មី​ស្រុះ​​ទាំង​កំប៉ុង និង​កញ្ចប់​​បង្ក​គ្រោះថ្នាក់​​​ដល់​សុខភាព​សាហាវ​​លើស​អ្វី​ដែល​អ្នក​គិត​

  • 2018-07-06 03:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់ តម្លៃថោក ចំណាយ​ពេល​ចម្អិន​តិច និង​រក​បាន​គ្រប់​កន្លែង​ ​មី​កញ្ចប់ ឬ​មី​កំប៉ុង​បាន​ក្លាយ​ជា​អាហារ​ពេញនិយម​មួយ​សម្រាប់​​មនុស្ស​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ដាច់​លុយ​ចុង​ខែ​។ ប៉ុន្តែ​ប្រិយមិត្ត​ដឹង​អត់​ថា អាហារ​ប្រភេទ​នេះ​​ផ្ដល់​នូវ​គុណ​វិបត្តិ​លើស​ពី​អ្វី​ដែល​យើង​គិត​ ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​តែង​ឮ​គេ​និយាយ​ថា​មី​គឺ​ជា​អាហារ​ដ៏​គ្រោះថ្នាក់ ហើយ​គ្រូពេទ្យ​ជា​ច្រើន​ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា​មិន​គួរ​ទទួលទាន​ញឹកញាប់​ឡើយ ហើយ​បើ​ចៀសវាង​បាន​គឺ​កាន់តែល្អ។ ខាង​ក្រោម​នេះ​កញ្ញា សូម​បង្ហាញ​ពី​មូលហេតុ​ចំនួន ៥​ដែល​អ្នក​គួរ​ចៀសវាង​​អាហារ​នេះ៖

១. មាន​សារធាតុ​ធ្វើ​ឲ្យ​កើត​រោគ​មហារីក

ទាំង​សរសៃ​មី និង​កំប៉ុង​សម្រាប់​ស្រុះ​មី​គឺ​សុទ្ធ​តែ​មាន​សារធាតុ​ដែល​បង្ក​ជំងឺ​មហារីក ដែល​មាន​ឈ្មោះ​ថា Styrofoam។ សារធាតុ​គីមី​ប្រភេទ​នេះ​​ច្រើន​មាន​នៅ​ក្នុង​​ប្រអប់​ស្នោ ឬ​ជ័រ​ប្លាស្ទិក។ នៅ​ពេល​សារធាតុ​នេះ​ជ្រាប​ចូល​ក្នុង​រាងកាយ​ វា​នឹង​ជំរុញ​ឲ្យ​កោសិកា​មហារីក​ដែល​មាន​ស្រាប់​ក្នុង​រាង​កាយ​ រីក​ដុះដាល​​កាន់​តែ​ឆាប់​រហ័ស។

២. ខ្វះ​​សារធាតុ​ចិញ្ចឹម

ក្នុង​មី​មាន​សារធាតុ​ចិញ្ចឹម​ត្រឹម​តែ​ កាបូអ៊ីដ្រាត ខ្លាញ់ និង​អំបិល ហើយ​នៅ​ក្នុង​អំបិល​មី​ក៏​មាន ប៊ីចេង សូដ្យូម និង​សារធាតុ​ធ្វើ​ឲ្យ​ទុក​បាន​យូរ។ ក្នុង​នោះ​បើ​អ្នក​ទទួល​ទាន​ប៊ីចេង​ច្រើន​ វា​នឹង​ធ្វើ​ឲ្យ​​មាន​អាការៈ​ខ្សោយ ឈឺក្បាល ក្អួត​ចង្អោរ បើ​ទទួល​ទាន​សូដ្យូម​ច្រើន វា​ក៏​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​បេះដូង ថ្លើម និង​លើស​ឈាម។ បើ​អ្នក​ញ៉ាំ​តែ​មី​ទទេ​មិន​បន្ថែម​សាច់​សត្វ បន្លែ ឬ​ស៊ុត​ទេ រាងកាយ​នឹង​ខ្វះ​សារធាតុ​ចិញ្ចឹម​ចាំបាច់​ផ្សេង​ៗ​ទៀត​ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ទទួល​យក​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ទៀត​ផង។ ម្ល៉ោះ​ហើយ​សម្រាប់​ក្មេង​ៗ​ គឺ​ពុំ​គួរ​ញ៉ាំ​ដាច់​ខាត។

៣. ឆាប់​ធាត់

ដោយ​សារ​មាន​ជាតិ​សូដ្យូម​ច្រើន ផ្សំ​ជាមួយ​ជាតិ​ម្សៅ និង​ខ្លាញ់​ដែល​ជា​គ្រឿង​ផ្សំ​សំខាន់​​ៗ​របស់​មី វា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​រំលាយ​ និង​ឆាប់​ធាត់។ ដូច្នេះ​វា​ក៏​មិន​សក្ដិសម​ដែរ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់។

៤. គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ

មនុស្ស​ស្រី​មាន​ផ្ទៃ​ពោះ​មិន​ថា​ស្ថិត​ក្នុង​ខែ​ណា​ក៏​ដោយ​ក៏​ពុំ​គួរ​ទទួល​ទាន​មី​ឡើយ ដោយ​សារ​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ អ្នក​ត្រូវ​​តែ​​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​ទារក។ អាហារ​ដែល​អ្នក​គួរ​ទទួល​ទាន​មាន​ដូច​ជា ទឹក​ដោះ​គោ បន្លែ ផ្លែ​ឈើ និង​ត្រី។ ក្រៅ​ពី​នេះ មី​កញ្ចប់​​មាន​ប្រើ​គ្រឿង​ទេស​ច្រើន​មុខ​ជា​ពិសេស​ប៊ីចេង​ដែល​អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ពិការ ឬ​រលូត​បាន។

៥. ធ្វើ​ឲ្យ​ប្រព័ន្ធការពាររាងកាយចុះខ្សោយ

គ្រឿង​ផ្សំ​​ដែល​មាន​ក្នុង​មី​កញ្ចប់​​អាច​ផ្ដល់​ទុក្ខទោស​ដល់​រាងកាយ​ដូច​ជា សារធាតុ Polypropylene និង glycol ដែល​មាន​ក្នុង​មី នឹង​ធ្វើឲ្យ​ប្រព័ន្ធ​​ភាព​ស៊ាំ​ចុះ​ខ្សោយ ធ្វើ​ការ​មិន​បាន​ល្អ​ដែល​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ចុះ​ខ្សោយ ឆាប់​កើត​ជំងឺ​ផ្សេង​ៗ។ លើស​ពី​នេះ​វា​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​ខ្សោយ​ជាង​មុន​ដែរ ៕

ចុចអាន៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម