គំនិតអប់រំចិត្តសំខាន់ៗ ដែលមនុស្សស្រីឆ្លាត តែងអនុវត្តក្នុងសង្គមទំនើប

  • 2019-10-11 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​ក្នុង​ជីវិត មាន​ទាំង​​ពេល​សប្បាយ​និង​ពេល​ទុក្ខ​សោក។ គ្រាន់​តែ​មនុស្ស​មួយ​ចំនួន ពេក​ជួប​បញ្ហា តែង​យក​ទុក្ខ​ដាក់​ខ្លួន​មិន​ព្រម​លែង។​ នេះ​ហើយជា​ឧបសគ្គ​​​បណ្តាល​ឲ្យ​អ្នក​ធ្លាក់​ទឹក​​ចិត្ត​ និង​ដើរ​យឺត​ជាង​គេ។ ក្នុង​សង្គម​ទំនើប​សម្បូរ​បែប មនុស្ស​ស្រី​ឆ្លាត មិន​អាច​​រវល់​តែ​ស្រ្តេស​​រហូត​បាន​ទេ។ ត្រូវ​តែ​ចេះ​ពី​វិធី​អប់រំ​ចិត្ត មាន​គំនិត​ចាស់​ទុំ អាច​បត់​បែន​ទៅ​តាម​ស្ថានការណ៍​លំបាក​​ៗ​រាប់​មិន​អស់​។

គំនិត​ល្អ​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ

រូបតំណាង

- គួរ​រៀន​ធ្វើ​ចិត្ត​​ឲ្យ​សប្បាយ​​ដោយ​ខ្លួន​ឯង ពុំ​ដូច្នោះ​​ទេ​គ្មាន​នរណា​​អាច​​ជួយ​ឲ្យ​អ្នក​​រីករាយ​បាន​គ្រប់​ពេល​នោះ​​ឡើយ​។

  • ប៉ុន្មាន​ដង​ហើយ​ ដែល​អ្នក​ធ្លាប់​ឈឺចាប់​ខ្វល់​ចិត្ត​ ដោយ​សារ​តែ​​ពាក្យ​សម្តី​អ្នក​ដទៃ? សួរ​ថា​តើ​ធ្វើ​បែប​នេះ បាន​អ្វី​មក​វិញ​ទៅ?

  • ប្រសិន​បើ​នៅ​តែ​ខ្លាច មិន​ហ៊ាន​ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ អ្នក​គ្មាន​ថ្ងៃ​អាច​រៀន​​និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ​​សម្រាប់​ខ្លួន​ឯង​ទេ​។

  • កុំ​ព្យាយាម​យក​ចំណុច​​ខ្សោយ​របស់​ខ្លួន ទៅ​​ប្រៀបធៀប​​នឹង​ចំណុច​ខ្លាំង​របស់​អ្នក​ដទៃ​ច្រើន​ពេក​។​គួរ​ងាក​មក​ពង្រឹង​សមត្ថភាព​ ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​ដល់​ទី​បំផុត​​។

  • គោរព​ឲ្យ​តម្លៃ​មនុស្ស​ស្មើ​ៗ​គ្នា មិន​ថា​ពួក​គេ​នៅ​កម្រិត​ខ្ពស់​ឬ​ទាប​​នោះ​​ឡើយ​។ ការ​មិន​បែង​ចែក​រើស​អើង​ទៅ​លើ​នរណា​ម្នាក់​ នឹង​ជួយ​​ឲ្យ​ចិត្ត​របស់​​អ្នក​ស្រស់​ស្រាយ​។

គំនិត​ល្អៗ​សម្រាប់​ស្នេហា

រូបតំណាង
  • ពេល​មាន​ស្នេហា​ អ្នក​អាច​សុំ​មតិ​យោបល់​ពី​មនុស្ស​ជិត​ស្និទ្ធ​បាន ប៉ុន្តែ​ដាច់​ខាត​កុំ​បណ្តាយ​ឲ្យ​គំនិត​អ្នក​ដទៃ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​បេះដូង​របស់​អ្នក។

  • ពេល​ឈឺ​ចាប់​ខ្លាំង​កុំ​បន្ទោស​​លើ​ស្នេហា គឺ​មក​ពី​អ្នក​ចូល​ចិត្ត​រំពឹង​ទុក​ខ្ពស់​ហួស​ហេតុ​ពេក​។ គ្រប់​យ៉ាង​មិន​អាច​ឋិតថេរ​​បាន​ឡើយ បើ​វា​ទៅ​ផុត​ហើយ កុំ​នៅ​ស្តាយ​​ត​ទៀត។ កុំ​នៅ​ភ័យ​ខ្លាច​ព្រោះ​តែ​អតីតកាល​មិន​ល្អ បើ​អ្នក​​ក្លាហាន​ក្នុង​ការ​ចាប់​ផ្តើម​សាជាថ្មី អ្នក​នឹង​បាន​ជួប​រឿង​ថ្មី​ល្អ​ៗ មិន​មែន​សុទ្ធ​តែ​អាក្រក់​ដូច​រឿង​ចាស់។

  • បើ​មាន​បុរស​សុំ​ស្រលាញ់​ច្រើន​នាក់​ក្នុង​ពេល​តែ​មួយ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ​មុន​សម្រេច​ចិត្ត។ ជ្រើស​រើស​​នរណា​ដែល​គិត​ថា​ស័ក្តិសម​​​នឹង​ទទួល​បាន​បេះ​ដូង​របស់​អ្នក​។

គំនិត​ល្អៗ​សម្រាប់​នៅ​កន្លែង​ធ្វើការ

រូបតំណាង
  • មិត្ត​រួម​ការងារ​ត្រូវ​តែ​មាន​ចិត្ត​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នក​ក៏​គួរ​តែ​ចេះ​ការពារ​ដើម្បី​កុំ​ឲ្យ​គេ​កេង​​យក​ផល​ប្រយោជន៍​លើ​ទឹក​ចិត្ត​ដ៏​ល្អ​របស់​​អ្នក​។

  • អ្នក​អាច​នឹង​​គិត​ថា ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​​សព្វ​ថ្ងៃ គឺ​ងាយ​ស្រួល​ថែម​ទាំង​ប្រាក់​ខែ​ច្រើន​គួរ​សម​ដែរ ប៉ុន្តែ​​ពេល​ខ្លះ​ អ្នក​បាន​មើល​រំលង ថា​តើ​វា​បាន​ផ្តល់​ឱកាស​និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​​សម្រាប់​ខ្លួនឯង​ដែរ​ទេ។

  • បើ​អ្នក​ជួប​បញ្ហា​​​ជាមួយ​នឹង​​ការងារ កុំ​ទុក​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង ត្រូវ​ស្វែង​រក​ប្រឹក្សា​ពិគ្រោះ​យោបល់​ ជាមួយ​មិត្តភ័ក្តិ​ឬ​​មនុស្ស​ចាស់​ទុំ​ដែល​មាន​បទពិសោធន៍​មុន​អ្នក ដើម្បី​ថ្លឹងថ្លែង​រក​ដំណោះ​ស្រាយ​។

  • ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​លទ្ធផល​ មាន​អំណាច​ជាង​ការ​ប្រើ​តែ​ពាក្យ​សម្តី​។ បើ​និយាយ​ឲ្យ​តែ​រួចៗ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​និង​ទំនួល​ខុស​ត្រូវ​ច្បាស់​លាស់​ទេ អ្នក​ក៏​គ្មាន​ថ្ងៃ​ស្គាល់​ភាព​ជោគជ័យ​បាន​ដែរ​ ៕​

រូបតំណាង

ចុចអានបន្ត៖ កុំចាំតែពេលទៅវត្ត មានទង្វើច្រើនយ៉ាងទៀត ដែលអ្នកអាចសាងបុណ្យកុសលរាល់ថ្ងៃ

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម