សញ្ញា​៨​យ៉ាង​បញ្ជាក់​ថា​រាងកាយ​អ្នក​កំពុង​ខ្វះ​ប្រូតេអ៊ីន​ធ្ងន់ធ្ងរ​

  • 2017-11-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាព​​ល្អ​គឺ​ជា​​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​។ ការ​ញ៉ាំ​អាហារ​​មិន​​ត្រឹមត្រូវ ទាំង​បរិមាណ ទាំង​​គុណភាព ពិត​ជា​​អាច​បំផ្លាញ​សុខភាព​អ្នក​បាន​។ ខាង​ក្រោម​នេះ​ជា​សញ្ញា​ទាំង​៨​យ៉ាង ដែល​​បញ្ជាក់​ថា​​អ្នក​កំពុង​ខ្វះ​ប្រូតេអ៊ីន​ធ្ងន់ធ្ងរ​​ ​ហើយ​ត្រូវ​ប្រញាប់​រក​វិធីសាស្ត្រ​ក្នុង​ការ​ផ្ដល់​ប្រូតេអ៊ីន​ដល់​រាងកាយ​អ្នក​​​ជា​​បន្ទាន់​​៖​

១. អ្នក​ចង់​ញ៉ាំ​​អ្វី​មួយ​យ៉ាង​ខ្លាំង​

ទោះ​បី​អ្នក​ញ៉ាំ​ច្រើន​ប៉ុណ្ណា​ ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​ឆ្អែត ហើយ​ឃ្លាន​អ្វី​ម៉្យាង​​។ រាងកាយ​របស់​​យើង​ពិត​ជា​ឆ្លាត​ណាស់​ ប្រសិន​បើ​វា​ត្រូវ​ការ​ប្រូតេអ៊ីន​អ្វី​មួយ វា​នឹង​ផ្តល់​សញ្ញា​ដល់​ខួ​ក្បាល​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ចំណង់ ចង់​ញ៉ាំ​របស់​នោះ​ជា​ខ្លាំង​។ ដូច្នេះ​បើ​អ្នក​ឃ្លាន​អ្វី​មួយ​ចម្លែក អ្នក​គួរ​ញ៉ាំ​របស់​នោះ​ទៅ​។​

២. ឧស្សាហ៍​ឈឺ​

ប្រសិន​បើ​អ្នក​​​​ឧស្សាហ៍​​ផ្ដាសាយ​ញឹកញាប់ ឬ​ងាយ​ក្នុង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ មាន​ន័យ​​ថា​​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​កំពុង​​ចុះ​ខ្សោយ ដោយសារ​កង្វះ​ប្រូតេអ៊ីន​។ ប្រូតេអ៊ីន​គ្រប់គ្រាន់ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ និង​ដំណើរការ​ល្អ​។ ​​​​​

៣. ស្នាម​របួស​មិន​ងាយ​ជា​​

រាងកាយ​យើង​ត្រូវ​ការ​ប្រូតេអ៊ីន​ ដើម្បី​ព្យាបាល ជួសជុល​​កោសិកា​ចាស់ៗ ក៏​ដូចជា​បង្កើត​​កោសិកា​ថ្មីៗ។ ដូច្នេះ​ប្រសិន​បើ​អ្នក​​មុត​កាំបិត ហើយ​​រយៈ​ពេល​យូរ​ហើយ​ នៅ​តែ​​មិន​ទាន់​ជា​សះ​ស្បើយ​ទៀត មិន​​បាច់​ឆ្ងល់​ទេ ​វា​​ជា​សញ្ញា​នៃ​កង្វះ​ប្រូតេអ៊ីន​ក្នុង​រាងកាយ​ហើយ​​​។​

៤. ចង់​ញ៉ាំ​របស់​ផ្អែមៗ​

ទើប​​តែ​ម៉ោង​៩​ព្រឹក ស្រាប់​​តែ​ចង់​ញ៉ាំ​​បង្អែម ឬ​ការ៉េម នេះ​ប្រហែល​អ្នក​ញ៉ាំ​​អាហារ​ពេល​ព្រឹក​​ដែល​មិន​សូវ​សំបូរ​ប្រូតេអ៊ីន​ហើយ​។ ប្រូតេអ៊ីន​គ្រប់គ្រាន់​អាច​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​មាន​ស្ថិរភាព​បាន​។

៥. ក​ជើង​របស់​អ្នក​ហើម​

ប្រូតេអ៊ីន​​ក៏​មាន​តួនាទី​ក្នុង​​ការ​ទាញ​សារធាតុ​រាវ​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​ ​ហើយ​មិន​ឱ្យ​វា​រត់​ចូល​ទៅ​ក្នុង​ជាលិកា​ដទៃ​ទៀត​។​ បើ​គ្មាន​វត្តមាន​ប្រូតេអ៊ីន​គ្រប់​គ្រាន់​ទេ សារធាតុ​រាវ​ទាំង​នោះ​និង​ហៀរ​ចូល​ជាលិកា​ផ្សេងៗ ដែល​អាច​បង្ក​ជា​​បញ្ហា​រលាក​សន្លាក់ និង​​ធ្វើ​ឲ្យ​ក​ជើង​របស់​អ្នក​ហើម​ជា​មិន​ខាន​។​

៦. ខួ​ក្បាល​​ស្ពឹក​

ធ្លាប់​ទេ ពេល​​អ្នក​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក ហើយ​ត្រូវ​ធ្វើ​ការ​ដល់​ម៉ោង​២​រសៀល អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ល្អ មួម៉ៅ ឬ​ញ័រ​ខ្លួន​។​ កង្វះ​ប្រូតេអ៊ីន​ ធ្វើ​ឲ្យ​ខួ​ក្បាល​អ្នក​ដើរ​យឺត មិន​សូវ​ចង​ចាំ​ល្អ ពេល​គេ​និយាយ​អ្វី មិន​សូវ​​យល់​​ឬ​ចាប់​ន័យ​បាន​រហ័ស​ឡើយ​។​

៧. ជ្រុះ​សក់​

ពេល​​ជ្រុះ​សក់ ចំណុច​​ដំបូង​ដែល​អ្នក​គិត​ដល់​ប្រហែល​ជា​សាប៊ូ ឬ​ផលិតផល​ថែ​បំប៉ន​សក់​នានា​។ ផ្ទុយ​ទៅ​វិញ​សក់​ស្អាត ភ្លឺ​រលោង និង​រឹងមាំ ក៏​ជា​លទ្ធផល​នៃ​ដំណើរ​ការ​​ល្អ​នៅ​ក្នុង​រាងកាយ​ដែរ​។ កង្វះ​ប្រូតេអ៊ីន និង​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ជ្រុះ​ច្រើន ខុស​ពី​ធម្មតា ដូច្នេះ​អ្នក​ត្រូវ​ចេះ​សង្កេត​មើល​បញ្ហា​នេះ​។​

៨. សាច់ដុំ​មិន​ស្អាត​ទោះ​បី​​អ្នក​ប្រឹង​ហាត់​ប្រាណ​

សាច់ដុំ​របស់​​មនុស្ស​ ត្រូវ​បាន​បង្កើត​ឡើង​ពី​ប្រូតេអ៊ីន​ដូច្នេះ​ប្រសិន​បើ​អ្នក​​មិន​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​នៅ​ក្នុង​របប​អាហារ​ទេ​ វា​សម​ហេតុផល​​ណាស់​ដែល​អ្នក​មិន​អាច​មាន​សាច់ដុំ​ស្អាត ​ទោះ​បី​អ្នក​ចំណាយ​កម្លាំង​ហាត់​ប្រាណ​ខ្លាំង​​​ប៉ុណ្ណា​ក៏​ដោយ​ ៕

ប្រភព៖ thelist ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម