៥មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​បបូរមាត់​អ្នក​​ស្ងួត​ ប្រេះ របក​ មិន​​ងាយ​ជា

  • 2017-12-14 03:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ស្រី​ជា​ច្រើន​ដែល​តែងតែ​ជួប​បញ្ហា​បបូរ​មាត់ ស្ងួត ប្រេះ របក​ដែល​ជា​ទី​រំខាន​មួយ។ថ្ងៃ​នេះ ​កញ្ញា នឹង​លើក​យក​ពី​មូល​ហេតុ ៥យ៉ាង​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​បែប​នេះ​កើត​ឡើង ៖

១. ផឹក​ទឹក​តិច​ពេក

ការ​ផឹក​ទឹក​គឺ​សំខាន់​ណាស់​សម្រាប់​អ្នក​ដែល​មិន​ចង់​ឲ្យ​ស្បែក​ស្ងួត​ គ្មាន​សំណើម។ កង្វះ​ការ​ផឹក​ទឹក​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ស្បែក ហើយ​ក៏​បណ្ដាល​ឲ្យ​បបូរ​ស្ងួត ប្រេះ​ មិន​ស្អាត​ផង​ដែរ។

២. លិទ្ធ​មាត់

មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​លិទ្ធ​មាត់​ណាស់ ដោយ​មិន​ដឹង​ថា​វា​មាន​ផល​អាក្រក់​ដល់​បបូរមាត់។ ទឹកមាត់​ដែល​មាន​អង់ស៊ីម​​អាច​ធ្វើ​ឲ្យ​ស្បែក​ជុំវិញ​មាត់​ប្រេះ ស្ងួត​ ដូច្នេះ​អ្នក​គួរ​ចោល​ទម្លាប់​អាក្រក់​នេះ ដោយ​ជំនួស​ការ​លាប​ក្រែម​រលោង​វិញ។

៣. បក​ស្បែក​មាត់​ចេញ​ពេល​វា​ស្ងួត​ និង​របក

សឹង​តែ​គ្រប់​ពេល​ទៅ​ហើយ​ដែល​អ្នក​ចូលចិត្ត​បក​ស្បែក​មាត់​ពេល​វា​របក​ដោយ​រីករាយ។ ការ​បក​បែប​នេះ​មិន​បាន​ធ្វើ​ឲ្យ​មាត់​ឈប់​របក​ឡើយ តែ​វា​អាច​ឲ្យ​បបូរ​មាត់​ហូរ​ឈាម​ក៏​ថា​បាន។ វិធី​ដែល​ល្អ​អ្នក​គួរ​តែ​លាប​ក្រែម​ថែរក្សា​បបូរ​មាត់ និង​ក្រែម​រលោង​វិញ។

៤. មិន​ដែល​ធ្វើ​ការ​ខាត់​បបូរ​មាត់

មាន​វិធី​សាស្រ្ត​ជា​ច្រើន​ដែល​អាច​ជួយ​ឲ្យ​បបូរមាត់​ទន់ រលោង និង​មិន​ប្រេះ​បែក តែ​ប្រហែល​ជា​អ្នក​មិន​ដែល​ធ្វើ​ការ​ខាត់​មាត់ ទើប​បាន​ជា​មាន​ការ​ប្រេះ​បែក​បែប​នេះ។ ការ​ខាត់​បបូរ​មាត់​គឺ​អាច​ឲ្យ​មាត់​អ្នក​ទន់​ រលោង និង​ជួយ​មិន​ឲ្យ​ស្ងួត​ប្រេះ របក។

៥. មុន​ពេល​ចូល​គេង មិន​លាប​ក្រែម​ផ្ដល់​សំណើម​ដល់​មាត់

​ក្រែម​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​សម្រាប់​ជួយ​ថែរក្សា​បបូរ​មាត់​ឲ្យ​ទន់ មិន​ប្រេះ ស្ងួត ដូច្នេះ​អ្នក​គួរ​តែ​លាប​វា​មុន​ពេល​ចូល​គេង​ឲ្យ​បាន​ទៀង​ទាត់។

ការ​ថែរក្សា​បបូរ​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ស្រី ព្រោះ​វា​គឺ​ជា​ផ្នែក​មួយ​ដ៏​ទាក់ទាញ​បំផុត​នៃ​សម្រស់៕

ប្រភព៖ sistacafe ប្រែ​សម្រួល៖ ផេង ផលធិតា