កំហុសស្លៀកពាក់ ៧ យ៉ាង ដែលគ្រប់គ្នាគួរជៀសវាង

  • 2019-08-09 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខំ​តម​អាហារ​ផង ហាត់ប្រាណ​ជា​ប្រចាំ​ផង ទម្រាំ​បាន​​ស្រក​ទម្ងន់ រាង​ស្អាត​​​ដូច​បំណង ប៉ុន្តែ​បើ​អ្នក​មិន​ចេះ​ពី​របៀប​ស្លៀកពាក់​ឲ្យ​ត្រឹម​ត្រូវ​ទេ​នោះ​ ភាព​ទាក់​ទាញ​នឹង​បាត់​អស់​រលីង​គ្មាន​សល់។ សម្លៀក​បំពាក់​ជា​ផ្នែក​មួយ​ ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត និង​បុគ្គលិកលក្ខណៈ​របស់​អ្នក។ ហេតុ​នេះ​ហើយ គួរ​ជៀសវាង​នូវ​កំហុស​ស្លៀកពាក់ ៧​ យ៉ាង​ដូច​ខាង​ក្រោម​នេះ​។

១. សំពត់​ផាយ​ធំ​ពេក

ទម្រង់​សំពត់​ដែល​មាន​ផាយ​ធំ​ពេក អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូបរាង​របស់​អ្នក។ គួរ​ជ្រើស​រើស​សំពត់​ដែល​ប៉ោង​តិចៗ ស្រប​ជាមួយ​ត្រគាក​ គ្មាន​ក្រឡា​​ឬ​រូប​សាំញ៉ាំ​ បើ​មាន​ផ្ទៃ​លាត​កាន់​តែ​ល្អ។

២. ខោ​មាន​ក្រឡា​កាត់ទទឹង​​រញ៉េរញ៉ៃ

​ខោ​ប្រភេទ​នេះ អាច​ធ្វើ​ឲ្យ​រូប​រាង​របស់​អ្នក​មើល​ទៅ​ឃើញ​ធំ​ជាង​ធម្មតា ប៉ុន្តែ​បើ​អ្នក​ស្រលាញ់​ម៉ូដ​ក្រឡា អាច​ពាក់​ខោ​ដែល​មាន​ឆ្នូត​បណ្តោយ​វិញ​ប្រសើរ​ជាង​។ ហើយ​បើ​មិន​ចូល​ចិត្ត​រញ៉េរញ៉ៃ​ទេ គួរ​ជ្រើស​រើស​ខោ​មាន​ផ្ទៃ​លាត និង​រើស​ពណ៌​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ​ ។

៣. ម៉ូដ​ច្រើន​ស្អេកស្កះ

ម៉ូដ​រំភាយ ដេរ​ក្រណាត់​ច្រើន​ជាន់​ ស៊ុលគឃុល​ មើល​ទៅ​ពិត​ជា​ស្អេក​ស្កះ​មិន​ស័ក្តិសម​ឡើយ​។ សម្លៀក​បំពាក់​ដែល​ទាន់​សម័យ​ គឺ​មាន​ម៉ូដ​បែប​​សាមញ្ញ​ៗ​​ មាន​រូត​​តិច​តួច អាច​បញ្ចេញ​រូបរាង និង​មិន​​​ឆាប់​សាំ​ភ្នែក​។

៤. សម្លៀក​បំពាក់​មាន​រូប​កាត់​ទទឹង​ខ្លួន

ស្ទីល​មួយ​នេះ​ នាំ​ឲ្យ​ដង​ខ្លួន​របស់​អ្នក​មើល​ទៅ​មាន​សភាព​រីក​ធំ​ជាង​មុន​ ហើយ​បើ​ពាក់​ជាមួយ​ស្បែក​ជើង​មាន​ចង​ខ្សែ​វែង​ទៀត នឹង​ធ្វើ​ឲ្យ​ឃើញ​កម្ពស់​កាន់​តែ​ទាប។ អ្នក​អាច​ពាក់​អាវ​ក​ស្រួច ជាមួយ​សំពត់​មាន​ឆែក​កណ្តាល​បន្តិច និង​ស្បែក​ជើង​ពណ៌​ស៊ី​ជាមួយ​ស្បែក ទើប​មើល​ទៅ​ឃើញ​ខ្ពស់​ស្លីម​ស្អាត។

​​៥. រ៉ូប​ក​ខ្ទះ

វា​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ឃើញ​ធាត់​ជាង​គីឡូ​ពិត​ទៅ​ទៀត ប៉ុន្តែ​​បើ​អ្នក​ពាក់​រ៉ូប​ ក​ស្រួច វាល​ក្លៀក គឺ​ប្រាកដ​ជា​ស្រស់​ស្អាត​ទាក់​ទាញ​ជាង​។ គួរ​ជៀស​​ម៉ូដ​រ៉ូប​ដែល​មាន​​បត់​ប្លី​ច្រើន​ជាន់ និង​មិន​អាច​បង្ហាញ​ទម្រង់​ចង្កេះ។

​​​៦. ពណ៌​ស្រស់​ពេក

ខោអាវ​ពណ៌​ស្រស់​ឆើត មិន​អាច​ជួយ​បិទ​បាំង​ចំណុច​ខ្វះ​ខាត​លើ​ដង​ខ្លួន​បាន​ទេ។ ប្រៀបធៀប​តែ​រូប​ភាព​ទាំង​ពីរ​ខាង​លើ​ក៏​ដឹង​ដែរ គ្រាន់​តែ​ពណ៌​ខុសគ្នា​អាច​ធ្វើ​ឲ្យ​ដង​ខ្លួន​​មើល​ទៅ​តូច​ជាង​មុន។​ ជាពិសេស​គឺ​​ខោ ថ្វី​ត្បិត​តែ​មាន​ពណ៌​ខ្មៅ​ដូច​គ្នា​ ប៉ុន្តែ​បើ​ម៉ូដ​មិន​ទំនង ទោះ​បី​ថ្លៃ​ប៉ុនណា​ក៏​ស្លៀក​មិន​សម​ដែរ។

៧. ជ្រើសរើស​ខោ​ខោវប៊យ​ខុស

​ចង់​ជ្រើសរើស​ខោ​ខោវប៊យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ កុំ​​មើល​រំលង ៤ ចំណុច​ដូច​ជា៖

  • ល​មើល​សិន កុំ​ចេះ​តែ​ទិញ​ផ្តេសផ្តាស ឃើញ​សម​នឹង​រូប​រាង​ចាំ​សម្រេច​ចិត្ត។

  • ជ្រើស​រើស​ទំហំ​មិន​រឹប​ពេក​ ឬ​រលុង​ពេក ដើម្បី​ឲ្យ​មាន​ផាសុកភាព​នៅ​​ពេល​ស្លៀក។

  • ពណ៌​ក្រមៅ​​ជា​ពណ៌​ដែល​ត្រូវ​ប៉ាន់ ទាន់​សម័យ​និង​ងាយ​ស្រួល​ក្នុង​ការ​ស្លៀក​ជាមួយ​សម្លៀក​បំពាក់​ផ្សេង​ទៀត​។

  • ពិនិត្យ​មើល​គុណភាព ហោប៉ៅ និង​សាច់​ក្រណាត់ ទោះ​ជា​អ្នក​ទិញ​នៅ​ហាង​ក៏​ដោយ​៕

ចុចអានបន្ត៖ លែង​ចាញ់​បោក​ហើយ! ៦​វិធី​មើល​ឲ្យ​ដឹង​ថា​កាបូប​ប្រ៊េន​ពិត​ ឬ​ក្លែងក្លាយ មុន​ទិញ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម