រូបភាពដែលអ្នកមើលឃើញមុនគេ អាចបង្ហាញច្បាស់ៗ ពីអាថ៌កំបាំងនៅក្នុងខ្លួន
- 2019-07-18 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពដែលអ្នកមើលឃើញមុនគេ អាចបង្ហាញច្បាស់ៗ ពីអាថ៌កំបាំងនៅក្នុងខ្លួន
អ្វីដែលអ្នកបានមើលឃើញមុនគេ នៅក្នុងរូបមួយផ្ទាំងខាងក្រោមនេះ អាចឆ្លុះបញ្ចាំងពីគំនិតដែលមាននៅក្នុងខ្លួនរបស់អ្នក។ ដោយសារតែវាមានបង្កប់លាយឡំជាមួយនឹងរូបភាពជាច្រើនផ្សេងទៀត ដូច្នេះហើយ រូបណាដែលអាចទាក់ភ្នែកអ្នកបំផុតនោះ វានឹងបង្ហាញ ពីអាថ៌កំបាំងផ្សេងៗគ្នាទៅតាមរូបនិមួយៗ។
សាកសម្លឹងមួយខ្វាច់សិន តើអ្នកមើលឃើញអ្វីមុនគេ? រួចចាំទៅតាមដានចម្លើយទាំងអស់គ្នា។
១. មុខ
មិនខុសពីរូបមុខនេះប៉ុន្មានទេ អ្នកព្យាយាមកសាងខ្លួនដូចជារូបផ្គុំ ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះដឹងថាខ្លួនមានចំណុចខ្វះខាត ប៉ុន្តែអ្នកនៅតែខំប្រឹងអភិវឌ្ឍទៅមុខបន្តិចម្តងៗ មិនរាថយ រហូតបានអាចជារូបរាងពេញលេញ។ បំណែកដែលអ្នកបានផ្គុំចូលគ្នា ដើម្បីឲ្យពិភពលោកបានឃើញ ចែកចេញជា២ផ្នែកដូចជា៖
ផ្នែកខាងក្រៅរួមមាន៖ សម្លៀកបំពាក់ របៀបតុបតែងខ្លួន គ្រឿងលម្អ ទ្រព្យសម្បត្តិ ការងារ មិត្តភ័ក្តិ រួមទាំងដៃគូនៅក្បែរខ្លួន។
ផ្នែកខាងក្នុងរួមមាន៖ ជោគជ័យដែលអ្នកទទួលបាន បទពិសោធន៍ តម្លៃ កិត្តិយស ទេពកោសល្យ និងការចងចាំទុកជាមេរៀនជិវិត។
អ្នកប្រឹងប្រែង ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីទទួលបាននូវលទ្ធផលដូចបំណង និងអាចបង្ហាញឲ្យគេឯងដឹងថា អ្នកជានរណាពិតប្រាកដ កុំចេះតែចង់មកមើលងាយផ្តេសផ្តាស។ យ៉ាងណាមិញ អ្នកអាចឈានទៅដល់គោលដៅដែលខ្លួនប្រាថ្នា លុះត្រាតែមិនខ្វល់នឹងសម្តីអ្នកដទៃផ្លុំត្រចៀកច្រើនពេក។
២. ខួរក្បាលឬដើមឈើ
អ្នកជាមនុស្សដែលចង់ឲ្យចំណេះដឹង រីកលូតលាស់ទៅមុខដូចជាដើមឈើអីចឹង។ អ្នកពូកែឆ្ងល់ណាស់ ហើយតែងតែចង់រៀនចង់យល់ដឹងបន្ថែម កាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ឲ្យតែរឿងណាដែលថ្មីប្លែក និងត្រូវការស្រាវជ្រាវ អ្នកមិនដែលមើលរំលងទេ។ អ្នកប្រៀបបាននឹង បាតុភូតអរូបី ពូកែទ្រឹស្តី និងមានអាថ៌កំបាំងគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលអ្នកដទៃមិនអាចដឹងអស់។ បើនិយាយពាក់ព័ន្ធនឹងរឿងចិត្តសាស្រ្តវិញ អ្នកឆាប់យល់ការខ្លាំងណាស់។ រាល់ពេលធ្វើអ្វីមួយ អ្នកមិនដែលសន្និដ្ឋាន ដោយគ្មានភស្តុតាងជាក់លាក់ទេ។ អ្នកដទៃចង់គិតយ៉ាងម៉េច ក៏អ្នកមិនទៅខ្វល់ខ្វាយជាមួយដែរ។ អ្នកផ្តោតសំខាន់តែលើគោលដៅ ដែលចង់ទៅដល់។ ទោះជាបែបនេះក្តី នៅលើវិថីមួយដែលអ្នកបានជ្រើសរើសធ្វើដំណើរ ត្រូវតែមានដែនកំណត់ត្រឹមត្រូវ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពុំដូច្នោះទេ អ្នកនឹងនៅវិលវល់ជាមួយមហិច្ឆតា។
៣. ទេសភាពនិងបក្សី
អ្នកមិនមែនជាមនុស្ស ដែលបណ្តោយឲ្យគេមកលេងសើចឬលាបពណ៌ផ្តេសផ្តាសឡើយ។ អ្វីដែលអ្នកផ្តោតសំខាន់បំផុតនោះ គឺសេរីភាព និងស្គាល់ពីពិភពលោកឲ្យបានច្បាស់ជាងនេះ។ ពេលខ្លះអ្នកគិតថា ខ្លួនឯងដូចជាមិនស័ក្តសមនឹងកន្លែងដែលកំពុងនៅសព្វថ្ងៃ ទើបបានជាចង់ហោះហើរទៅកាន់ពិភពស្រស់បំព្រងថ្មីមួយទៀត។ អ្នកក៏មិនចូលចិត្តនៅមួយកន្លែងស្ងៀមទ្រឹងដែរ ព្រោះអ្នកតែងចង់សាកល្បងគ្រប់រសជាតិខុសៗគ្នា។ អ្នកមិនសូវចេះពិបាកចិត្តកើតទុក្ខប៉ុន្មានទេ គឺចូលចិត្តកម្មវិធីជប់លៀងជុំគ្នា និងភាពសប្បាយរីករាយស្រស់ស្រាយ។ ធម្មជាតិគឺជាមិត្តដ៏ល្អរបស់អ្នក។ អ្នកឲ្យតម្លៃលើបទពិសោធន៍ច្រើនជាងចំណេះដឹង។ អ្នកចូលចិត្តមានដំណើរកម្សាន្តសម្រាកលំហែកាយពេលថ្ងៃឈប់សម្រាក។ ត្បិតថាអ្នកជាមនុស្ស ពូកែសប្បាយ ចង់បានចំណីអារម្មណ៍ថ្មីប្លែកក៏ដោយ ក្នុងទំនាក់ទំនងស្នេហា ត្រូវចេះរៀនថែរក្សាឲ្យបានគង់វង្ស ព្រោះរបស់ខ្លះ ពេលបាត់បង់ទើបអ្នកដឹងថា វាមានតម្លៃនិងសារសំខាន់ធំធេងយ៉ាងណា៕
ចុចអានបន្ត៖ អ្នកកើតក្នុងថ្ងៃទាំង ៤ នេះ ជាមនុស្សមានលាភសំណាងធំទៅថ្ងៃមុខ