ទម្លាប់​​​សម្អាត​ទ្វារមាស​មិន​ត្រឹម​ត្រូវ ស្ត្រី​គួរ​យល់​ដឹង និង​ជៀសវាង

  • 2017-11-13 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ថែរក្សា​អនាម័យ​ប្រដាប់​ភេទ​គឺ​ពិត​ជា​សំខាន់​ណាស់​ ព្រោះ​ការ​ថែទាំ​ត្រឹមត្រូវ​នាំ​មក​នូវ​សុខភាព​ តែ​ផ្ទុយ​ទៅ​វិញ​បើ​ថែទាំ​ដោយ​មិន​បាន​ដឹង​ក្បួន​ច្បាប់​ត្រឹមត្រូវ​ អាចបណ្ដាល​ឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​បាន​ទៀត​ផង។ ដូចនេះ កញ្ញា សូម​លើក​យក​ទម្លាប់​នៃ​ការ​សម្អាត​ទ្វារមាស​មិន​ត្រឹមត្រូវ និង​ផល​ប៉ះ​ពាល់​ដែល​ស្ត្រី​គួរ​យល់​ដឹង ហើយ​ជៀសវាង​ឲ្យ​បាន៖

១.ការ​ប្រើ​ក្រដាស​អនាម័យ​ក្រោយ​ពេល​បន្ទោបង់

ស្ត្រី​មួយ​ចំនួន​ចូល​ចិត្ត​ជូត​ត្រង់​បរិវេណ​រន្ធ​គូទ​ អូស​មក​ដល់​ទ្វារ​ ដែល​នេះ​មិន​គួរ​អនុវត្ត​ឡើយ​ព្រោះ​វា​បណ្ដាល​ឲ្យ​មេរោគ​ដែល​តោង​ជាប់​ក្រដាស​នោះ​​ឆ្លង​ចូល​ទៅ​ប្រដាប់​ភេទ​យ៉ាង​ងាយ។ ការ​ជូត​ដែល​ត្រឹមត្រូវ​គឺ​គួរ​ប្រើ​ក្រដាស​ជូត​ត្រង់​បរិវេណ​ទ្វារធំ​ដោយ​ឡែក​ ហើយ​សឹម​ប្រើ​ក្រដាស​ថ្មី​សម្អាត​ត្រង់​បរិវេណ​ទ្វា​មាស។

២.កុំ​ប្រើ​ក្រដាស​ជូត​ដៃ​ទៅ​ជូត​គូទ

ក្រដាស​អនាម័យ​មាន​នាទី​ផ្សេង​គ្នា​ ដូចជា​ក្រដាស​សម្រាប់​ជូត​ដៃ​មាន​លក្ខណៈ​ក្រាស់​រឹង​ជាង​ហើយ​មាន​បន្ថែម​ក្លិន​ រីឯ​ក្រដាស​ជូត​គូទ​មាន​លក្ខណៈ​ទន់​ ងាយ​រលាយ ​ហើយ​គ្មាន​ក្លិន។​ ការ​ប្រើ​ប្រាស់​ក្រដាស​អនាម័យ​ឲ្យ​សមស្រប​គឺ​សំខាន់​ណាស់​ ព្រោះ​ស្បែក​កន្លែង​ផ្សេង​ៗ ក៏​ខុស​គ្នា​ដែរ ជា​ពិសេស​ត្រង់​ចំណុច​ប្រដាប់​ភេទ​នោះ​គឺ​ស្ដើង និង​ងាយ​រលាក​ណាស់​បើ​កកិត​នឹង​ង​ក្រដាស​រឹង​ច្រើន​ដង។

៣.ហាម​អេះ

មិន​ត្រូវ​អេះ​ខ្លាំង​ៗ​នោះ​ទេ​ទោះ​បី​ជា​រមាស់​យ៉ាង​ណា​ក៏​ដោយ។ ព្រោះ​ក្រចក​ជា​បណ្ដុំ​នៃ​មេរោគ​ ហើយ​វា​ធ្វើ​ឲ្យ​ឆ្លង​មេរោគ​ផ្សេងៗ​យ៉ាង​ងាយ​ទៅ​ទ្វារមាស​ដោយ​សារ​ការ​អេះ​ដាច់​ស្បែក។ អ្នក​គួរ​ទ្រាំ​កុំ​អេះ​តែ​បើ​ទ្រាំ​ពុំ​បាន​ គួរ​ត្រដុស​កន្លែង​រមាស់​នោះ​ដោយ​កុំ​ប្រើ​ក្រចក។​ ឧស្សាហ៍​លាង​សម្អាត​ទ្វារមាស​ទើប​មិន​ជួប​អាការៈ​បែប​នោះ តែ​បើ​នៅ​តែ​មិន​បាត់​គួរ​ទៅ​ពិគ្រោះ​ជា​មួយ​ពេទ្យ។

៤.កុំ​ប្រើ​សាប៊ូ​លាង​សម្អាត

សាប៊ូ​មាន​ច្រើន​ប្រភេទ​ណាស់​ ហើយ​មាន​នាទី​ខុស​គ្នា ដូចនេះ​មិន​គួរ​ប្រើ​សាប៊ូ​ដុស​ខ្លួន​មក​លាង​សម្អាត​បរិវេណ​នោះ​ឡើយ។ ការ​លាង​សម្អាត​ទ្វារ​មាស ត្រូវ​ជ្រើសរើស​ទឹក​អនាម័យ​ដែល​មាន​ជាតិ​អាស៊ីដ​ទាប។

៥.ប្រើ​សំឡី​ទ្រាប់

មិន​ថា​តែ​សម្រាប់​ថ្ងៃ​មក​រដូវ​ទេ​ តែ​សម្រាប់​ថ្ងៃ​ធម្មតា​ក៏​គួរ​ប្រើ​សំឡី​ដើម្បី​ទ្រាប់​ដែរ។​ ព្រោះ​ការ​ប្រើ​សំឡី​តូច​ៗ​ប្រចាំ​ថ្ងៃ​នេះ​ កាត់​បន្ថយ​អត្រា​ដែល​ធ្វើ​ឲ្យ​មាន​ក្លិន​មិន​ល្អ។ ដោយសារ​ទ្វារមាស​វា​មាន​ចេញ​ទឹក​រំអិល​​ជា​ប្រព័ន្ធ​សម្អាត​ធម្មជាតិ​មួយ ហើយ​វា​អប់​ទុក​នឹង​ខោ​ក្នុង ដែល​បង្ក​ឲ្យ​មាន​មេរោគ​​កើត​ឡើង​ ព្រម​ទាំង​មាន​ក្លិន​មិន​ល្អ៕

ចុចអាន៖អ្នកចូលចិត្តញ៉ាំ​អយស្ទ័រ នឹង​ភ្ញាក់ផ្អើល​បើ​បាន​ដឹង​ពី​ប្រយោជន៍​របស់​វា​ចំពោះ​សុខភាព

ប្រភព៖ healthline | Cleveland Clinic ប្រែ​សម្រួល​៖​ Pencharm

អត្ថបទពេញនិយម