កុំចាំតែពេលទៅវត្ត មានទង្វើច្រើនយ៉ាងទៀត ដែលអ្នកអាចសាងបុណ្យកុសលរាល់ថ្ងៃ

  • 2019-10-07 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅ​មនុស្ស​ភាគ​ច្រើន ដែល​កាន់​ព្រះពុទ្ធ​​សាសនា តែង​មាន​ផ្នត់​គំនិត​មួយ​ថា ប្រសិន​បើ​ចង់​ធ្វើ​បុណ្យ​សាង​កុសល​ឲ្យ​បាន​ច្រើន មាន​តែ​ការ​ទៅ​វត្ត​​យក​ផ្កា​ថ្វាយ​ព្រះ​ឬ​​ចង្ហាន់​ប្រគេន​​ព្រះ​សង្ឃ​ជា​ដើម។

រូបតំណាង

តាម​ការ​ពិត ការ​គិត​បែប​នេះ​គឺ​ផ្ទុយ​ស្រឡះ ព្រោះ​សូម្បី​តែ​ទង្វើ​ល្អៗ​ប្រចាំ​ថ្ងៃ ដែល​ពេល​ខ្លះ​អ្នក​​មើល​រំលង​ ក៏​អាច​ជួយ​​សាង​បុណ្យ​សន្ធឹក​សន្ធាប់ ឃើញ​ផល​ភ្លាមៗ​មិន​ចាំ​ដល់​ជាតិ​​​​ក្រោយ។

  • បើ​គ្មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ទៅ​វត្ត​ក៏​មិន​អី​ដែរ អ្នក​អាច​ធ្វើ​បុណ្យ​ដោយ​ការ​រៀប​ចំ​​ចង្ហាន់​បន្តិច​បន្តួច ប្រគេន​ជា​លុយ​កាក់​ឬ​របស់​របរ​ផ្សេងៗ​ នៅ​ពេល​ឃើញ​​​ព្រះសង្ឃ​និមន្ត​បិណ្ឌ​បាត។
រូបតំណាង
  • នៅ​ពេល​​ឃើញ​នរណា​ម្នាក់​​​កំពុង​តែ​ជួប​បញ្ហា ត្រូវ​ការ​​សុំ​ជំនួយ​ពី​អ្នក កុំ​ដាច់​ចិត្ត​មើល​រំលង​ឲ្យ​សោះ​។ ទោះ​បី​​មិន​មែន​ជា​រឿង​ធំ​ដុំ សូម្បី​តែ​ការ​ជួយ​មនុស្ស​ចាស់​ដើរ​ឆ្លង​ថ្នល់ ជូន​ថវិកា​ទៅ​ឲ្យ​អ្នក​ក្រ​ខ្សត់​វេទនា ជន​ពិការ​...ក៏​បាន​បុណ្យ​មិន​ស្ទើរ​ដែរ។

  • ពេល​​មាន​នរណា​ម្នាក់​​​រងគ្រោះ​ឈឺចាប់​ ហើយ​ត្រូវ​ការ​សុំ​​មតិ​យោបល់​ពី​អ្នក ត្រូវ​​ប្រាកដ​ថា​អ្នក​បាន​ចែក​រំលែក​គំនិត​ល្អៗ​ដែល​មាន​ប្រយោជន៍ និង​មិន​បំបាក់​ទឹក​ចិត្ត ជាន់​ឈ្លី​នាំ​​ឲ្យ​រឿង​រ៉ាវ​កាន់​តែ​លេច​លង់​ជ្រៅ​​ជាង​មុន​។

  • ពេល​ទិញ​ទំនិញ​ថោក​ៗ​ឬ​តិច​តួច​ពី​អ្នក​ក្រ កុំ​ត​ថ្លៃ​ខ្លាំង​ហួស​ហេតុ​ពេក​ ព្រោះ​ប្រាក់​ចំណេញ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ជួនកាល​មិន​ស្មើ​នឹង​អ្នក​ចូល​ហាង​មួយ​ពេល​​ផង។

រូបតំណាង
  • បើ​សម្រេច​ចិត្ត​ថា​យក​សត្វ​ចិញ្ចឹម​មក​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​ ត្រូវ​មើល​ថែរក្សា​ឲ្យ​បាន​ល្អ។ ថ្វីត្បិត​តែ​ពួក​គេ​ជា​សត្វ ក៏​ត្រូវ​ការ​ភាព​កក់​ក្តៅ​ពី​​ម្ចាស់ មាន​ចំណី​អាហារ​និង​កន្លែង​ស្នាក់នៅ​ត្រឹម​ត្រូវ មិន​ខុស​ពី​មនុស្ស​ឡើយ។

  • យក​ចិត្ត​ទុក​ដាក់​ពី​សុខទុក្ខ​របស់​ឪពុកម្តាយ យាយតា ដែល​នៅ​ផ្ទះ ទិញ​នំ​ចំណី​​ដែល​គាត់​ចូល​ចិត្ត​ពិសា ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​ជា​និច្ច។

រូបតំណាង
  • អត់​ឱន​អភ័យទោស​ដល់​មនុស្ស​ដែល​បាន​ដឹង​ពី​កំហុស។

  • មាន​សណ្តាន​ចិត្ត​ល្អ​ចំពោះ​ខ្លួន​ឯង​និង​អ្នក​ដទៃ។

  • មិន​ចង​គំនុំ ​ច្រណែន​ឈ្នានីស ចិត្ត​ចង្អៀត​ និង​ប្រកាន់​គំនិត​អវិជ្ជមាន​ដាច់​ខាត។

  • ចំណាយ​ពេល ៥ នាទី ដើម្បី​ធ្វើ​ការ​តាំង​សមាធិ​ ឲ្យ​ចិត្ត​ស្ងប់។

  • បន្ត​​ទង្វើ​ល្អ​និង​ចែក​រំលែក​អំពើ​ល្អ​ទៅ​​កាន់​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន៕​

ចុចអានបន្ត៖ មនុស្ស​យើង​ពេល​ចាស់​ទៅ ស្ដាយ​ក្រោយ​រឿង​អ្វី​ជាង​គេ? ក្មេង​ៗ​គួរ​អាន​ឲ្យ​ហើយ!

ប្រភព៖ rugyim ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម