អរគុណ​ប្រុស​ក្បត់! អ្នក​ធ្វើ​ឱ្យ​ខ្ញុំ​រឹង​មាំ និង​មើល​អ្នក​ដួល​យ៉ាង​ពេញ​ចិត្ត

  • 2018-10-28 05:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​ប្ដី​ប្រពន្ធ​ទោះ​រៀបការ​ហើយ​ក៏​មិន​ទាន់ អាច​ចាត់​ទុក​ថា​ជា​​ជោគជ័យ​ ឬ​ហៅ​ថា Happy Ending ដូច​ក្នុង​ភាពយន្ត​បាន​ដែរ។ អ្នក​ទាំង​ពីរ​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​ជា​ច្រើន​ដែល​អ្នក​មិន​ធ្លាប់​ជួប​ កាល​ពី​ពេល​នៅ​លីវ បន្ទុក​កាន់​តែ​ច្រើន បញ្ហា​ស្មុគស្មាញ​ក៏​នឹង​ចូល​មក​មិន​ចេះ​នោះ​ដែរ។

រូបតំណាង

ដូច​សាច់​រឿង​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ និយាយ​ពី​ប្ដី​ប្រពន្ធ​មួយ​គូ ដែល​ខាង​ប្ដី​ស្រាប់​តែ​ចុះ​ចោល​ប្រពន្ធ​ទៅ​មាន​ស្រី​ថ្មី​ដោយ​មិន​ខ្វល់​ខ្វាយ​ពី​ប្រពន្ធ និង​កូន​ប្រុស។ គេ​ទៅ​ចោល​នាង​ដោយ​មិន​បាន​ផ្ដល់​ប្រាក់​សូម្បី​មួយ​សេន​ផ្គត់ផ្គង់​កូន​ប្រុស​អាយុ​៥​ឆ្នាំ​របស់​ពួក​គេ។

​ថ្ងៃ​មួយ​កូន​ប្រុស​​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ត្រូវ​ការ​ប្រាក់​ច្រើន​ដើម្បី​ព្យាបាល ប៉ុន្តែ​នាង​គ្មាន​ប្រាក់​ឡើយ។ នាង​ក៏​សម្រេច​ចិត្ត​ទៅ​រក​អតីត​ប្ដី​របស់​នាង ដើម្បី​សុំ​ប្រាក់​ខ្លះ​ ព្រោះ​យល់​ថា​ជា​កូន​រួម​គ្នា។ ប៉ុន្តែ​អតីត​ប្ដី​របស់​នាង​បែរ​ជា​ឆ្លើយ​ថា "ខ្ញុំ​គ្មាន​ប្រាក់​ទេ! លុយ​ទាំង​អស់​ខ្ញុំ​យក​ទៅ​បណ្ដាក់​ទុន​រក​ស៊ី​អស់​ហើយ!”

ទឹក​ចិត្ត​ជា​ម្ដាយ មិន​អាច​ឈរ​មើល​កូន​ឈឺ​ ហើយ​មិន​អាច​ព្យាបាល​បែប​នេះ​បាន​ទេ។ នាង​បាន​ខំ​ប្រឹង​ធ្វើ​ការ​រក​លុយ​កើន​មួយ​ទ្វេ​ជា​បី​ ដោយ​មិន​គិត​យប់​ថ្ងៃ ឈឺ​ជា ហើយ​ចុង​ក្រោយ​កូន​ប្រុស​របស់​នាង​ក៏​បាន​ជា​សះ​ស្បើយ ចំណែក​នាង​ក៏​ជោគ​ជ័យ​ក្នុង​ការងារ​ ព្រោះ​តែ​ការ​ឈឺ​ចាប់ និង​ការ​មើល​ងាយ​មើល​ថោក​របស់​អតីត​ប្ដី​របស់​នាង រហូត​អាច​ទិញ​បាន​ផ្ទះ​ថ្មី​មួយ ឱ្យ​កូន​រៀន​សាលា​ថ្លៃៗ​នឹង​គេ។

រឿង​នឹក​ស្មាន​មិន​ដល់ ​ថ្ងៃ​មួយ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ នាង​និង​កូន​បាន​ឃើញ​បុរស​ម្នាក់​អង្គុយ​ដូច​អ្នក​សុំ​ទាន​នៅ​លើ​បង់​មួយ និង​បាន​ស្រែក​ហៅ​ឈ្មោះ​នាង ប្រាប់​ថា​គេ​ជា​អតីត​ប្ដី​របស់​នាង។ គេ​បាន​សុំ​ប្រាក់​នាង​ខ្លះ និង​ប្រាប់​ថា​ក្រុមហ៊ុន​របស់​គេ​ក្ស័យ​ធុន ហើយ​ផ្ទះ​ក៏​ត្រូវ​គេ​រឹប​អូស​ព្រោះ​ជំពាក់​បំណុល​គេ​ដែរ។

នាង​មិន​បាន​សើច​ចំអក​អី​ទេ ​គ្រាន់​តែ​ប្រាប់​ថា "ខ្ញុំ​គ្មាន​ប្រាក់​ទេ! លុយ​ទាំង​អស់​ខ្ញុំ​ប្រឹង​រក​ ហើយ​ចំណាយ​ទៅ​លើ​ការ​រៀន​សូត្រ​របស់​កូន​អស់​ហើយ!” រួច​ក៏​ដឹក​ដៃ​កូន​ដើរ​ចេញ​ទៅ!

រូបតំណាង

ពិត​មែន​ហើយ ជីវិត​ពិត​ជា​មើល​មិន​ឃើញ​មែន ​ថ្ងៃ​នេះ​បាន​សុខ មិន​ប្រាកដ​ថា​ថ្ងៃ​ស្អែក​បាន​សុខ​ដែរ​នោះ​ទេ។ ទាន់​ពេល​វេលា​នៅ​មាន គួរ​តែ​ចំណាយ​លើ​មនុស្ស​ដែល​ស្រលាញ់​យើង​ឱ្យ​បាន​ច្រើន​ជា​ជាង​ទៅ​ប្រើ​លើ​ផ្លូវ​ខុស ឬ​មិន​ឱ្យ​តម្លៃ​អ្នក​ដែល​ធ្លាប់​រួម​ទុក្ខ​និង​សុខ​ជាមួយ​យើង​ ហើយ​ទៅ​រក​សុខ​តែ​ម្នាក់​ឯង ចុងក្រោយ​ប្រយ័ត្ន​ដូច​បុរស​ខាង​លើ​នេះ!

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម