៧ វិធី​​ក្នុង​ការ​បែក​គ្នា​ដោយ​មាន​ភាព​ចាស់​ទុំ​ និងថ្លៃថ្នូរ

  • 2017-11-17 04:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ស្នេហា​គ្មាន​អ្នក​ណា​ទទួល​យក​ដើម្បី​តែ​បែក​គ្នា​នោះ​ទេ តែ​ពេល​ខ្លះ​រឿង​មិន​អាច​ចៀស​រួច មិន​អាច​ផ្សះផ្សា​បាន ដូច្នេះ​វិធី​ដ៏​ល្អ​មាន​តែ​បែក​គ្នា។ បើ​សិន​ជា​អ្នក​សម្រេច​ចិត្ត​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ អ្នក​គួរ​តែ​បែក​គ្នា​ក្នុង​ភាព​ចាស់​ទុំ និង​ថ្លៃ​ថ្នូរ តាម​វិធី​ខាង​ក្រោម​នេះ ៖

១. កុំ​ពន្យារ​ពេល

អ្នក​ប្រហែល​ជា​ព្យាយាម​ពន្យារ​ពេល​ដើម្បី​បែក​ពី​គាត់ ដោយ​ការ​អាណិត ឬ​គិត​ថា​ចាំ​ឱកាស​ល្អ​ដើម្បី​កុំ​ឲ្យ​គាត់​គិត​ច្រើន។ ​អ្នក​ដឹង​ទេ​ថា​ការ​ពន្យារ​ពេល​នេះ​រឹត​តែ​ធ្វើ​ឲ្យ​គាត់​ពិបាក​ចិត្ត និង​ធ្វើ​ឲ្យ​គាត់​កាន់​តែ​មិន​ដាច់​ចិត្ត​ពី​អ្នក ដូច្នេះ​អ្នក​មិន​គួរ​នៅ​ត្រាំត្រែង​ជាមួយ​គាត់​បន្ត​ទៀត​ទេ​បើ​សិន​ជា​គិត​ថា​មិន​បន្ត​ទៅ​មុខ​ហើយ​នោះ។

រូបតំណាង

**២. ប្រាប់​ផ្ទាល់​**

បើ​អ្នក​ចង់​បែក​មែន​អ្នក​គួរ​តែ​ប្រាប់​គាត់​ផ្ទាល់​មាត់ និង​ជួប​និយាយ​គ្នា​ផ្ទាល់ មិន​គួរ​បែក​ដោយ​មិន​លា ឬ​ផ្ញើ​សារ ក៏ Chat មក​ទេ។ ការ​បែក​គ្នា​ដោយ​ប្រយោល​បែប​នេះ គឺ​បង្ហាញ​ពី​ភាព​កំសាក និង មិន​ទទួល​ខុស​ត្រូវ​របស់​អ្នក។

៣. ប្រើ​ភាសា​ចាស់​ទុំ​ក្នុង​ការ​បែក​គ្នា

ភាសា​ចាស់​ទុំ​នៅ​ត្រង់​នេះ​គឺ​ឲ្យ​អ្នក​ចេះ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ មិន​មែន​ស្រែក​ឬ​ក៏​ប្រើ​ពាក្យ​អាក្រក់​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ម្ខាង​ទៀត​ឡើយ។ អ្នក​គួរ​តែ​បែក​គ្នា​ដោយ​សម្រួល និយាយ​ដោយ​ម៉ឺងម៉ាត់ មិន​មែន​លេងៗ​យក​ជា​ការ​មិន​បាន​ឡើយ។

៤. ប្រាកដ​ថា​គាត់​ជា​មនុស្ស​ទី​១​ដែល​ដឹង​រឿង​នេះ

អ្នក​មិន​គួរ​ដើរ​ប្រាប់​អ្នក​ដទៃ​ថា​អ្នក​បែក​គ្នា​ហើយ​ទាំង​មិន​ទាន់​បាន​និយាយ​ជា​មួយ​គាត់​សិន​នោះ​ទេ ត្រូវ​ប្រាកដ​ថា​​គាត់​ជា​អ្នក​ទទួល​រឿង​នេះ​មុន​គេ។ ទោះ​បែក​គ្នា​ក៏​ដោយ​ក៏​អ្នក​គួរ​តែ​រក្សា​តម្លៃ និង​ភាព​ថ្លៃថ្នូរ​សម្រាប់​គាត់ និង​ខ្លួន​ឯង​ដែរ​មិន​មែន​ដើរ​តែ​ហែក​កេរ្តិ៍​គ្នា​នោះ​ទេ។

រូបតំណាង

៥. ប្រាប់​ពី​ហេតុផល​ពិត​ប្រាកដ​មួយ

កុំ​ព្យាយាម​រក​លេស​មក​កុហក​គាត់ និង​យក​ខ្លួន​ឯង​ល្អ។ អ្នក​ត្រូវ​ផ្ដល់​ហេតុ​ផល​ពិត​មួយ​ដល់​គាត់ បើ​អ្នក​មាន​ថ្មី​ ប្រាប់​គាត់​ថា​មាន​ថ្មី​ទៅ បើ​អ្នក​អស់ចិត្ត​ អ្នក​ប្រាប់​គាត់​ថា​អស់​ចិត្ត​ទៅ ដាច់​ខាត​កុំ​យក​ហេតុផល​កូន​ក្មេង​មក​ប្រើ​អី។

៦. កុំ​បង្ហាញ​រឿង​បែក​បាក់​នេះ​ទៅ​សាធារណៈ ជាពិសេស​បណ្ដាញ​សង្គម

បែក​ហើយ​ក៏​បែក​ទៅ មិន​ចាំ​បាច់​រៀបរាប់​ឲ្យ​គេ​ដឹង​តាម​បណ្ដាញ​សង្គម​ ដូច​ជា Facebook ​ឬinstagram អី​នោះ​ទេ ព្រោះ​វា​មិន​ល្អ។ ការ​ដែល​អ្នក​ធ្វើ​បែប​នេះ​កឺ​ដូច​បំបាក់​មុខ​គាត់ និង​ខ្លួន​អ្នក​ដូច​គ្នា ដូច្នេះ​គួរ​តែ​ទៅ​តាម​ធម្មជាតិ​ទៅ។

៧. កុំ​ទម្លាក់​កំហុស​ឲ្យ​គាត់

ទោះ​បី​គាត់​ខុស ឬ​មិន​មែន​ក៏​ដោយ​ក៏​អ្នក​មិន​គួរ​ទម្លាក់​ឲ្យ​គាត់​ទាំង​អស់​ដែរ គួរ​តែ​ព្យាយាម​និយាយ​គ្នា​ឲ្យ​ស្រួល​តាម​តែ​អាច​ធ្វើ​បាន។ ការ​ដាក់​កំហុស​ឲ្យ​អ្នក​ដទៃ គឺ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែលចង់​ល្អ​តែ​ខ្លួន​ឯង។

រូបតំណាង

បើ​អាច​បែក​គ្នា​ដោយ​ស្រួល​ចិត្ត​ គួរ​តែ​ព្យាយាម​ ព្រោះ​យ៉ាង​ណា​ក៏​អ្នក​ និង​គាត់​មាន​និស្ស័យ​ដែរ​ទើប​អាច​ជួប​គ្នា អាច​ស្រឡាញ់​គ្នា​បាន៕​

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម