមាស់ ​ហៀរ​សំបោរ ​បំពង់​ក​ស្ងួត ​ក្អួត​ចង្អោរ ​ថប់​ដង្ហើម​ជា​ដើម។ ​

ជា​រឿយ​ៗ​​អាហារ​ដែល​​ច្រើន​មាន​អាឡែហ្សី​​កើត​លើ​​មនុស្ស​ ជា​ប្រភេទ​​អាហារ​សមុទ្រ​ សណ្ដែក​ដី ​ស៊ុត ​និង​ប្រភេទ​ត្រី​មួយ​ចំនួន។ ​​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ចៀស​វាង​អាឡែហ្សីអាហារ​​គឺ​ចៀស​វាង​អាហារ​ដែល​បង្ក​ឲ្យ​មាន​ប្រតិកម្ម​រមាស់។

-ដើម្បី​ការពារ​ អ្នក​គួរ​រក្សា​ចិត្ត​នូវ​ទម្លាប់​ដូច​ជា​៖

​-ចៀស​វាង​បរិភោគ​អាហារ​ដែល​ហួស​គុណ​ភាព ​និង​មិន​សូវ​មាន​ជីវជាតិ

​-ចាក់​ថ្នាំ​ប្រឆាំង​នឹង​ប្រតិកម្ម​អាឡែហ្សី

-ប្រាប់​សាច់​ញាតិ​​​ឬ​ទៅ​ជួប​គ្រូ​​ពេទ្យ ពេល​សង្ស័យ​ថា​អាឡែហ្សី​អាហារ

​​-មាន​អនាម័យ​​ចង្រ្កាន​បាយ ចៀស​វាង​មេរោគ​បង្ក​ជា​អាឡែហ្សី​លើ​អាហារ។

៣. ប្រការ​ដែល​​មិន​គួរ​ធ្វើ ​នៅ​ពេល​ដឹង​ថា​មាន​អាឡែហ្សី​

​មិន​ថា​​អាការៈ​អាឡែហ្ស៊ី​បណ្ដាល​ឲ្យ​រមាស់​​លើ​រាង​កាយ​ឬ​មុខ ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ចៀស​វាង​រឿង​មួយ​ចំនួន​កុំ​ឲ្យ​ប្រតិកម្ម​កាន់​តែ​ធ្ងន់​ធ្ងរ។

-កុំ​ងូត​ទឹក​ក្តៅ​ខណៈ​រាង​កាយ​កំ​ពុង​រមាស់

​-កុំ​អេះ ព្រោះ​នឹង​ធ្វើ​ឲ្យ​​ការ​​រមាស់​កើន​ឡើង​និង​ជំ​រុញ​ឲ្យ​កម្រិត​​អាឡែហ្សី​​ឈាន​ទៅ​ស្ថាន​ភាព​​យ៉ាប់​យឺន

-កុំ​ប្រើ​សាប៊ូ​មាន​ផ្ទុក​ជាតិ​កាត់​ខ្លាំង ​ពិសេស​សាប៊ូ​ដុំ ដែល​បណ្តាល​​ឲ្យ​ស្បែក​ទៅ​ជា​រលាក

​-កុំ​ប្រើ​ថ្នាំ​​លេប​ផ្តេស​ផ្តាស ​គួរ​តែ​លេប​ថ្នាំ​តាម​វេជ្ជ​បញ្ជា ​​

-ករណី​អាឡែហ្ស៊ី​ធ្ងន់​ធ្ងរ ​គប្បី​​ចៀស​វាង​អាហារ​មាន​ជាតិ​ស្ករ​និង​​អំបិល ព្រោះ​ធ្វើ​ឲ្យ​គ្រឿង​ក្នុង​របស់​អ្នក​មិន​ប្រក្រតី។​​​​

​-​​​​​ចៀស​វាង​​ទទួល​ទាន​សុរា ​កាហ្វេ ​ឬ​​ជក់​បារី

​-ប្រសិន​បើ​អ្នក​កំពុង​មាន​អាការៈ​ហើម​ពោះ គួរ​កាត់​បន្ថយ​​អាហារ​ដែល​មាន​ទឹក​ច្រើន​ដូច​ជា​ស៊ុប និង​ត្រូវ​ផឹក​ទឹក​ល្មម​បាន​ហើយ​។

​​​យ៉ាង​ណា​ក៏​ដោយ ​​ឱសថ​ខាង​លើ​អាច​មាន​ប្រសិទ្ធ​ភាព​ចំពោះ​តែ​អាឡែហ្សី​ស្រាល​ៗ​ប៉ុណ្ណោះ។ ​ករណី​ធ្ងន់​ធ្ងរ ​អ្នក​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​ប្រសើរ​ជាង​នេះ​៕​​

ចុចអាន៖ ​​ គុណសម្បត្តិខ្ពស់! ជំងឺអាចកាត់បន្ថយបាន ដោយគ្រាន់តែលាងដៃ

ប្រភព៖ phunusuckhoe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម