ភ្ញាក់ផ្អើលពេលដឹងអត្ថប្រយោជន៍នៃការញ៉ាំផ្លែស្រកានាគ ជាពិសេសសម្រាប់នារីៗ

  • 2019-08-16 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែ​ស្រកានាគ​​​​សម្បូរ​កាក​សរសៃ​ច្រើន​លើសលប់ ដែល​ជា​សារធាតុ​សំខាន់​​ជួយ​សម្រួល​ជាតិ​ស្ករ​ក្នុង​រាងកាយ ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ និង​រក្សា​​ទម្ងន់​ខ្លួន​ឱ្យ​នឹងនរ។ ទោះ​ជា​មាន​សារធាតុ​មាន​ប្រយោជន៍​សម្រាប់​រាងកាយ​ក៏​ដោយ គួរ​ញ៉ាំ​ផ្លែ​ឈើ​នេះ​​ក្នុង​កម្រិត​សម​ស្រប ​បើសិន​​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​ច្រើន ​ហើយ​មាន​អាការៈ​​មិន​ស្រួល គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​​បើ​ញ៉ាំ​ច្រើន​ជ្រុល​ អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​កាន់​តែ​ច្រើន​ដែល​អាច​​បង្ក​គ្រោះថ្នាក់​​បាន។

អ៊ីចឹង​ចង់​ដឹង​អត់​ថា ក្នុង​ផ្លែ​ស្រកានាគ​មួយ​ផ្លែ​មាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សុខភាព​និង​សម្រស់?

បំប៉ន​សរសៃ​សក់ ជួយ​ឱ្យ​សក់​ខ្មៅ​រលោង ទន់​ដូច​សរសៃ​សូត្រ

​​ទឹក​​​​​ស្រកានាគ​គឺ​ជា​រូបមន្ត​សម្ងាត់​មួយ​ដើម្បី​ជួយ​​​ថែរក្សា​សក់​ឱ្យ​មាន​សុខភាព​ល្អ ​ពណ៌​ឡើង​ខ្មៅ​រលើបរលោង។ វិធី​ធ្វើ​គឺ​យក​ផ្លែ​ស្រកានាគ​កិន​ឬ​ក្រឡុក​ឱ្យ​ម៉ត់ ហើយ​យក​​​មក​លាយ​ជាមួយ​ថ្នាំ​បន្ទន់​សក់​ រួច​យក​មក​លាប​លើ​សក់​ឱ្យ​បាន​សព្វ​ ទុក​ចោល​មួយ​សន្ទុះ រួច​លាង​សម្អាត​។ ធ្វើ​បែប​នេះ​​រាល់​ពេល​ប្រើ​​ថ្នាំ​បន្ទន់​ ឬ​អប់​សក់​ដើម្បី​ឆាប់​បាន​ឃើញ​លទ្ធផល។

ពន្យារ​ភាព​ចាស់​មុន​អាយុ

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ក្នុង​ផ្លែ​ស្រកានាគ​អាច​ជួយ​ថែរក្សា​ស្បែក​ឱ្យ​ឡើង​តឹង​ណែន និង​​​នៅ​ក្មេង​បាន​យូរ។ អ្នក​​ក៏​អាច​យក​ផ្លែ​ឈើ​មួយ​ប្រភេទ​​នេះ​ធ្វើ​ជា​ម៉ាស​បិទ​​មុខ​ ​ដោយ​លាយ​ជាមួយ​ទឹក​ឃ្មុំ​ដែល​ជា​រូបមន្ត​ធម្មជាតិ​ការពារ​ភាព​ចាស់​មុន​អាយុ។

​ការពារ​ការ​កើត​មុន

នៅ​ក្នុង​ផ្លែ​ស្រកានាគ​មួយ​ផ្លែ​សម្បូរ​វីតាមីន​ C ដែល​​មាន​ប្រសិទ្ធភាព​ព្យាបាល​មុន​​មិន​ថា​នៅ​លើ​មុខ ឬ​ស្បែក​ដង​ខ្លួន។ ចិញ្ច្រាំ ឬ​កិន​ផ្លែ​ស្រកានាគ​ឱ្យ​ឡើង​ជា​ល្បាយ​ខាប់ រួច​យក​មក​លាប​លើ​តំបន់​ដែល​កើត​មុន ទុក​មួយ​សន្ទុះ​សឹម​លាង​ចេញ​ជាមួយ​ទឹក​ស្អាត។ ដើម្បី​ឆាប់​​ឃើញ​លទ្ធផល គួរ​​អនុវត្ត​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ មិន​តែ​ប៉ុណ្ណោះ វិធី​ព្យាបាល​មុន​នេះ​អាច​អនុវត្ត​បាន​​គ្រប់​វ័យ មិន​ប៉ះពាល់​សុខភាព​ឡើយ។

កាត់​បន្ថយ​និង​ព្យាបាល​ស្បែក​រលាក

កិន​ផ្លែ​ស្រកានាគ​លាយ​ជាមួយ​ត្រសក់​និង​បន្ថែម​ទឹក​ឃ្មុំ​បន្តិច អ្នក​នឹង​ទទួល​បាន​ល្បាយ​ដែល​មាន​​ធាតុ​ត្រជាក់​ដូច​ជា​កន្ទុយ​ក្រពើ​ដែរ​ដែល​អាច​ព្យាបាល​ស្បែក​រលាក​បាន​យ៉ាង​ពូកែ។ វីតាមីន B3 ដែល​មាន​ដ៏​ច្រើន​លើស​លប់​ក្នុង​ផ្លែ​ស្រកានាគ​អាច​ជួយ​បន្ថែម​សំណើម​ដល់​ស្បែក​ដែល​រលាក​ខ្លោច ​និង​បន្ថយ​កម្ដៅ​ចេញ​ពី​តំបន់​ដែល​រលាក។

ថែ​រាង​មិន​ឱ្យ​ឡើង​គីឡូ

ក្រៅ​ពី​សារធាតុ​បំប៉ន​ខាង​លើ ផ្លែ​ស្រកានាគ​មាន​​កម្រិត​​ខូឡេស្តេរ៉ូល​​ទាប​បំផុត ដែល​អាច​ឱ្យ​រាងកាយ​អាច​រំលាយ​ផ្លែ​ឈើ​នេះ​បាន​យ៉ាង​ឆាប់​រហ័ស នាំ​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​មាន​សុខភាព​ល្អ។ វា​ជា​​ផ្លែ​ឈើ​ដ៏​ល្អ​ឥត​ខ្ចោះ​ដើម្បី​ជួយ​ថែរក្សា​ទម្ងន់​ខ្លួន​នៅ​ថេរ ​មិន​​ឡើង​គីឡូ​ហួស​ហេតុ។

សម្រួល​ដំណើរ​ការ​បេះដូង​ឱ្យ​មាន​សុខភាព​ល្អ

វា​ជា​ផ្លែ​ឈើ​ដែល​មាន​ថាមពល​អស្ចារ្យ​បំផុត​ដែល​ជួយ​​កាត់​បន្ថយ​ខូឡេស្តេរ៉ូល​អាក្រក់​ និង​បំពេញ​ខេឡេស្តេរ៉ូល​ល្អ​ឱ្យ​កើន​ឡើង​បន្ថែម ជួយ​ឱ្យ​បេះដូង​ដំណើរ​ការ​បាន​ល្អ​ប្រសើរ៕ ​

ចុចអាន៖ ​ ញ៉ាំទឹកក្រូចឆ្មារមួយកែវរាល់ព្រឹក អ្នកនឹងបានរាងកាយដែលមិនចេះឈឺថ្កាត់

ប្រភព៖ lifehack | healthline ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម