មាន​មុខ​ស្លក់​កុំ​បារម្ភ ៥ វិធី​នេះ អាចស្តា​សម្រស់​អ្នក​រវល់​ធ្វើ​ការ​ហត់​មិន​បាន​សម្រាក

  • 2017-11-20 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងារ​ជា​រឿង​សំខាន់​ សុខភាព​និង​សម្រស់​ក៏​ដូច​គ្នា ហើយ​របស់​ទាំង​ពីរ​នេះ​គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា។ ការ​បាន​សម្រាក និង​គេង​គ្រប់​គ្រាន់​ជួយ​ឲ្យ​សុខភាព​ល្អ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ និង​ស្បែក​ភ្លឺ​ថ្លា​ផង​ដែរ។ ប៉ុន្តែ​មាន​ពេល​ខ្លះ​ការងារ​បន្ទាន់​ខ្លាំង​ពេក​តម្រូវ​ឲ្យ​បញ្ចប់​យ៉ាង​ប្រញាប់​ទើប​ធ្វើ​ឲ្យ​យើង​មិន​អាច​សម្រាក​បាន​គ្រប់​គ្រាន់ ហើយ​ធ្វើ​ឲ្យ​មុខ​ស្លក់​ស្លេក​ស្លាំង​ឆាប់​ចាស់​ទៀត​ផង​។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កញ្ញា សូម​លើក ៥ វិធី​ដែល​ជួយ​ស្តា​ស្ថានការណ៍​កុំ​ឲ្យ​បាក់​សម្រស់ ទោះ​បី​ស្ថិត​ក្នុង​កាលៈទេសៈ​រវល់​យ៉ាង​នេះ​ក្ដី។

១.កាត់​បន្ថយ​ការ​ផឹក​កាហ្វេ

កាហ្វេ​គឺ​ជា​មិត្ត​អ្នក​ធ្វើ​ការ​ ព្រោះ​វា​ជួយ​ឲ្យ​ការ​ផ្ដោត​អារម្មណ៍​បាន​ល្អ​និង​ជួយ​ឲ្យ​ស្វាង​មិន​ងងុយ​គេង​។​ប៉ុន្តែ​ផឹក​កាហ្វេ​ច្រើន​ពេក​បណ្ដាល​ឲ្យ​ ឈឺ​ក្បាល​ ព្រោះ​វា​មាន​ជាតិ​កាហ្វេ​អីុន​។​ ដូច​នេះ​ក្នុង​ថ្ងៃ​ដ៏​រវល់​នោះ​អ្នក​គួរ​តែ​ផឹក​តែ​មួយ​ពែង​ គឺ​គ្រប់គ្រាន់​ហើយ។​

២.ប្រើ​ទឹក​បាញ់​ុមុខ​រក្សា​សំណើម​ស្បែក

ប្រើ​ទឹក​បាញ់​មុខ (Facial Mist) ដើម្បី​រក្សា​សំណើម​ស្បែក​មុខ កុំ​ឲ្យ​ស្បែក​ស្ងួត និង​ឡើង​ខ្លាញ់។​ ទឹក​បាញ់​មុខ​នេះ​គឺ​ងាយ​ស្រួល​ដាក់​តាម​ខ្លួន​ ហើយ​ទោះ​រវល់​យ៉ាង​ណា​ក៏​អាច​ឆ្លៀត​បាញ់​មុខ​បាន​ដែរ។ វា​ជួយ​ឲ្យ​ផ្ទៃ​មុខ​ស្រស់​ស្រាយ​ជាង​មុន និង​ការពារ​មិន​ឲ្យ​​ស្លក់​ផង​ដែរ។

៣.ស្ដាប់​តន្ត្រី​ដែល​ជួយ​បង្កើន​កម្លាំង​ចិត្ត

អ្នក​នឹង​មាន​អារម្មណ៍​ថា​រសាយ​ការ​ហត់​នឿយ​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​បណ្ដើរ​ស្ដាប់​តន្ត្រី​ដែល​អ្នក​ចូល​ចិត្ត​បណ្ដើរ។ ធ្វើ​របៀប​នេះ​វា​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​បាន​រហ័ស និង​រីករាយ​ជាមួយ​ការងារ​ទៀត​ទោះបី​ជា​ហត់​យ៉ាង​ណា​ក៏​ដោយ។

៤.ផាត់​ក្រោម​ភ្នែក​ពណ៌​ស ហើយ​កុំ​ផាត់​ពណ៌​ខ្មៅ

អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា​ បើ​រវល់​តើ​មាន​ពេក​ឯណា​សម្រាប់​ផាត់​មុខ​គូរ​ភ្នែក?​ តែ​នេះ​សម្រាប់​អ្នក​ហត់​ធ្វើ​ការ​ឆ្លង​យប់​២​ទៅ​៣​យប់​ ហើយ​ក៏​រួចរាល់​ការងារ​អស់​ដែរ​ តែ​ត្រូវ​មក​ធ្វើ​ការ​ធម្មតា​នៅ​ថ្ងៃ​បន្ទាប់។​ ចូរ​ជ្រើស​រើស​ការ​ផាត់​ភ្នែក​ ភ្លឺ​ៗ​ ហើយ​ចៀសវាង​ប្រើ​ពណ៌​ក្រមៅ​ ព្រោះ​វា​ធ្វើ​ឲ្យ​មុខ​អ្នក​កាន់​តែ​ស្លក់​និង​គួរ​ឲ្យ​ខ្លាច។​ ផ្ទុយ​ពី​នេះ​ ផាត់​ភ្នែក​ឬ​ផាត់​ក្រោម​ត្របក​ភ្នែក​ពណ៌​ភ្លឺ​ៗ​ជួយ​ឲ្យ​មើល​ទៅ​ស្រស់ស្រាយ​ជាង​មុន។​

៥. ញ៉ាំ​ទឹក​ឲ្យ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ

បើ​សិន​ជា​អាច​ ញ៉ាំ​ទឹក​មួយ​ម៉ោង​ម្ដង​ កាន់​តែ​ប្រសើរ។​ ទឹក​ជួយ​បំពេញ​អុកស៊ីហ្សែន​ដល់​រាង​កាយ​ដែល​ធ្វើ​ឲ្យ​សុខភាព​ល្អ​និង​ស្បែក​ស្អាត​ផង​ដែរ។ ម្យ៉ាង​ទៀត​ទឹក​មួយ​កែវ​ត្រជាក់​ដល់​បេះដូង​រៀងរាល់​មួយ​ម៉ោង​ម្ដង​ជួយ​ដុត​បំផ្លាញ​កាឡួរី​ ហើយ​មិន​ធ្វើ​ឲ្យ​ធាត់​ទៀត​ផង៕

ចុចអាន៖

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖​ Pencharm

អត្ថបទពេញនិយម