ការ​ពិត​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​៩​យ៉ាង​​ដែល​ធ្វើ​ឲ្យ​ Bella Ranee ល្បី​ខ្លាំង​ដល់​សព្វ​ថ្ងៃ

  • 2017-12-04 08:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មែនទែន​សម្រាប់​តារា​សម្ដែង​មុខ​​ស្លូត​​ប្រចាំ​ប៉ុស្តិ៍​លេខ​៣​ថៃ Bella Ranee ដែល​មាន​​​ទាំង​សមត្ថភាព​ ព្រម​ទាំង​មន្ត​ស្នេហ៍​ទាក់ទាញ​ទឹក​ចិត្ត​អ្នក​គាំទ្រ​ទូទាំង​ប្រទេស។ មិន​តែ​ប៉ុណ្ណោះ​ស្នាដៃ​នីមួយ​ៗ​របស់​នាង​គឺ​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​បំផុត។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ យើង​មក​ដឹង​ពី​ការ​ពិត​ពិសេស​ៗ​ ៩​យ៉ាង​របស់​តារា​សម្ដែង​រូប​នេះ​ទាំង​អស់​គ្នា៖

១. Bella Ranee Campen កើត​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​១៩៨៩ បច្ចុប្បន្ន​មាន​អាយុ ២៨ឆ្នាំ​ហើយ ប៉ុន្តែ​ផ្ទៃ​មុខ​វិញ​គឺ​​នៅ​តែ​ស្រស់​ស្អាត​ដូច​ទើប​តែ​ពេញ​វ័យ។

២. នាង​គឺ​ជា​កូន​កាត់​ថៃ-អង់គ្លេស ប៉ុន្តែ​កើត​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​ឪពុក​គឺ​ជា​ជនជាតិ​អង់គ្លេស ចំណែក​ឪពុក​ម្ដាយ​គឺ​ជនជាតិ​ថៃ។ ​ត្បិត​តែ​​ជា​កូន​កាត់ ប៉ុន្តែ Bella បាន​សម្ដែង​រឿង​ភាគ​បុរាណ​ជា​បន្តបន្ទាប់។

៣. សម្រាប់​ការ​សិក្សា​គឺ​អាច​ចាត់​ទុក​ថា​មិន​ធម្មតា​ឡើយ ដោយ​តារា​រូប​នេះ​បានបញ្ចប់​ការ​សិក្សា​​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​សារព័ត៌មាន​ និង​គមនាគមន៍ ពី​សាកលវិទ្យាល័យ Thammasat ជាមួយ​ពិន្ទុ GPA ប្រមាណ 3.50។

៤. Bella ចាប់ផ្ដើម​ចូល​សិល្បៈ​នៅ​ឆ្នាំ​២០១១ ដោយ​សម្ដែង​រឿង​ភាគ “Roi Marn” និង​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ដំបូង​ក្នុង​រឿង “My True Friend/My Friend 'till I die” ប៉ុន្តែ​ទើប​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​បន្ទាប់​ពី​សម្ដែង​រឿង “Porn Prom Onlaweng” ជាមួយ​ Boy Pakorn ក្នុង​ឆ្នាំ​២០១៣ និង​រឿង​ “Suparburoot Jutathep” ដែល​ចាប់​ដៃ​គូ​ជាមួយ James Jirayu។ រឿង​ភាគ​ចុង​ក្រោយ​ដែល​​ធ្វើ​ឲ្យ​នាង​ទទួល​បានការ​គាំទ្រ​​ច្រើន​ដែរ​នោះ​គឺ​រឿង "ភ្លើងបុណ្យ" ដែល​នាង​សម្ដែង​ជា​តួ​ប្រពន្ធ​ដើម។

៥. និយាយ​ពី​អត្តចរិត Bella គឺ​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ចេះ​លេង​សើច​តិច​ៗ ចិត្ត​ល្អ និង​ជា​សំណព្វ​ចិត្ត​​ទាំង​សម្រាប់​​អ្នក​គាំទ្រ ក៏​ដូច​ជា​​​មិត្ត​ៗ​រួម​អាជីព។

៦. បើ​ទោះ​បី​មាន​​ឈ្មោះ​​ល្បី​ថា​ជា​ដៃ​គូ​ដ៏​សម​គ្នា​ជាមួយ​​កំលោះ James Jirayu ប៉ុន្តែ Bella ក៏​បាន​បង្ហើប​យ៉ាង​ច្បាស់​ថា​ម្ចាស់​បេះដូង​របស់​នាង​ពិត​ប្រាកដ​គឺ​តួ​ឯក​ប្រុស​ប៉ុស្តិ៍​លេខ​៧​ Weir Sokullawat ឯណោះ​ទេ ដោយ​ពួក​គេ​បាន​កសាង​ទំនាក់ទំនង​ស្នេហា​មក​ជាង ៥ឆ្នាំ​ហើយ បើ​ទោះ​បី​ទើប​បើក​ចំហ​ខ្លាំង​ឥលូវ​ៗ​នេះ​ក៏​ដោយ។

៧. មិន​យូរ​ទៀត​ទេ អ្នក​គាំទ្រ​នឹង​បាន​ឃើញ Bella សម្ដែង​ក្នុង​តួអង្គ​បែប​ថ្មី​ ប្លែក​ខុស​ពី​មុន​ដែល​ធ្លាប់​តែ​ដើរ​តួ​រមទម្យ​ ដោយ​ក្នុង​រឿង​ថ្មី​មាន​ចំណង​ជើង​ថា "Krong Kam" Bella នឹង​សម្ដែង​ជា​តួ​អង្គ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់។

៨. ឃើញ​មុខ​ស្លូត​ៗ​​​បែប​នេះ ប៉ុន្តែ Bella គឺ​ជា​នារី​ដែល​ចូលចិត្ត​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ ដើម្បី​ថែ​រក្សា​រាង និង​សុខភាព​របស់​ខ្លួន។

៩. Bella គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើ​បុណ្យ ធ្វើ​ទាន​ណាស់។ នៅ​ពេល​ទំនេរ នាង​តែង​​ទៅ​វត្ត ធ្វើ​បុណ្យ​ និង​រៀន​ធម៌​ ដែល​ធ្វើ​ឲ្យ​នាង​មាន​ចិត្ត​ជ្រះថ្លា និង​មិន​សូវ​ស្ត្រេស​ច្រើន ៕

ប្រភព៖ dao.news ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម