ប្ដី​ល្អ​ក៏​អាច​ក្លាយ​ជា​ប្ដី​អាក្រក់​បាន បើ​ប្រពន្ធ​មិន​ចោល​ចរិត​ ៥​យ៉ាង​នេះ

  • 2017-11-19 01:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​នឹង​សម្រេច​ចិត្ត​រៀបការ​ជាមួយ​បុរស​ណា​ម្នាក់ មនុស្ស​ស្រី​គ្រប់​រូប​តែងតែ​សង្កេត និង​រៀនសូត្រ​ពី​អត្តចរិត ទម្លាប់ ចំណង់​ចំណូល​ចិត្ត ឬ​បុគ្គលិក​លក្ខណៈ​ដទៃ​ទៀត​យ៉ាង​ច្រើន ដើម្បី​ប្រាកដ​ថា​​​បុរស​ម្នាក់​នោះ​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់​​ក្នុង​ការ​ក្លាយ​ជា​អនាគត​ស្វាមី​​​ល្អ​របស់​ខ្លួន​​​​​។ ប៉ុន្តែ​ក្រោយ​រៀបការ​រួច​ទង្វើ​របស់​មនុស្ស​ស្រី​ខ្លួន​ឯង​​មួយ​ចំនួន​បាន​ឲ្យ​ប្តី​ល្អ​ម្នាក់​​​​ប្រែ​ជា​អាក្រក់​ដោយ​​មិន​ដឹង​ខ្លួន​​៖​

រូបតំណាង

**១. លែង​ឲ្យ​តម្លៃ​ចំពោះ​ទង្វើ​ល្អ​របស់​គាត់​** ​

ទង្វើ​ល្អ​​សាមញ្ញ​ៗ​​​របស់​គាត់​​​​ចំពោះ​អ្នក​ដូចជា បើក​ទ្វា​​ឡាន​​ យក​សំរាម​ទៅ​ចោល​ វៃ​ពីងពាង ចាក់​សាំង​ឡាន អ្នក​ចាប់​ផ្តើម​ស៊ាំ​ជាមួយ​វា រហូត​គិត​ថា​វា​ជា​តួនាទី​របស់​គាត់​។ អ្នក​​​​លែង​​មាន​អារម្មណ៍​រំភើប ឬ​​ត្រេកអរ​​ដូច​ពី​មុន​។

២. រិះគន់​​​​​ហួស​ហេតុ​

ពេល​អ្នក​មួម៉ៅ​អ្នក​តែង​ជះ​កំហឹង​ដាក់​គាត់ រក​រឿង​ចាប់​កំហុស រិះគន់​នូវ​កំហុស​សព្វ​គ្រប់​បែប​យ៉ាង​របស់​​គាត់​។ មនុស្ស​ប្រុស​ណា​ក៏​មិន​ចូល​ចិត្ត​ការ​រអ៊ូ​រទាំ​របស់​ប្រពន្ធ​ដែរ​។ ការ​អត់ធ្មត់​របស់​គាត់​មាន​កម្រិត ដូច្នេះ​វា​នឹង​ផ្ទុះ​នៅ​ពេល​ណា​មួយ​​ជាក់​ជា​មិន​ខាន​។​​

៣. អ្នក​មើល​ស្រាល​ចំពោះ​តួ​នាទី​របស់​​គាត់​

ជា​មនុស្ស​ស្រី​ដែល​ធ្វើ​ការ​ពេញ​ម៉ោង ហើយ​មក​ដល់​ផ្ទះ​ត្រូវ​ដើរ​តួនាទី​ជា​មេ​ផ្ទះ​ ចំណែក​ឯ​ប្តី​បែរ​ជា​អង្គុយ​​ចុច​ទូរស័ព្ទ​​​យ៉ាង​ស្រួល​។ ជឿជាក់​ថា​អ្នក​ប្រាកដ​ជា​ធុញ​ទ្រាំ​ និង​លែង​ផ្តល់​តម្លៃ​ចំពោះ​តួនាទី​​ជា​ប្តី​របស់​គាត់​។​​ ​អ្នក​ត្រូវ​ដឹង​ថា​​មនុស្ស​ប្រុស​ធ្លាប់​តែ​ជា​មេ​គ្រួសារ ​ហើយ​គាត់​មិន​ទាន់​សម្រប​ខ្លួន​ជាមួយ​​របត់​សង្គម​ថ្មី​។ កុំ​លាក់​ទុក​សម្ពៀត​បែប​នោះ​ក្នុង​ខ្លួន​តែ​ឯង អ្នក​ទាំង​ពីរ​គួរ​ពិភាក្សា​​គ្នា​រក​ដំណោះ​ស្រាយ​រួម​។​

រូបតំណាង

៤. យក​តែ​ចិត្ត​ខ្លួន​ឯង​

មុន​រៀបការ អ្នក​ទាំង​ពីរ​តែង​លះបង់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ប៉ុន្តែ​ក្រោយ​មក​អ្នក​តែងតែ​ចង់​ឲ្យ​គាត់​តម្រូវ​ចិត្ត​ខ្លួន​តែ​ម្ខាង ដូចជា​អ្នក​​ចង់​​ញ៉ាំ​របស់​ដែល​អ្នក​ចូល​ចិត្ត​គ្រប់​ពេល​ លែង​ខ្វល់​ពី​ចំណូល​ចិត្ត​របស់​គាត់​។ ​​ច្បាស់​ណាស់​ប្រសិន​គាត់​ប្រឆាំង ឬ​ជំទាស់ អ្នក​ប្រាកដ​ជា​និយាយ​ថា​គាត់​​លែង​ស្រឡាញ់​អ្នក​ដូច​មុន​។​ ​

៥. ការ​រំពឹង​ខ្ពស់​

មនុស្ស​ស្រី​ណា​ក៏​ចង់​ឲ្យ​ប្តី​ខ្លួន​ជោគជ័យ​ដែរ ប៉ុន្តែ​ពេល​ខ្លះ​ប្រសិន​​បើ​អ្នក​រំពឹង​ខ្ពស់​​ពេក វា​នឹង​ផ្តល់​សំពាធ​ផ្លូវ​ចិត្ត​ដល់​​គាត់​។ សម្រាប់​រឿង​ក្នុង​ផ្ទះ​ ប្រសិន​អ្នក​ចង់​ឲ្យ​គាត់​​ជួយ​អ្វី ប្រាប់​គាត់​ទៅ កុំ​​លាក់​ក្នុង​ចិត្ត​ រួច​រំពឹង​ថា​គាត់​ដឹង​ដោយ​ខ្លួន​ឯង​​។ មនុស្ស​​ប្រុស​មិន​មែន​ទេវតា​ដែល​អាច​ដឹង​គ្រប់​រឿង​នោះ​ទេ ៕​

ប្រភព៖ familyshare ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម