ក្លាយ​ជា​មនុស្ស​ល្ងង់​ម្នាក់​ហើយ ​​ឲ្យ​តែ​​ចូល​ចិត្ត​ផុស ៥​យ៉ាង​​នេះ​​លើ​ហ្វេសប៊ុក

  • 2017-11-29 00:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អត្ថបទ​នេះ នឹង​បង្ហាញ​ពី​អ្វី​ដែល​នារី​ៗ​គួរ​យល់​ដឹង​ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​រឿង​រ៉ាវ​ផ្សេង​ៗ​លើ​បណ្ដាញ​សង្គម​ដូច​ជា Facebook និង Instagram ជា​ដើម។ ជឿជាក់​ថា​​ស្រី​ៗ​សម័យ​អ៊ីនធឺណិត​ប្រាកដ​ជា​ចំណាយ​ពេល​វេលា​​ច្រើន​ជាមួយ​បណ្ដាញ​សង្គម​ទាំង​នេះ ដោយ​សារ​វា​មាន​ភាព​ងាយ​ស្រួល អាច​ទទួល​បាន​ដំណឹង​រហ័ស​ទាន់​ហេតុការណ៍ ប៉ុន្តែ​បណ្ដាញ​នេះ​ក៏​អាច​បំផ្លាញ​ជីវិត​យើង​បាន​ដែរ ឬ​អាច​ធ្វើ​ឲ្យ​​អ្នក​ដទៃ​មើល​មក​យើង​មិន​ល្អ​​ទៀត​ផង បើ​សិន​មិន​ប្រយ័ត្ន។ តាម​ដាន​ជាមួយ កញ្ញា ទាំង​អស់​គ្នា​ថា​តើ​ទង្វើ​លើ​ហ្វេសប៊ុក​ដូច​ម្ដេច​ខ្លះ​ដែល​អាច​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ល្ងង់​ក្នុង​ខ្សែ​ភ្នែក​អ្នក​ដទៃ៖

១. ​ផុស​ជេរ​សង្សារ​ចាស់ ហើយ​ចង់​ដុត​ផ្ទះ​សង្សារ​ថ្មី​របស់​គេ

ពិត​ហើយ​នៅ​ពេល​ខូច​ចិត្ត យើង​ពិត​ជា​ពិបាក​ទ្រាំ ហើយ​ត្រូវ​ការ​កន្លែង​បញ្ចេញ​អារម្មណ៍ ប៉ុន្តែ​​សូម​រំឭក​ថា​បណ្ដាញ​អ៊ីនធឺណិត​មិនមែន​ជា​ទី​កន្លែង​ឯកជន​សម្រាប់​យើង​នោះ​ទេ ប៉ុន្តែ​វា​ជា​បណ្ដាញ​សាធារណៈ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​យើង​​និយាយ​អ្វី​ផ្ដេសផ្ដាស​ពី​សង្សារ​ចាស់​ វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​របស់​យើង​ធ្លាក់​ចុះ​ ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​បើ​ផុស​ជេរ​ដល់​សង្សារ​ចាស់​របស់​គេ​ទៀត។ បើ​ចង់​បញ្ចេញ​អារម្មណ៍​គួរ​ជ្រើសរើស​កន្លែង​ផ្សេង​ក្រៅ​ពី​បណ្ដាញ​សង្គម ដោយ​និយាយ​ប្រាប់​មិត្តភ័ក្ដិ​ ឬ​នរណា​ដែល​យើង​ទុក​ចិត្ត​បំផុត​បាន​ហើយ។

២. បង្ហោះ​រូប​យំ​

ជួន​កាល​យើង​ក៏​​ចង់​បាន​កម្លាំង​ចិត្ត​ខ្លះ​ពី​មិត្តភ័ក្ដិ​ក្នុង​ហ្វេសប៊ុក ប៉ុន្តែ​ការ​បង្ហោះ​រូប​យំ​អី​នេះ គឺ​ដូច​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​បន្តិច​ហើយ ព្រោះ​វា​មាន​ន័យ​ថា​អ្នក​មិន​អាច​គ្រប់គ្រង​លើ​អារម្មណ៍​ខ្លួន​ឯង​បាន ហើយ​កុំ​សង្ឃឹម​ថា​ធ្វើ​បែប​នេះ​ហើយ​អាច​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​យល់​ចិត្ត​អ្នក តែ​គេ​មាន​តែ​គិត​ថា​អ្នក​នៅ​មាន​ចរិត​ក្មេង​មែន​ទែន។

៣. Comment សម្ដី​ឈ្លើយ​ៗ​ ហើយ​ឡើង​ជឿជាក់

សេរីភាព​នៅ​លើ​បណ្ដាញ​សង្គម​បាន​ធ្វើ​ឲ្យ​មនុស្ស​បង្ហាញ​ទង្វើ​ និង​ទស្សនៈ​អាក្រក់​ៗ​ចេញ​មក​ដោយ​តាំង​ចិត្ត និង​មិន​បាន​តាំង​ចិត្ត ដូច​ជា​ការ​ Comment ប្រកែក​តវ៉ា​​ដោយ​សារ​នរណា​ម្នាក់​មិន​ធ្វើ​អ្វី​មួយ​ឲ្យ​ត្រូវ​ចិត្ត​របស់​ខ្លួន ឬ​នរណា​ម្នាក់​មាន​គំនិត​ផ្ទុយ​ពី​ខ្លួន​ឯង ដោយ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ ប៉ះពាល់​កិត្តិយស​របស់​គេ និង​បាត់​បង់​ភាព​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ឯង​ក្នុង​ពេល​តែ​មួយ។ មិន​ត្រឹម​ប៉ុណ្ណឹង​ឆ្លៀត​បញ្ចប់​ ដោយ​​ឃ្លា​​ជឿជាក់​មួយ​ចំនួន​ទៀត​ដូច​ជា “តាម​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន”, “ហ៊ាន​ជេរ​ ជេរ​វិញ” ជា​ដើម។

៤. យក​រឿង​ផ្ទៃ​ក្នុង មក​ហែកហួរ​ឲ្យ​ពិភពលោក​ដឹង

មិន​ថា​ជា​រឿង​មិត្តភ័ក្ដិ រឿង​ស្នេហា រឿង​គ្រួសារ ឬ​នៅ​កន្លែង​ធ្វើ​ការ​ក៏​ដោយ ការ​យក​មក​ហែក​កេរ្តិ៍​ឲ្យ​ពិភពលោក​ដឹង មិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​អ្វី​នោះ​ទេ គឺ​មាន​តែ​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធំ។ ដូច្នេះ​គួរ​រក​វិធី​ចាត់​ការ​ដែល​សមរម្យ​ជាង​នេះ ព្រោះ​បើ​យើង​ជ្រុល​​បង្ហោះ​អ្វី​ខុស​​នោះ អាច​​ជីវិត​យើង​​រង​ផល​ប៉ះពាល់​ផ្សេង​ៗ​បាន​យ៉ាង​ងាយ ហើយ​អ្វី​​​កាន់​តែ​សំខាន់​នោះ​គឺ​​វា​ហាក់​ដូច​ជា​អ្នក​​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ និង​សូម្បី​តែ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង។

៥. មាត់​ដាច​ជា​ទម្លាប់

យុវវ័យ​សម័យ​នេះ​អាច​នឹង​គិត​ថា ការ​បង្ហាញ​ពាក្យ​ពេចន៍​ដាច់​សាច់ គឺ​ជា​រឿង​ឡូយ ឬ​ចង់​បង្ហាញ​ថា​ខ្លួន​ឯង​ជា​មនុស្ស​មិន​លាក់​ពុត ប៉ុន្តែ​ការ​ពិត​គឺ​ពួក​គេ​កំពុង​បង្ហាញ​ភាព​ទន់​ខ្សោយ និង​ភាព​មិន​ជឿជាក់​ឲ្យ​ពិភពលោក​បាន​ដឹង​ទៅ​វិញ​ទេ ព្រោះ​មនុស្ស​ម៉ឺងម៉ាត់​ពិត​ប្រាកដ​គេ​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​សកម្មភាព មិន​មែន​ប្រើ​ពាក្យ​អាក្រក់​ៗ​មក​ទាក់ទាញ​ចំណាប់​អារម្មណ៍​តាម​បណ្ដាញ​សង្គម​ឡើយ។

ចង់​មាន​អ្វី​បន្ថែម​ទៀត​ទេ?

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម