ជា​អ្នក​មាន​ប៉ុណ្ណា ក៏​ត្រូវ​បង្រៀន​កូន​តាម​បែប​អ្នក​​ក្រ (មេរៀន​ដែល​​​ឪពុក​ម្ដាយ​​ត្រូវ​ចាំ)

  • 2018-09-04 09:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​មួយ ខ្ញុំ​បាន​នាំ​​កូន​ទៅ​ទិញ​ប៊ិច​ខ្មៅ​ដៃ។ កូន​ខ្ញុំ​ចង់​បាន​ប្រអប់​ខ្មៅ​ដៃ​ដែល​មើល​ទៅ​ទំនើប​និង​ថ្លៃ​បំផុត ប៉ុន្តែ​ខ្ញុំ​ក៏​ទិញ​អា​ធម្មតា​ដែល​អាច​ប្រើ​ការ​បាន​ដូច​គ្នា​ឲ្យ​គាត់ គាត់​ក៏​ធ្វើ​មុខ​ង៉ក់ង​ភ្លាម។ សូម្បី​តែ​បន្ទាត់​ក៏​គាត់​ចង់​បាន​​បែប​ក្បូរក្បាច់ តែ​ខ្ញុំ​ក៏​ឲ្យ​យក​អា​ធម្មតា​ដែល​ប្រើ​បាន​ដូច​គ្នា។ មុខ​គាត់​ក៏​កាន់​តែ​ក្រញូវ​ទៅ​ទៀត។ ខ្ញុំ​ក៏​មិន​បាន​ថា​អី​ដែរ គិត​ថា​យប់​នេះ នឹង​ពន្យល់​កូន​ដោយ​និយាយ​រឿង​និទាន​ប្រៀបធៀប​ឲ្យ​គាត់​យល់។

រូបតំណាង

តាំង​ពី​ក្លាយ​ជា​ឪពុក​គេ​មក ខ្ញុំ​តាំង​ចិត្ត​ថា​នឹង​ចិញ្ចឹម​កូន​មិន​ឲ្យ​ដូច​អ្វី​ដែល​ជនជាតិ​អាស៊ី​និយម​ ​នោះ​ទេ ដែល​​តែង​មិន​ឲ្យ​កូន​លំបាក មើល​ថែ​ការពារ​កូន​ដូច​ក្មេង​ទើប​កើត និង​ទម្រើស​​ហួសហេតុ។ ច្រើន​ឆ្នាំ​កន្លង​មក​ខ្ញុំ​មាន​អារម្មណ៍​ថា​វិធី​ចិញ្ចឹម​កូន​របស់​ខ្ញុំ​កាន់​តែ​លំបាក​ឡើង​ៗ​រាល់​ថ្ងៃ រហូត​ដល់​ថ្ងៃ​មួយ ខ្ញុំ​បាន​អាន​លិខិត​ចំហ​មួយ​​ដែល​ផុស​នៅ​លើ Board របស់​សាកលវិទ្យាល័យ​ណានគីង។ លិខិត​នោះ​​មាន​ឈ្មោះ​ថា “ឪពុក​ឈឺ​ចិត្ត” ដែល​ឪពុក​ម្នាក់​​សរសេរ​ទៅ​កាន់​កូន​របស់​គាត់​ជា​និស្សិត​សាកលវិទ្យាល័យ​នោះ ប៉ុន្តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​ទេ។ លិខិត​មួយ​ច្បាប់​នោះ ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ខ្ញុំ៖


មក​ដល់​កូន​សម្លាញ់​មាសពុក

ទោះ​បី​កូន​ធ្វើ​ឲ្យ​ពុក​​ពិបាក​ចិត្ត​ហួស​នឹង​និយាយ ប៉ុន្តែ​កូន​ក៏​នៅ​តែ​ជា​កូន​របស់​ពុក​។ ក្រោយ​ពី​កូន​ប្រលង​ជាប់​ចូល​រៀន​មហាវិទ្យាល័យ អាច​និយាយ​បាន​ថា​​​កូន​ជា​កូន​តែ​ម្នាក់​គត់​ក្នុង​ត្រកូល​​យើង​ដែល​​អាច​រៀន​ដល់​ថ្នាក់​នេះ។ តាំង​ពី​ពេល​នោះ​មក ពុក​ក៏​លែង​ច្បាស់​​ក្នុង​ចិត្ត​ថា​អ្នក​ណា​ជា​កូន​អ្នក​ណា​ជា​ឪ​ឲ្យ​ប្រាកដ​ទេ។

ពុក​បាន​ជួយ​លើក​អីវ៉ាន់​ឲ្យ​កូន​ទៅ​ដល់​បន្ទប់​ជួល ជួយ​ចង​មុខ រៀប​កន្លែង​ដេក ទិញ​ម្ហូប​ម្ហា។ ពុក​ត្រូវ​បង្រៀន​កូន​សូម្បី​តែ​របៀប​ច្របាច់​ថ្នាំ​ដុស​ធ្មេញ​ឲ្យ​អស់​ពី​បំពង់ សព្វសារពើ។ ​ហាក់​ដូច​នេះ​ជា​តួនាទី​របស់​ពុក​ដែល​ត្រូវ​​ធ្វើ​ឲ្យ​កូន ដោយ​មិន​បាន​ឮ​ពាក្យ​ថា​អរគុណ​សូម្បី​មួយ​ម៉ាត់​ពី​កូន​តាំង​ពី​ដើម​ដល់​ចប់ តែ​ពុក​បែរ​មាន​អារម្មណ៍​ថា​មាន​កិត្តិយស​​ទៅ​វិញ​ដែល​ឪពុក​អសមត្ថភាព​​ម្នាក់​នេះ​​មាន​ឱកាស​បាន​បម្រើ​​កូន​ដែល​ពេល​នេះ​បាន​ក្លាយ​ជា​និស្សិត​ដ៏​មាន​កិត្តិយស​ម្នាក់​ហើយ។

ឆ្នាំ​ដំបូង ​មួយ​ឆ្នាំ​ពេញ អ្នក​ផ្ទះ​យើង​បាន​ទទួល​សំបុត្រ​ពី​កូន ៣ច្បាប់។ អត្ថន័យ​ក្នុង​សំបុត្រ​មាន​តែ​ពីរ​បី​បន្ទាត់ អក្សរ​ក៏​ពិបាក​អាន មាន​តែ​ពាក្យ “លុយ” ប៉ុណ្ណោះ​ដែល​កូន​សរសេរ​បាន​ច្បាស់​បំផុត។ ដល់​ឆ្នាំ​ទី​ពីរ សំបុត្រ​ក៏​ផ្ញើ​មក​កាន់​តែ​ញឹក សុទ្ធ​តែ​សំបុត្រ​សុំ​លុយ​ថែម​ទាំង​អស់ អាន​​ទៅ​មិន​មែន​សុំ​ធម្មតា​ទេ ប៉ុន្តែ​គឺ​ទារ​​បង្ខំ​​ឲ្យ​ផ្ញើ​ឲ្យ​តែ​ម្ដង។ ​ពាក្យពេចន៍​​សុំ​លុយ​​​ដែល​កូន​សរសេរ​ ធ្វើ​ឲ្យ​ពុក​មាន​អារម្មណ៍​ថា បើ​រៀន​ចប់​កូន​នឹង​អាច​ធ្វើ​ការ​ជា​អ្នក​ទារ​បំណុល​​ដ៏​អស្ចារ្យ​ម្នាក់​ហើយ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ពុក​ឈឺ​ចិត្ត​បំផុត​នៅ​ពេល​នោះ គឺ​នៅ​ពេល​កូន​ហ៊ាន​ល្មើស​ដល់​ថ្នាក់​បន្លំ​វិក្កយបត្រ​បង់​ថ្លៃ​​មហាវិទ្យាល័យ។ ពុក​មិន​នឹក​ស្មាន​ថា​កូន​អាច​ប្រើ​វិធី​នេះ​ដើម្បី​បោក​លុយ​ពី​ពុក​ម៉ែ​ដែល​ផ្ដល់​កំណើត​ឲ្យ​កូន មើល​ថែ​ចិញ្ចឹម​កូន​មក​រហូត ដើម្បី​តែ​យក​ទៅ​ដើរ​លេង​ចូល​ក្លឹប ជប់លៀង ខារ៉ាអូខេ​ស្អី​នោះ​សោះ។ គិត​ដល់​រឿង​នេះ​ពេល​ណា ពុក​ឈឺ​ចិត្ត​ពេល​នោះ គេង​មិន​លក់​បក់​មិន​ល្ហើយ រហូត​មាន​ជំងឺ​ផ្លូវ​ចិត្ត។ មូលហេតុ​គឺ​ដោយសារ​តែ​កូន មនុស្ស​ដែល​ពុក​ខំ​ចិញ្ចឹម​ដោយ​ផ្ទាល់​ដៃ​រហូត​ដល់​ធំ ប៉ុន្តែ​បែរ​ជា​ក្លាយ​ជា​មនុស្ស​ផ្សេង​ក្នុង​សម្លៀក​បំពាក់​និស្សិត។

ពុក​​បន់ស្រន់​ថា ក្រៅ​ពី​ចំណេះដឹង​ផ្សេង​ៗ​ដែល​កូន​រៀន​ពី​សាលា​ហើយ សូម​ឲ្យ​កូន​មេត្តា​ដុស​ខាត់​ចិត្ត​គំនិត​ឲ្យ​ក្លាយ​ជា​​មនុស្ស​ស្មោះត្រង់ និង​កតញ្ញូ​ដឹង​គុណ​ទោស នោះ​នឹង​ល្អ​បំផុត…


ក្រោយ​បាន​អាន​សំបុត្រ​មួយ​ច្បាប់​នេះ​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ត្រូវ​បន្ត​ចិញ្ចឹម​កូន​តាម​ការ​ដែល​ខ្ញុំ​តាំង​ចិត្ត​ទុក​តាំង​ពី​ដំបូង​​ដដែល បើ​ទោះ​បី​វា​រាង​លំបាក​​ក្នុង​សង្គម​យើង​បន្តិច​ក៏​ដោយ។

មាន​ថ្ងៃ​មួយ មិត្តភ័ក្ដិ​ជំនាន់​មធ្យម​ដែល​ផ្លាស់​ទៅ​រស់​នៅ​អូស្ត្រាលី​បាន​មក​លេង​ស្រុក​ខ្មែរ ហើយ​យើង​ក៏​មាន​ឱកាស​បាន​អង្គុយ​ជជែក​គ្នា។ គេ​ប្រាប់​ថា​អ្នក​នៅ​អូស្ត្រាលី ក្រៅ​ពី​មាន​ជំនឿ​លើ​ព្រះ​ជាម្ចាស់​របស់​គេ​ហើយ រឿង​មួយ​ទៀត​ដែល​គេ​ជឿ​ស៊ុប​នោះ​គឺ​វិធី​ចិញ្ចឹម​កូន​បែប មាន​យ៉ាង​ណា​ ក៏​ត្រូវ​ចិញ្ចឹម​កូន​បែប​អ្នកក្រ។ ពួក​គេ​ជឿ​ថា ក្មេង​ដែល​ធំឡើង​ក្រោម​ការ​មើល​ថែ​ការពារ​ច្រើន​ពី​ឪពុក​ម្ដាយ នៅ​ពេល​ធំ​ឡើង​នឹង​គ្មាន​​សមត្ថភាព​ឈរ​បាន​ដោយ​ជំហរ​ខ្លួន​ឯង ហើយ​ក៏​គ្មាន​ថ្ងៃ​ដឹង​គុណ​អ្នក​ដទៃ​ដែរ សូម្បី​ឪពុក​ម្ដាយ​របស់​ខ្លួន​ក៏​ដោយ។

នៅ​ថ្ងៃ​បន្ទាប់​មក ពួក​យើង​មាន​ឱកាស​ចេញ​ទៅ​​ក្រៅ​​ជាមួយ​គ្នា​ទៀត។ តាម​ផ្លូវ មិត្ត​ខ្ញុំ​ឃើញ​ក្មេង​តូច​ម្នាក់​ត្រូវ​ឪពុក​ម្ដាយ​ស្លៀក​ពាក់​ខោ​អាវ​ឡើង​ក្រាស់​ឃ្មឹក​ដូច​​ក្នុង​ប្រទេស​ធ្លាក់​ព្រិល។ មិត្ត​ខ្ញុំ​ប្រាប់​ថា “តាម​ពិត​ក្មេង​គួរ​តែ​ស្លៀក​ខោ​អាវ​តិច​ជាង​មនុស្ស​ចាស់​បន្តិច”។ គាត់​ថា​នៅ​អូស្ត្រាលី ទោះ​បី​ក្នុង​រដូវ​រងា​​ក៏​គេ​មិន​ឃើញ​ក្មេង​ណា​ត្រូវ​ឪពុក​ម្ដាយ​រុំ​ជិត​ឈឹង​អីចឹង​ដែរ។ ដូចគ្នា ពេល​រដូវ​ក្ដៅ​ ទោះ​បី​ថ្ងៃ​ចាំង​ចំ​​កូន​​ដែល​កំពុង​ជិះ​រទេះ​កូន​ក្មេង ក៏​ម្ដាយ​ពួក​គេ​ធ្វើ​ចិត្ត​រឹង មិន​ព្រម​បាំង​ថ្ងៃ​ឲ្យ​កូន​ដែរ។ ក្មេង​ដែល​រត់​លេង​ហើយ​ដួល​ខ្លួន​ឯង ឪពុក​ម្ដាយ​គេ​នឹង​ឈរ​មើល​ធម្មតា​​ចាំ​ឲ្យ​កូន​ងើប​ឡើង​វិញ​​ដោយ​ខ្លួន​ឯង។ ពួក​គេ​ម្នាក់​ៗ​ព្យាយាម​បង្ហាត់​ឲ្យ​កូន​ជួយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​បំផុត ដែល​ខុស​ពី​ទម្លាប់​គ្រួសារ​អាស៊ី​យើង ដែល​តែង​ចិញ្ចឹម​កូន​ដោយ​ផ្អែក​លើ​ផ្នត់​គំនិត​ថា ទោះបី​ក្រ​លំបាក​យ៉ាង​ណា ក៏​មិន​ព្រម​ឲ្យ​កូន​លំបាក​ដែរ។ សង្ស័យ​តែ​ដល់​ពេល​ត្រូវ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​នេះ​ហើយ!

រូបតំណាង

ងាក​ទៅ​មើល​ការ​ចិញ្ចឹម​កូន​របស់​សត្វ​ទាំង​ឡាយ​លើ​លោក​នេះ នៅ​ពេល​កូន​នៅ​តូច​និង​ទន់​ខ្សោយ សត្វ​ខ្លះ​ពាំ​កូន​​នឹង​មាត់ សត្វ​ខ្លះ​ពាំ​កូន​នឹង​ចំពុះ ខ្លាច​កូន​ៗ​មិន​សុវត្ថិភាព ប៉ុន្តែ​នៅ​ពេល​កូន​ចាប់​ផ្ដើម​ធំ​ហើយ ពួក​វា​នឹង​ដេញ​កូន​ ឬ​ចេញ​ពី​កូន​ដោយ​គ្មាន​អាឡោះអាល័យ​អី​តែ​ម្ដង ដើម្បី​កូន​អាច​ប្រឈម​មុខ​នឹង​ពិភព​ខាង​ក្រៅ​ដោយ​ខ្លួន​ឯង បាន​ប្រឡូក​រៀន​វិទ្យា​ផ្សេង​ៗ​ដោយ​ខ្លួន​ឯង ប្រឈម​មុខ​បញ្ហា​និង​ព្យុះភ្លៀង​គ្រប់​រូបភាព ដូច្នេះ​ជីវិត​របស់​ពួក​វា​នឹង​គ្មាន​ផ្លូវ​ទាល់។

ឃើញ​ទេ សូម្បី​តែ​សត្វ​ទាំង​ឡាយ​ក៏​មាន​ញាណ​យល់​ថា ការ​ទម្រើស​​កូន​រហូត​មិន​បើក​ភ្នែក​បើក​ត្រចៀក គឺ​ជា​ការ​សម្លាប់​កូន​បែប​ឈាម​ត្រជាក់

“ទោះ​មាន​យ៉ាង​ណា​ ក៏​ត្រូវ​ចិញ្ចឹម​កូន​បែប​អ្នក​ក្រ” វិធី​នេះ​នឹង​បង្ខំ​ឲ្យ​កូន​ៗ​ទាំង​ឡាយ​ចេះ​ឈរ​ដោយ​កម្លាំង​ជើង​ខ្លួន​ឯង និង​ចេះ​ស្គាល់​​បុណ្យ​គុណ​​អ្នក​ជា​ឪពុក​ម្ដាយ។ រឿង​មួយ​ដែល​មិន​គួរ​ភ្លេច គឺ​បើ​ទោះ​បី​អ្នក​ការពារ ឬ​ទម្រើស​កូន​ដោយ​វិធី​ណា​ក៏​ដោយ ក៏​អ្នក​មិន​អាច​នៅ​ការពារ​គេ​បាន​មួយ​ជីវិត​ដែរ ដូច្នេះ​ត្រូវ​បង្រៀន​ឲ្យ​គេ​ចេះ​រស់​ដោយ​ខ្លួន​ឯង ៕

រូបតំណាង

ចុចអាន៖

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម