ហេតុ​ផល​ ៦​យ៉ាង​ដែល​អ្នក​គួរ​ស្រឡាញ់​មនុស្ស​ប្រុស​មិន​សង្ហា

  • 2017-11-17 10:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

“មនុស្ស​យើង​រើស​កំណើត​មិន​បាន​ទេ” ប្រយោគ​នេះ​ពិត​ខ្លាំង​ណាស់ ព្រោះ​បើ​សិន​រើស​បាន​មែន​ អ្នក​ណា​ៗ​ក៏​ចង់​កើត​មក​មាន​មុខ​មាត់​ស្អាត​ទាំង​ព្រម​ដែរ ត្បិត​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​​សម្លឹង​មើល​តែ​មនុស្ស​ស្អាត សង្ហា។ ទោះ​យ៉ាង​ណា​មនុស្ស​ប្រុស​ដែល​មាន​មុខ​មាត់​ធម្មតា​ៗ ក៏​កុំ​ទាន់​តូច​ចិត្ត​តូច​ថ្លើម​អី ព្រោះ​មនុស្ស​ស្រី​​ភាគ​ច្រើន​មិន​បាន​រើស​​គូ​ដោយ​មើល​លើ​រូបរាង​ខាង​ក្រៅ​ជា​ធំ​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ ​ពេល​ខ្លះ​​ការ​មាន​សង្សារ​មិន​សង្ហា​អាច​មាន​គុណ​សម្បត្តិ​ច្រើន​នឹក​ស្មាន​មិន​ដល់​ទៀត​ផង។ ចង់​ដឹង​មាន​អ្វី​ខ្លះ សូម​តាម​ដាន​ជាមួយ​ កញ្ញា ខាង​ក្រោម​នេះ៖

១. មិន​បាច់​ព្រួយ​បារម្ភ​ ខ្លាច​មនុស្ស​ស្រី​ផ្សេង​​មក​ចែចង់

អ្នក​នឹង​មិន​បាច់​ខ្វល់ខ្វាយ​ច្រើន ព្រោះ​មិន​បាច់​ចាំ​​ឃ្លាំ​មើល​ថា​អ្នក​ណា​​មក​លួច​មើល ឬ​ដណ្ដើម​គូ​ស្នេហ៍​របស់​យើង​ដូច​ជា​ការ​មាន​​គូ​ស្នេហ៍​ជា​បុរស​សង្ហា ព្រោះ​មនុស្ស​ប្រុស​មិន​សង្ហា​រមែង​មិន​មែន​ជា​គោលដៅ​របស់​មនុស្ស​ស្រី​ទាំង​នោះ​ឡើយ។ ដូច្នេះ​បើ​ដឹង​ថា​ខ្លួន​ឯង​ជា​មនុស្ស​ស្រី​ពូកែ​ប្រចណ្ឌ គួរ​ជ្រើស​រើស​សង្សារ​មុខ​មាត់​ធម្មតា​ៗ​​ទើប​អាច​ស្រណុក​ចិត្ត​ជាង។

២. យើង​នឹង​លេច​ធ្លោ​ជានិច្ច

នៅ​ពេល​បណ្ដើរ​គ្នា ឬ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា អ្នក​នឹង​​មើល​ទៅ​ស្រស់​ស្អាត​ជានិច្ច ព្រោះ​គ្មាន​សម្រស់​របស់​គេ​មក​លុប ហើយ​អ្នក​នឹង​បាន​ឮ​ពាក្យ​សរសើរ​ពី​មិត្តភ័ក្ដិ​របស់​គេ​ជានិច្ច​ថា “សង្សារ​របស់​ឯង​ស្អាត​ដល់​ហើយ”។ ឮ​តែ​ប៉ុណ្ណឹង​ញញឹម​បាន​បី​បួន​ថ្ងៃ​បាត់ មែន​អត់?

៣. អ្នក​នឹងត្រូវ​គេ​សរសើរ​ថា​ជា​មនុស្ស​ស្រី​ដែល​រើស​គូ​ដោយ​មិន​មើល​លើ​សម្រស់

ក្រៅ​ពី​​មើល​ទៅ​ស្រស់​ស្អាត​ពី​ខាង​ក្រៅ​ហើយ ការ​មាន​សង្សារ​មិន​សូវ​សង្ហា ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​​មើល​ទៅ​ជា​មនុស្ស​ស្រី​មាន​ទឹក​ចិត្ត​ល្អ​ទៀត​ផង ព្រោះ​វា​បង្ហាញ​ថា​អ្នក​មើល​ឃើញ​តម្លៃ​ពិត​របស់​គេ​លើស​ពី​​​សម្បក​​ខាង​ក្រៅ។

៤. គេ​នឹង​មិន​ងប់ងុល​នឹង​ខ្លួន​ឯង

មនុស្ស​ប្រុស​ដែល​មាន​មុខ​មាត់​ធម្មតា​ៗ រមែង​មិន​សូវ​ទទួល​បាន​ការ​សរសើរ​​ញឹកញាប់​ដូច​​អ្នក​មាន​មុខ​មាត់​ស្អាត​នោះ​ទេ ដូច្នេះ​គេ​នឹង​មិន​សូវ​មាន​ភាព​ងប់ងុល​នឹង​ខ្លួន​ឯង​ ​មិន​គិត​ថា​ខ្លួន​អស្ចារ្យ​ជាង​អ្នក​ដទៃ ហើយ​ក៏​គ្មាន​ផ្លូវ​និយាយ​អ្វី​ដែល​​ធ្វើ​ឲ្យ​អ្នក​អន់​ចិត្ត​នឹង​ខ្លួន​ឯង​ដែរ។

៥. គេ​នឹង​ព្យាយាម​អភិវឌ្ឍ​ផ្នែក​ផ្សេង​ៗ​របស់​ខ្លួន​ជានិច្ច

ព្រោះ​ដឹង​​ថា​ខ្លួន​មិនមាន​ចំណុច​ទាក់ទាញ​លើ​មុខ​មាត់ គេ​នឹង​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​ផ្សេង​ៗ​របស់​ខ្លួន​ឲ្យ​បាន​ល្អ មិន​ថា​ការងារ សមត្ថភាព ឬ​សូម្បី​តែ​អត្តចរិត​ផ្ទាល់​ខ្លួន ដើម្បី​​ឲ្យ​មើល​ទៅ​គ្រាន់​បើ​នឹង​គេ​ខ្លះ។ ប៉ុន្តែ​ចំណុច​ទាំង​នេះ​គឺ​សំខាន់​ជាង​មុខមាត់​ទៅ​ទៀត ដូច្នេះ​ហើយ​​នារី​ៗ​អាច​ទុក​ចិត្ត​​ផ្ញើ​អនាគត​ជាមួយ​​គេ​បាន។

៦. គេ​នឹង​សុខ​ចិត្ត​ចាញ់​អ្នក​ច្រើន​ជាង​​បុរស​សង្ហា

នៅ​ពេល​គេ​គ្មាន​ភាព​ងប់ងុល​នឹង​ខ្លួន​ឯង នៅ​ពេល​ណា​មាន​បញ្ហា​ឈ្លោះ​គ្នា គេ​នឹង​ងាយ​​ព្រម​ចុះចាញ់​​អ្នក​ច្រើន​ជាង​បុរស​ដែល​សង្ហា ព្រោះ​ជា​ធម្មតា​អ្នក​​មាន​មុខ​មាត់​ស្អាត​នឹង​មាន​ជម្រើស​ច្រើន​ទៀត​ចូល​មក​ក្នុង​ជីវិត​របស់​គេ ដែល​ធ្វើ​ឲ្យ​គេ​យល់​ថា​អ្នក​ត្រូវ​លួង​គេ។ ដូច្នេះ​ហើយ​មនុស្ស​ប្រុស​ដែល​មាន​មុខ​មាត់​ធម្មតា​នឹង​​អាច​ផ្ដល់​ការ​ថ្នាក់ថ្នម​ដល់​អ្នក​ច្រើន​ជាង។

ឃើញ​ទេ ការ​មាន​គូ​ស្នេហ៍​​មាន​មុខ​មាត់​ធម្មតា​ៗ​មាន​គុណសម្បត្តិ​ច្រើន​ណាស់ ដូច្នេះ​ហើយ​ស្រី​ៗ​គួរ​សាកល្បង​បើក​ចិត្ត​ខ្លះ កុំ​ឲ្យ​ការ​រំពឹង​លើ​រូបរាង​ខាង​ក្រៅ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ឱកាស​ក្នុង​ការ​ជួប​ដៃ​គូ​ជីវិត​ដែល​ល្អ​ៗ ព្រោះ​រូប​សម្រស់​ខាង​ក្រៅ​មិន​មែន​ជា​អ្វី​ដែល​ស្ថិតស្ថេរ​នោះ​ទេ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​អត្តចរិត​និង​ចិត្ត​គំនិត​​ដូច​គ្នា​ប៉ុណ្ណោះ​​ទើប​អាច​ឲ្យ​ស្នេហា​គង់វង្ស​យូរ​អង្វែង​បាន ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម