កុំ​បន្ត​ស្រលាញ់​មនុស្ស​ដែល​អាច​ទៅ​ចោល​​អ្នក ពេល​អ្នក​កំពុង​ស្រលាញ់​ខ្លាំង

  • 2018-05-21 04:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​គិត​ថា ស្នេហា​គឺ​ជា​កន្លែង​មួយ​ដែល​ចង់​ទៅ​ក៏​ទៅ ចង់​នៅ​ក៏​នៅ។ ហេតុ​នេះ​ហើយ​ទើប​មាន​អ្នក​ខ្លះ​ ពេល​ត្រូវ​ការ​ក៏​មក​រក​យើង តែ​ពេល​ធុញ​ទ្រាន់ អស់​ចិត្ត ក៏​ដើរ​ចេញ​ទៅ​រក​អ្នក​ថ្មី ឬ​យក​លេស​ថា ចង់​នៅ​ម្នាក់​ឯង​មួយ​រយៈ។ ការ​ពិត​មិន​មែន​ស្នេហា​ជា​អ្នក​ធ្វើ​ឱ្យ​មនុស្ស​ឈឺ​ចាប់​ទេ តែ​មនុស្ស​ខ្លួន​ឯង​ទេ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ឯង និង​អ្នក​ដទៃ​ឈឺចាប់ ហើយ​ទម្លាក់​កំហុស​ឱ្យ​ស្នេហា។

រូបតំណាង

ពាក្យ​ថា "ស្រលាញ់" គឺ​ការ​ដាក់​ចិត្ត​ទៅ​លើ​នរណា​ម្នាក់ និង​ជ្រើស​រើស​នៅ​ក្បែរ​គេ​ទោះ​ក្នុង​កាលៈទេសៈ​សប្បាយ​រីករាយ ឬ​កើត​ទុក្ខ​យ៉ាង​ណា​ក្ដី។ មិន​ថា​ពី​ដំបូង ឬ​ច្រើន​ឆ្នាំ​កន្លង​ទៅ ស្នេហា​នឹង​នាំ​ឱ្យ​ជីវិត​អ្នក​ត្រូវ​ជួប​ប្រទះ​រឿង​ច្រើន​យ៉ាង​ណា ស្ថានភាព​លំបាក ឬ​សើច​សប្បាយ​ច្រើន​យ៉ាង​ណា តែ​វា​ជា​ការ​កំណត់រ​បស់​យើង​ថា​នឹង​ត្រូវ​បន្ត​ទៅ​មុខ ហើយ​កាន់​ដៃ​ម្នាក់​នោះ​រហូត មិន​បោះ​បង់​គ្នា​ឡើយ។

មនុស្ស​ដែល​ស្រលាញ់​គ្នា​ពិត​ប្រាកដ​នឹង​មិន​បង្កើត​ឱ្យ​មាន​ពាក្យ​ថា "ទៅ" ឬ "នៅ" ក្នុង​សេចក្ដី​ស្នេហា​របស់​ពួក​គេ​ឡើយ។ ស្នេហ៍​មួយ​ដែល​ហៅ​ថា ស្នេហ៍​ពិត​គឺ​មិន​សំដៅ​លើ​ស្នេហ៍​គ្រា​ដំបូង ស្នេហា​ទី​ពីរ ឬ​ទី​បី​នោះ​ទេ​ តែ​វា​ជា​ការ​រក​ឃើញ​ថា បេះដូង​អ្នក​ទាំង​ពីរ​កំពុង​រត់​រក​គ្នា និង​នៅ​ជាមួយ​គ្នា​រហូត ទោះ​បី​មាន​អ្នក​ណា​ដែល​ល្អ​ជាង​អ្នក​ដែល​ខ្លួន​កំពុង​ស្រលាញ់​ក៏​ដោយ។

បើ​ដឹង​ថា​ស្នេហា​នេះ​គ្មាន​អនាគត​មិន​អាច​បន្ត​បាន គួរ​តែ​ដោះ​ស្រាយ​ឱ្យ​បាន​ចប់​សព្វគ្រប់ កុំ​ឱ្យ​សោះ​ ការ​អូស​បន្លាយ​ពេល​វេលា​យូរ ដូច​ពាក្យ​ថា "យប់​យន់​សុបិន​យូរ" វា​គ្មាន​អ្វី​ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​អារម្មណ៍​នៅ​ស្រលាញ់​ឈឺចាប់​កាន់​តែ​ខ្លាំង រហូត​ក្លាយ​ជា​មេរោគ​ផ្លូវ​ចិត្ត​ដែល​នឹង​វិវត្ត​បន្ត​មិន​ឈប់​ឈរ ដល់​ថ្នាក់​ហ៊ាន​ធ្វើ​រឿង​មិន​សមគួរ​ក៏​ថា​បាន។

រូបតំណាង

ស្រលាញ់​មនុស្ស​ម្នាក់​មិន​មែន​ជា​ការ​សន្យា​គ្នា​ពី​រឿង​អនាគត​ទេ តែ​វា​ការ​ផ្ដល់​ឱ្យ​គ្នា​នូវ​ជម្រើស​ដ៏​ត្រឹម​ត្រូវ​។ ការ​ស្រលាញ់​មនុស្ស​ម្នាក់​មិន​មែន​ទាល់​តែ​ត្រូវ​ចាប់​ចង​គេ​ឱ្យ​ដាក់​យើង​ក្នុង​បេះដូង​គេ​ជា​រៀង​រហូត​នោះ​ទេ ប៉ុន្តែ​វា​ការ​មើល​ឃើញ​សុភមង្គល​ និង​ក្ដី​សុខ​របស់​គេ។ ហើយ​ពាក្យ​ថា "ស្នេហា" ក៏​មិន​មែន​ត្រូវ​តែ​ឃុំ​ខ្លួន​ឯង​ឱ្យ​នៅ​ក្នុង​ក្ដី​ស្រលាញ់​ចំពោះ​គេ​រហូត​នោះ​ដែរ។ បើ​គេ​នៅ​ជាមួយ​យើង ឆ្លង​កាត់​រឿង​គ្រប់​យ៉ាង​ជាមួយ​យើង យើង​ក៏​មិន​ខ្លាច​នឹង​បន្ត​ជាមួយ​គ្នា តែ​បើ​គេ​ហ៊ាន​ទៅ​ចោល​យើង ទុក​យើង​ឱ្យ​ឈឺចាប់​ទាំង​ដឹង​ថា យើង​មិន​អាច​ទទួល​យក​បាន យើង​ក៏​មាន​សិទ្ធិ​បំភ្លេច​គេ ហើយ​ទម្លាក់​ការ​ស្រលាញ់​នេះ​ចោល​ទៅ​ក្នុង​មហា​សមុទ្រ ​កុំ​ឱ្យ​ត្រលប់​មក​វិញ​បាន​ដែរ។

កុំ​ឱ្យ​គេ​ចាត់​ទុក​ការ​ស្រលាញ់​របស់​យើង​ជា​ល្បែង​កម្សាន្ត ចង់​ទៅ​ក៏​ទៅ ចង់​មក​ក៏​មក​ឱ្យ​សោះ។ ទ្វារ​បេះដូង​មួយ​នេះ​ត្រូវ​តែ​មាន​សោ​ចាក់​ត្រឹម​ត្រូវ ហើយ​កុំ​ឱ្យ​សោ​ទៅ​គេ​កាន់​ជា​ដាច់​ខាត។ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា "បើ​យើង​មិន​បើក​ឱ្យ គេ​គ្មាន​សិទ្ធិ​ចូល​មក​ក្នុង​បេះដូង​នេះ​ជា​លើក​ទី​ពីរ​ជា​ដាច់​ខាត"។

ចុចអាន៖ ក្រោយ​បែក​បាក់​ស្នេហា នារី​រឹងប៉ឹង​នឹង​​​រំដោះ​ខ្លួន​ពី​​រឿង​ខូច​ចិត្ត​​ ដោយ​ការ​គិត ៥​ចំណុច​នេះ​​​

ដូច្នេះ​ បើ​ស្រលាញ់​អ្នក​ណា​ម្នាក់ សូម​កុំ​រំលឹក​ពី​អតីតកាល​របស់​គេ មិន​ថា គេ​ធ្លាប់​មាន​ស្នេហា​ឬ​ក៏​អត់ គេ​បែក​គ្នា​ដោយ​សារ​អី គេ​ធ្លាប់​ឈឺចាប់​ដោយ​សារ​ស្នេហា​ឬ​ក៏​អត់ វា​គ្មាន​អ្វី​សំខាន់​ស្មើ​នឹង​ការ​ស្រលាញ់​បច្ចុប្បន្ន​ដែល​អ្នក​នឹង​ត្រៀម​ឱ្យ​គេ និង​អ្វី​ដែល​គេ​នឹង​តប​ស្នង​មក​យើង​វិញ​នោះ​ឡើយ៕

ចុចអាន៖ ឲ្យតែមានទង្វើ​ ៥​យ៉ាង​​​នេះ​ ស្នេហាអ្នកនឹ​ងរលាយរលត់​ ទោះចង់​ ឬ​មិន​ចង់​ក៏ដោយ

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម