ទុក​កូន​២​ខួប​ចោល ទៅ​ធ្វើ​សក់ មក​វិញ​ ម្ដាយ​ឃើញ​កូន​ធ្លាក់​ពី​លើ​ជាន់​ទី​៣១

  • 2019-08-06 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់​ពី​ហេតុការណ៍ ទារក​ធ្លាក់​ពី​លើ​ខុន​ដូ​ជាន់​ទី​៣១​នេះ​មក នារី​ជា​ម្ដាយ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ភ្លាម​ៗ។ បណ្ដាញ​ព័ត៌មាន​ចិន​បាន​រាយការណ៍​ថា នៅ​ទីក្រុង Zhuhai ខេត្ត Guang Dong នារី​ម្នាក់ ក្រោយ​ពេល​ឃើញ​កូន​ប្រុស​អាយុ​២​ខួប​របស់​ខ្លួន​គេង​លក់​ហើយ អ្នក​​ម្ដាយ​ក៏​សម្រេច​ចិត្ត​ទុក​កូន​ចោល​នៅ​ផ្ទះ​ម្នាក់​ឯង ហើយ​ទៅ​ធ្វើ​សក់​របស់​ខ្លួន។

២​ម៉ោង​ក្រោយ​មក អ្នក​​ម្ដាយ​រូប​នេះ​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ នៅ​ជាន់​ទី​៣១ នៃ​ខុនដូ​មួយ តែ​មិន​បាន​ឃើញ​វត្តមាន​កូន​ប្រុស​របស់​ខ្លួន​ឡើយ។ នាង​បាន​សង្កេតឃើញ​ថា បង្អួច​នៃ​ខុន​ដូ​បាន​បើក​ចោល តែ​មិន​ឃើញ​កូន​នៅក្នុង​ផ្ទះ​ឡើយ។ នាង​ក៏​រត់​ចុះ​ទៅ​ក្រោម​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ។

ប្រហែល​មួយ​ម៉ោង​ក្រោយ​មក គេ​ក៏​ប្រទះ​ឃើញ​សព​ដែល​បែក​ខ្ទេចខ្ទី​នៅ​ព្យួរ​លើ​របង​នៃ​ខុនដូ។ ក្រោយ​ពេល​ឃើញ​បែប​នេះ អ្នក​​ម្ដាយ​ហាស្ដី​អ្វី​មិន​ចេញ ព្រោះ​មិន​ជឿ​ថា ខ្លួន​ទៅ​តែ​២​ម៉ោង​ ក៏​បណ្ដោយ​ឲ្យ​ស្លាប់​កូន​បែ​ប​នេះ។ លទ្ធ​ផល​វិនិច្ឆ័យ​បឋម​បាន​បង្ហាញ​ថា ទារក​នេះ​ក្រោយ​ពេល​ភ្ញាក់​ពី​ដេក ក៏​វាល​ទៅ​រក​ម្ដាយ តែ​មិន​ឃើញ​ក៏​វាល​ចេញ​ក្រៅ​បង្អួច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​មក។ ទោះ​បី​ជា​គ្រាន់​តែ​អចេតនា​ក៏​ដោយ តែ​អ្នក​ម្ដាយ​ខាង​លើ ក៏​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លូន​បញ្ជូន​មក​ប៉ុស្តិ៍​ប៉ូលិស​សាកសួរ។

ទន្ទឹម​នឹង​គ្នា​នោះ​ដែរ អ្នក​​ម្ដាយ​រូប​នេះ ក៏​ត្រូវ​គេ​រិះគន់​យ៉ាង​ខ្លាំង ព្រោះ​ដោយ​សារ​តែ​ចង់​ធ្វើ​ខ្លួន​ឲ្យ​ស្អាត ហ៊ាន​បណ្ដោយ​ឲ្យ​កូន​នៅ​ម្នាក់​ឯង៕

ចុចអាន៖ ​​ រលក​សិប្បនិមិត្ត​ស្រាប់​តែ​ក្លាយ​ជា​រលក​ស៊ូណាមិ ធ្វើ​ឲ្យ​មនុស្ស​បាក់​ជើង សួន​ទឹក​ត្រូវ​បិទ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម