ស្រលាញ់​គេ​តែ​ម្ខាង ខ្ញុំ​មិន​មែន​ជា​មនុស្ស​ស្រី​​តែ​មួយ​គត់​ដែល​គេ​មាន

  • 2017-12-12 02:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹក​ដាំ​បើ​ទោះ​បី​ជា​ភ្លើង​តិច​ឬ​ច្រើន​ក្ដី ឲ្យ​តែ​ដល់​១០០​អង្សា​ក៏​គង់​តែ​ពុះ តែ​ស្នេហា​តែ​ម្ខាង ទោះ​បី​ជា​ស្រលាញ់​គេ​យ៉ាង​ណា​ក៏​ដោយ បើ​មិន​និយាយ​ចេញ​មក មនោសញ្ចេតនា​នេះ​គ្មាន​ថ្ងៃ​ត្រូវ​បាន​គេ​តប​ស្នង​ឡើយ។

រូបតំណាង

ខ្ញុំ​មិន​មែន​ជា​សុភមង្គល​តែ​មួយ​គត់​របស់​អ្នក។ មាន​ថ្ងៃ​ខ្លះ ខ្ញុំ​ខំ​ប្រឹង​ទៅ​សាលា​យ៉ាង​លឿន​ដើម្បី​គ្រាន់​តែ​បាន​មើល​មុខ​អ្នក តែ​ក៏​ខក​ចិត្ត​នៅ​ពេល​អ្នក​មិន​មក​រៀន ឬ​ក៏​រឹត​តែ​ខ្លោច​ចិត្ត​ជាង​នេះ​ទៅ​ទៀត​នៅ​ពេល​អ្នក​មក​ជាមួយ​ស្រី​ម្នាក់​ទៀត តែ​ប្រាកដ​ណាស់​មិន​មែន​ជា​រូប​ខ្ញុំ។ ខ្ញុំ​ឈរ​ពី​ចម្ងាយ បាន​ត្រឹម​តែ​ពិបាក​ចិត្ត​មិន​ហ៊ាន​បន្ទោស​អ្នក ព្រោះ​ក្នុង​នាម​ជា​អ្វី? គ្រាន់​តែ​ស្រមៃ​ថា ថ្ងៃ​ណាមួយ​ស្រី​ម្នាក់​ដែល​ដើរ​ក្បែរ​អ្នក​គឺ​ជា​រូប​ខ្ញុំ។ ហើយ​មិន​យូរ​មិន​ឆាប់ ថ្ងៃ​សៅរ៍​ក៏​មក​ដល់ ធ្វើ​ឲ្យ​ខ្ញុំ​រំពឹង​ថា​ថ្ងៃ​អាទិត្យ​ឆ្លង​ផុត​ឲ្យ​ឆាប់​ទៅ​ដើម្បី ខ្ញុំ​បាន​ជួប​អ្នក​ជា​ថ្មី​ទៀត។

មាន​ពេល​ខ្លះ​ប្រមូល​អស់​កម្លាំង​កាយ​ចិត្ត បម្រុង​នឹង​សារភាព​ប្រាប់​អ្នក តែ​មិន​ទាន់​បាន​បើក​មាត់​ផង ក៏​ឃើញ​អ្នក​កៀក​ស្មើ​ស្រី​ស្អាត​ម្នាក់​ដែល​ខ្ញុំ​ដឹង​ថា​គ្មាន​ថ្ងៃ​ខ្ញុំ​ស្អាត​ដូច​គេ​ទេ។ ពេល​នោះ​ខំ​ហាម​ចិត្ត​ខ្លួន​ឯង​ដែរ តែ​មិន​ដឹង​ជា​ល្ងង់​អី ទឹក​ភ្នែក​នៅ​តែ​ស្រក់ ពិត​ជា​ឆោត​មែន។ ទោះ​ជា​យំ​ដល់​រីង​ទឹក​ភ្នែក ក៏​អ្នក​មិន​ដឹង​ដែរ​ថា​មាន​មនុស្ស​ស្រី​ម្នាក់ យំ​ដោយ​សារ​អ្នក តែ​បន្ទោស​អ្នក​ឯណា​បាន​បើ​អ្នក​មិន​បាន​ធ្វើ​អី​ខុស​ផង​ហ្នឹង។

ថ្ងៃ​នេះ​អ្នក​ស្អាត​ចម្លែក​ក្នុង​ឈុត​ក្រហ្សេ​កូន​កំលោះ​ដើរ​ត្រសង​នៅ​ក្បែរ​កូន​ក្រមុំ​របស់​អ្នក ដែល​ជា​ថ្មី​ម្ដង​ទៀត​មិន​មែន​ជា​ស្រី​ល្ងង់​ម្នាក់​នេះ។ គ្មាន​អ្វី​ត្រូវ​ស្ដី​បន្ទោស មាន​តែ​ពាក្យ​ជូន​ពរ។ ខ្ញុំ​ស្រលាញ់​អ្នក​ជាង​ពាក្យ​ស្រលាញ់​ទៅ​ទៀត តែ​រយៈ​ពេល​ប៉ុណ្ណេះ​ក៏​គួរ​តែ​បញ្ចប់​ហើយ។ អរគុណ​ណាស់​ដែល​អ្នក​រៀបការ ព្រោះ​បើ​អ្នក​មិន​រៀបការ ស្រី​ល្ងង់​រូប​នេះ​នឹង​រង់​ចាំ​បង​បន្ត​ទៀត។

លា​ហើយ​ស្នេហា​តែ​ម្ខាង​របស់​ខ្ញុំ...៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម