​ស្រឡាញ់​គ្នា​បែប​ណា ទើប​គ្មាន​ទុក្ខ និង​ការ​ឈឺចាប់? ៥​ចំណុច​នេះ​សំខាន់​បំផុត!

  • 2017-11-20 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

“ទីណា​មាន​ស្នេហា​ ទី​នោះ​​មាន​ការ​ឈឺចាប់" គ្រប់​គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ពាក្យ​នេះ តែ​ស្នេហា​ក៏​មិនមែន​ត្រូវ​តែ​ឈឺចាប់​រហូត​នោះ​ទេ។ កុំ​ភ្លេច​ថា ស្នេហា​ក៏​បាន​បង្កើត​អ្វី​​ល្អ​​ៗ​សម្រាប់​ជីវិត​យើង​ដូច​គ្នា។ ​​ការ​ឈឺចាប់​ ខូច​ចិត្ត អាច​កើត​មាន​ដោយ​សារ​យើង​មិន​បាន​យល់​ច្បាស់​​ថា​ស្នេហា​ គឺ​វា​លើស​ពី​ការ​ស្រឡាញ់​គ្នា ដែល​ទាមទារ​ឲ្យ​មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​ទៀត​ដើម្បី​ឲ្យ​វា​ដំណើរការ​ទៅ​រលូន។

ប៉ុន្តែ​​វា​ក៏​មិន​អាច​ទៅ​រួច​ដែរ​ដែល​គូ​ស្នេហ៍​អាច​មាន​ក្ដី​សុខ​គ្រប់​ពេល។ ពេល​ខ្លះ​បញ្ហា​ក៏​អាច​កើត​ឡើង​ខ្លះ​ ដូច​អណ្ដាត​និង​ធ្មេញ​ត្រូវ​ប៉ះទង្គិច​គ្នា​ គឺ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​បើ​មាន​បញ្ហា​កើត​ឡើង​ច្រើន​ពេក​ យើង​ត្រូវ​អង្គុយ​គិត​​រក​ហេតុផល​ឲ្យ​បាន​ច្បាស់​លាស់​។ ខាង​ក្រោម​នេះ កញ្ញា នឹង​បង្ហាញ​ថា​តើ​ស្រឡាញ់​គ្នា​ដូច​ម្ដេច​ទើប “គ្មាន​ទុក្ខ”៖

រូបតំណាង

**១. ស្រឡាញ់​គ្នា​ប៉ុន្តែ​ក៏​មាន​ការ​ក្រែង​ចិត្ត**

ពិត​ហើយ​ថា​មនុស្ស​ស្រឡាញ់​គ្នា គឺ​គួរ​តែ​មាន​ចិត្ត​មួយ​ថ្លើម​មួយ​ អាច​និយាយ​ជាមួយ​គ្នា​បាន​គ្រប់​រឿង ប៉ុន្តែ​ពេល​ខ្លះ​ក៏​គួរ​យល់​អារម្មណ៍​គ្នា ដោយ​​យក​ចិត្ត​គេ​មក​ដាក់​ក្នុង​ចិត្ត​យើង​ខ្លះ។ យក​ល្អ អ្នក​គួរ​មាន​ការ​ក្រែង​ចិត្ត​គ្នា និង​ខ្វល់​ខ្វាយ​ពី​អារម្មណ៍​គ្នា​ឲ្យ​បាន​ច្រើន។  

២. ស្រឡាញ់​គ្នា​ដោយ​ការ​យល់​ចិត្ត

ចំណុច​នេះ​សំខាន់​ណាស់​ព្រោះ ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ប៉ុន្តែ​គ្មាន​ការ​​យល់​ចិត្ត​​គ្នា​ទេ វា​ក៏​ពិបាក​នឹង​ធ្វើ​ឲ្យ​ស្នេហា​​រលូន​ទៅ​មុខ​បាន​ដែរ ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ទុក្ខ​ញឹកញាប់​ទៀត។ ឧទាហរណ៍​បើ​​ខាង​ប្រុស​​ជា​មនុស្ស​ចូល​ចិត្ត​​ជួប​ជុំ​ជាមួយ​មិត្តភ័ក្ដិ ប៉ុន្តែ​​មិន​ពេញ​ចិត្ត មិន​មាន​ការ​យោគយល់​ពី​តម្រូវ​ការ​របស់​មនុស្ស​ប្រុស នោះ​វា​នឹង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​នានា​កើតឡើង។ ក្នុង​សេចក្ដី​ស្នេហា អ្វី​ដែល​សំខាន់​លើស​ពី​ការ​ស្រឡាញ់​គឺ​ការ​ចេះ​យោគយល់ ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក ទើប​ធ្វើឲ្យ​ស្នេហា​មាន​ភាព​ស្ថិតស្ថេរ​យូរ​អង្វែង។

៣. ស្រឡាញ់​គ្នា​ដោយ​មិន​រំពឹង​ចង់​បាន

នៅ​ពេល​ស្រឡាញ់​គ្នា​ យើង​ក៏​មាន​ការ​រំពឹង​ចង់​ឲ្យ​ភាគី​ម្ខាង​ទៀត​ក្លាយ​ជា​បែប​នេះ បែប​នេះ​តាម​ចិត្ត​យើង​ប្រាថ្នា ប៉ុន្តែ​បើ​វា​មិន​ដូច​អ្វី​ដែល​យើង​រំពឹង​ទេ វា​​​មាន​តែ​​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត ព្រោះ​គ្មាន​នរណា​អាច​ធ្វើ​តាម​អ្វី​ដែល​យើង​ចង់​បាន​ទាំង​អស់​នោះ​ទេ។ គួរ​គិត​ថា​ស្នេហា​គឺ​ការ​ “ផ្ដល់​ឲ្យ” ដូច្នេះ​​អ្នក​គួរ​តែ​កុំ​រំពឹង​អ្វី​ច្រើន​ពេក។ អ្វី​ដែល​សំខាន់​អ្នក​ទាំង​ពីរ​ត្រូវ​ព្យាយាម​ធ្វើ​វាឲ្យ​អស់​ពី​សមត្ថភាព ហើយ​ព្រម​ទទួល​យក​លទ្ធផល​​ឲ្យ​បាន។

រូបតំណាង

៤. ទទួល​ស្គាល់​ការ​ប្រែប្រួល

ស្រឡាញ់​គ្នា​ដំបូង អ្វី​ៗ​គ្រប់​យ៉ាង​ក៏​ផ្អែមល្ហែម ពិភពលោក​ហាក់​មាន​តែ​ពណ៌​ស៊ីជម្ពូ ប៉ុន្តែ​ជឿ​ទៅ​ថា​គ្មាន​អ្វី​ដែល​អាច​ដូចដើម​រហូត​នោះ​ទេ ព្រោះ​​សូម្បី​តែ​ខ្យល់​ក៏​ត្រូវ​ប្ដូរ​ទិស ចុះ​ទម្រាំ​មនុស្ស។ ដូច្នេះ​ បើ​គេ​មិន​ផ្អែមល្ហែម​ដូចដើម​ទេ វា​អាច​ដោយ​សារ​គេ​មាន​ការងារ​កាន់​តែ​ច្រើន ឬ​ដោយ​សារ​ស្នេហា​យើង​​បាត់បង់​ភាព​ផ្អែមល្ហែម​ខ្លះ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​គេ​លែង​ស្រឡាញ់​យើង​នោះ​ទេ។ ជម្រើស​ល្អ​ អ្នក​គួរ​ធ្វើ​ចិត្ត​ទទួល​យក​វា​ឲ្យ​បាន ហើយ​​ព្យាយាម​បន្ថែម​ភាព​ផ្អែមល្ហែម​ឲ្យ​គ្នា​វិញ​ប្រសើរ​ជាង។  

៥. ចេះ​អភ័យ​ទោស​ឲ្យ​គ្នា​ពេល​មាន​កំហុស​ឆ្គង

គ្មាន​នរណា​មិន​ធ្លាប់​​ធ្វើ​ខុស​នោះ​ទេ សូម្បី​តែ​អ្នក​ប្រាជ្ញ​ក៏​នៅ​ភ្លាត់​ភ្លេច​ម្ដង​ៗ ដូច្នេះ​ពេល​ខ្លះ​មនុស្ស​ដែល​យើង​ស្រឡាញ់​ក៏​អាច​ធ្វើ​អ្វី​មួយ​ខុស​ ដែល​ធ្វើ​ឲ្យ​យើង​មិន​ពេញ​ចិត្ត ធ្វើ​ឲ្យ​យើង​ខឹង ប៉ុន្តែ​បើ​យើង​ស្រឡាញ់​គេ ហើយ​ជ្រើសរើស​គេ​ជា​គូ​ជីវិត​ហើយ យើង​ក៏​ត្រូវ​​ទទួល​ស្គាល់ និង​អាច​អភ័យ​ទោស​ឲ្យ​គេ​ជានិច្ច ចាប់​ពី​រឿង​តូច​តាច​ដល់​រឿង​ផ្សេង​ៗ។ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​ខុស​ហើយ​ គឺ​ត្រូវ​ទទួល​កំហុស និង​រៀន​កែប្រែ​អ្វី​ដែល​ខុស​ឆ្គង​នោះ​ មិន​ឲ្យ​កើត​មាន​ញឹកញាប់ ពុំ​ដូច្នោះ​ទេ​ វា​នឹង​អាច​ដល់​ចំណុច​មួយ​ដែល​ភាគី​ម្ខាង​ទៀត​អស់​ការ​អត់ធ្មត់ ៕

ចុចអាន៖

ប្រភព៖ fungtumpost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម