មន្តស្នេហ៍ ៥ របស់ភរិយាមហាសេដ្ឋី Mark Zuckerberg ធ្វើឲ្យស្វាមីកាន់តែឲ្យតម្លៃ ស្រលាញ់លើសដើម

  • 2019-10-01 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ស្រី Priscilla Chan ដែល​ជា​ភរិយា​របស់​​មហាសេដ្ឋី​ និង​ជា​អ្នក​ជា​គ្រប់​គ្រង​បណ្តាញ​សង្គម Facebook លោក Mark Zuckerberg មិន​ត្រឹម​តែ​បាន​ចូល​រួម​ចំណែក​​ក្នុង​កម្មវិធី​សប្បុរស​ធំ​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​មាន​​រឿង​រ៉ាវ​​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​ពុំ​សូវ​មាន​អ្នក​ដឹង​។

បន្ទាប់​ពី​រៀប​ការ​រួច​ ស្រ្តី​ជនជាតិ​ចិន​ដ៏​មាន​ទេពកោសល្យ​រូប​នេះ បាន​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​លាន់​មាត់​សរសើរ​និង​ចាប់​អារម្មណ៍​ពី​ភាព​សាមញ្ញ​ ​ព្រមទាំងភាព​វៃ​ឆ្លាត​របស់​នាង។ លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ស្រី​បាន​បញ្ចប់​ការ​សិក្សា​ ពី​សាកលវិទ្យាល័យ​ Harvard ដ៏​ល្បី​នៅ​សហរដ្ឋអាមេរិក និង​ទទួល​បាន​សញ្ញាបត្រ​​ផ្នែកវេជ្ជសាស្ត្រ​ពីសាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ (UCSF) រួម​ទាំង​​បាន​​បរិច្ចាគ​ថវិកា​រាប់​សិប​​លាន​ដុល្លារ ចូល​ទៅ​ក្នុង​​មូលនិធិ ដើម្បី​ធ្វើ​ការ​​សិក្សា​ស្រាវជ្រាវ​​លើ​ផ្នែក សុខភាព ចំណេះដឹង​និង​បរិស្ថាន។

ក្រៅ​ពី​មាន​ទឹក​ចិត្ត​ល្អ​និង​ចំណេះ​ដឹង​ខ្ពស់ នៅ​មាន​អាថ៌កំបាំង​ធំ​ៗ​មួយ​ចំនួន​​ទៀត ដែល​នាំ​ឲ្យ​ស្វាមី​របស់​អ្នក​ស្រី កាន់​តែ​ឲ្យ​តម្លៃ​ ស្រលាញ់​ខ្លាំង​លើស​ដើម​។

អ្នក​ស្រី​​បាន​បើក​សាលា​រៀន​ឯកជន​មួយ

កាល​ពី​ឆ្នាំ​មុន Priscilla បាន​សម្រេច​ចិត្ត​ បើក​សាលារៀន​ឯកជន​មួយ នៅ​​ក្នុង​ទី​ក្រុង​ Palo Alto ដែល​មាន​ឈ្មោះ​ថា The Primary School។ សាលារៀន​នេះ​គឺ​​មាន​គុណភាព​ខ្ពស់ និង​បើក​ទទួល​​​​​សិស្ស​ដែល​មាន​អាយុ​ឆាប់​ពី​ ១ខួប​កន្លះ ដល់​៧​ឆ្នាំ ឲ្យ​មាន​​ឱកាស​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ។ សិស្ស​ដែល​មាន​អាទិភាព​អាច​ចូល​រៀន​បាន លុះ​ត្រា​តែមកពី​គ្រួសារ​មាន​ចំណូល​ទាប និង​ជា​អ្នក​​រស់​នៅ​ក្នុង​​តំបន់ San Mateo។ អ្នក​ស្រី​ក៏​មាន​គម្រោង​បើក​សាលា​រៀន​ទី​២ នៅក្នុង​រដ្ឋ​​កាលីញ័រញ៉ា នា​ចុង​ឆ្នាំ​ ២០២០ ផងដែរ។

អ្នក​ស្រី​គឺ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​ឥទ្ធិពល​ ក្នុង​ចំណោម​ស្ត្រី​ខ្លាំង​ដទៃ​ទៀត​លើ​ពិភពលោក

Priscilla ត្រូវ​បាន​ទស្សនាវដ្ដី Forbes ដាក់​នាម​ឲ្យ​​ថា​ ជា​ស្រ្តី​​ដែល​មាន​អំណាច​ ក្នុង​ចំណោម​ស្រ្តី​១០០​រូប​ផ្សេង​ទៀត​ នៅ​លើ​ពិភពលោក។ ជាពិសេស​ មូលនិធិ​របស់​អ្នក​ស្រី ដែល​មាន​ឈ្មោះ​ថា Chan Zuckerberg បាន​បរិច្ចាគ​ថវិកា​ដល់​ទៅ ៧៥​ លាន​ដុល្លារ​ សម្រាប់​មន្ទីរពេទ្យ​ San Francisco។

អ្នក​ស្រី​មិន​ប្រើ​ទូរសព្ទ​នៅ​ពេល​យប់

អ្នក​ស្រី​មិន​​ប្រើ​ប្រាស់​ទូរសព្ទ​​នោះ​ទេនៅ​ពេល​យប់​មុន​ពេល​ចូល​គេង ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង។ យ៉ាង​ណា​មិញ​ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ព្រោះ​នាង​ត្រូវ​សង្កេត​តាម​ដាន​កូន​ដោយ​ប្រើ​ទូរសព្ទ។ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រពន្ធ Mark បាន​បង្កើត​ប្រអប់​មួយ ដើម្បី​ឲ្យ​នាង​អាច​ដាក់​ទូរសព្ទ​ចូល​ទៅ ហើយ​ប្រអប់​នោះ​នឹង​បង្ហាញ​ភ្លើង​ភ្លឺផ្លេក​ នៅ​ពេល​ដែល​កូន​ៗ​ភ្ញាក់​ឡើង​។ ហេតុ​នេះ​ហើយ​ វា​គឺ​ជា​ឧបករណ៍​ពិសេស​មួយ​សម្រាប់ Priscilla ដែល​អាច​ដឹង​ពី​កូនៗ ដោយ​ពុំ​ចាំបាច់​ប៉ះ​ពាល់​គ្រឿង​អេឡិចត្រូនិក​ដូច​មុន​។

អ្នក​ស្រី​គិត​គូ​ពី​អ្នក​ដទៃ ដោយ​ការ​បង្កើត​កម្មវិធី​ផ្តល់​ឱកាស​ដល់​អ្នក​ជាប់​គុក

Priscilla ជឿជាក់​ថា មាន​តែ​​កម្មវិធី​ផ្តល់​ចំណេះដឹង​ប៉ុណ្ណោះ ទើប​អាច​ផ្លាស់​ប្តួរ​ជីវិត​ដល់​អ្នក​ជាប់​គុក​ទាំង​ឡាយ។ ក្នុង​ឆ្នាំ​ ២០១៩ អ្នក​ស្រី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​គុក​មួយ​ នៅ Oklahoma និង​បង្កើត​​កម្មវិធី​មួយ​ឈ្មោះ​ថា Last Mile ដើម្បី​ពន្យល់​ណែនាំ ផ្តល់​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​ដល់​អ្នក​ជាប់​គុក ឲ្យ​មាន​ឱកាស​ល្អ​សម្រាប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ក្នុង​ជីវិត។

  • ដោយ​សារ​តែ​ការ​ចូល​រួម​ចំណែក​យ៉ាង​​​សន្ធឹកសន្ធាប់ ក្នុង​សង្គម​ធ្វើ​ឲ្យ​​គេ​ឯង​កោត​សរសើរ​អ្នក​ស្រី​មិន​ដាច់​ពី​មាត់។

  • ក្លាយ​ជា​​ប្រពន្ធ​មហាសេដ្ឋី​ល្បី​ឈ្មោះ​ខ្លាំង​យ៉ាង​ណា​ ក៏​អ្នក​ស្រី​នៅ​ប្រកាន់​ជំហរ​បែប​សាមញ្ញ មិន​អាត្មានិយម យក​ភាព​ស្អាតបាត​​ពី​ខាង​ក្នុង​ចិត្ត​ជា​ធំ។

  • មិន​ចូល​ចិត្ត​ផាត់​មុខ​​រញ៉េរញ៉ៃ​ច្រើន មិន​តុប​តែង​ខ្លួន​ទាម​ទារ​ចំណាប់​អារម្មណ៍​ ប៉ុន្តែ​នៅ​តែ​​លេច​ធ្លោ​ទាក់ទាញ​ក្នុង​ក្រសែ​ភ្នែក​ស្វាមី​និង​មនុស្ស​គ្រប់​គ្នា។

  • អ្នក​ស្រី​គឺ​ជា​និមិត្តរូប​ដែល​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​មនុស្ស​ស្រី​ដទៃ​ទៀត​បាន​ដឹង​ថា ទង្វើ​​ប្រចាំ​ថ្ងៃ ទំនួល​ខុសត្រូវ​ ទឹក​ចិត្ត ប្រាជ្ញា និង​គុណធម៌​ គឺ​ជា​តម្លៃ​ពិត​ប្រាកដ​ ដែល​មិន​អាច​ខ្វះ​បាន​៕​

ចុចអានបន្ត៖ ២២ សន្លឹកលាតត្រដាងអត្ថន័យជីវិតពិត មិនអាចប្រកែកបាន

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម