​រឿង​សាមញ្ញ​​ ៦យ៉ាង​​ដែល​​ជះ​ឥទ្ធិពល​​អាក្រក់​ដល់​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​

  • 2017-11-12 02:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​​រៀបការ​រួច អ្នក​ប្រាកដ​ជា​ចង់​ដឹង​ពី​​វិធីសាស្ត្រ​នានា​​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​​​ទទួល​បាន​ភាព​​​ជោគជ័យ។​ យ៉ាងណា​មិញ អ្នក​អាច​ស្វែងរក​ព័ត៌មាន និង​ដំបូន្មាន​ល្អៗ​ជា​ច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន ក៏​ដូច​ជា​​តាម​រយៈ​អ៊ីនធឺណិត​។ ថ្ងៃ​​​នេះ​កញ្ញា​ក៏​ចង់​ប្រាប់​អ្នក​អំពី​​ ៦ចំនុច​សាមញ្ញៗ ​ដែល​អាច​​ជះ​ឥទ្ធិពល​អាក្រក់​​​ដល់​​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​​ ​ហើយ​​​អ្នក​ប្រហែល​ជា​​មិន​ដែល​ដឹង​ពី​មុន​មក​​៖​

១. រស់នៅ​ជាមួយ​គ្នា​មុន​រៀបការ​

វា​ជា​រឿង​ដែល​គូ​ស្នេហ៍​សម័យ​ថ្មី កំពុង​ធ្វើ​ដើម្បី​​ស្គាល់​គ្នា​ឲ្យ​ច្បាស់​មុខ​រៀបការ​។​ យ៉ាងណាមិញ ប្រសិន​បើ​​អ្នក​​ធ្លាប់​ឆ្លង​កាត់​ការ​​រស់​នៅ​ជាមួយ​គូ​ស្នេហ៍​ចាស់ៗ​​​​ជា​ច្រើន​នាក់​ អ្នក​ប្រហែល​ជា​មិន​សូវ​មាន​ការ​អត់​ធ្មត់ ឬ​ប្តូរ​ផ្តាច់​ជា​មួយ​ប្តី​ប្រពន្ធ​ថ្មី​ដែល​​អ្នក​ទើប​រៀបការ​ជាមួយ​​ទេ ព្រោះ​អ្នក​​អាច​​ស៊ាំ​ជាមួយ​​ការ​បាក់បែក​គ្នា​ពី​មុន​មក​។​

រូបតំណាង

**២. ប្រកាន់​ភ្ជាប់​ការ​គុំគួន​**

ការ​លើក​លែង​ទោស​គឺ​ជា​​​ធាតុ​បង្ក​ដ៏​សំខាន់​សម្រាប់​សុភមង្គល​គ្រួសារ​។ ដូច្នេះ​ប្រសិន​បើ​គ្រប់​ពេល​អ្នក​​ខឹង​អ្នក​តែងតែ​​ព្យាយាម​សង​សឹង ឬ​គុំគួន​គ្នា​ទៅ​​វិញ​ទៅ​មក មិន​ថា​កំហុស​ធំ​ឬ​តូច​តាច​ អ្នក​ទាំង​ពីរ​ប្រាកដ​ជា​រក​សេចក្តី​សុខ​មិន​ឃើញ​​ឡើយ​​។​

៣. ចំណូល​ចិត្ត​​​ផ្ទាល់​ខ្លួន និង​មិត្តភក្ដិ​

ចំណង់​ចំណូល​ចិត្ត និង​មិត្តភាព​​ផ្ទាល់​ខ្លួន​​ពិត​ជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ​។ ក្រោយ​រៀបការ​រួច​​អ្នក​ត្រូវ​ចេះ​ថ្លឹងថ្លែង​ពេល​វេលា ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ស្មើ​គ្នា និង​អាច​ទទួល​យក​បាន​សម្រាប់​​​ភាគី​ទាំង​សង​ខាង​។

៤. ការ​ចំណាយ​ពេល​លើ​ទូរស័ព្ទ

ពេល​ខ្លះ វា​ជា​រឿង​​ចាំបាច់ ហើយ​ពេល​ខ្លះ​ទៀត​អ្នក​គ្រាន់​តែ​​​ធ្វើ​វា​ដើម្បី​កែ​អផ្សុក ឬ​បន្ថយ​​អារម្មណ៍​តាន​តឹង​ប៉ុណ្ណោះ ដូច្នេះ​​​​​​​ពួកគាត់​​អាច​យល់​ចំពោះ​បញ្ហា​នេះ​។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ងប់ងុល​ខ្លាំង​លើ​ទូរស័ព្ទ ដោយ​លែង​សូវ​អើពើ ចំពោះ​គ្រួសារ មាន​ន័យ​ថា​វា​ជា​​រឿង​​ធ្ងន់ធ្ងរ​​ ដែល​អ្នក​ទាំង​ពីរ​ត្រូវ​​តែ​ដោះ​ស្រាយ​​ជា​ដាច់​ខាត​។​

រូបតំណាង

៥. ឈ្លោះ​គ្នា​​​ច្រើន​ពេក​

ប្តី​ប្រពន្ធ​ណា​ក៏​ឈ្លោះ​គ្នា​ដែរ ប៉ុន្តែ​វា​គួរ​មាន​កម្រិត​របស់​វា​។ ឈ្លោះ​គ្នា​គ្រប់​ពេល​ពេក មិន​​ថា​រឿង​ធំ​ឬ​តូច​វា​អាច​ធ្វើ​ឲ្យ​ម្នាក់ៗ​ហត់ ធុញ​ទ្រាំ និង​អស់​ចិត្ត​ពី​គ្នា​​ឆាប់។​ ដូច្នេះ​អ្នក​ទាំង​ពីរ គួរ​តែ​​ព្យាយាម​កាត់​បន្ថយ​។ រឿង​ដែល​ចាំបាច់​ខ្លាំង ចាំ​ឈ្លោះ រឿង​ដែល​តូចតាច​​មិន​ចាំបាច់​គួរ​កាយ​កប់ ត្រឡប់​ជាន់​ រំលង​ចោល​ខ្លះ​​ទៅ​។​

៦. ត្អូញត្អែរ​​ប្រាប់​មិត្តភក្ដិ​

ការ​រអ៊ូ​រទាំ​ ត្អូញត្អែរ​ ឬ​និយាយ​​មិន​ល្អ ពី​​ប្តី​​ប្រពន្ធ​របស់​អ្នក​ប្រាប់​មិត្តភក្ដិ​ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ឡើយ​។ ប្រសិន​បើ​អ្នក​មាន​​បញ្ហា អ្នក​គួរ​​ជជែក​​គ្នា​​ផ្ទាល់​ជាមួយ​ពួកគាត់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​។ ពាក្យ​ចាស់​ពោល​ថា​ សំពត់​​រហែក អ្នក​មិន​គួរ​ហែក​វា​ថែម​ទេ​។​

រូបតំណាង

​ប្រសិន​បើ​អ្នក​ជួប​រឿង​ទាំង​ ៦ខាង​លើ​ អ្នក​ត្រូវ​តែ​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​ដៃគូ​របស់​អ្នក​។ កញ្ញា​ជូនពរ​ឲ្យ​ជីវិត​​អាពាហ៍ពិពាហ៍​របស់​អ្នក​ឆ្លង​ផុត​រាល់​ឧបសគ្គ ​និង​ជួប​តែ​សុភមង្គល​។​

ប្រភព៖ familyshare ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម