ធ្វើជាមនុស្សស្រីត្រូវតែមានចំណេះដឹង និងរៀនសូត្រឲ្យបានខ្ពស់ព្រោះ...
- 2017-10-30 05:31:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើជាមនុស្សស្រីត្រូវតែមានចំណេះដឹង និងរៀនសូត្រឲ្យបានខ្ពស់ព្រោះ...
ការសិក្សាគឺជារឿងដ៏សំខាន់មួយដែលអាចជួយឲ្យអ្នកមានចំណេះដឹង សមត្ថភាព និងក្លាយជាមនុស្សដែលមានតម្លៃក្នុងក្នុងសង្គម។ ជាពិសេសវារឹតតែសំខាន់សម្រាប់មនុស្សស្រី ដែលអ្នកមិនគួរបោះបង់ចោលការរៀនសូត្រនោះឡើយ ព្រោះវាធ្វើឲ្យអ្នក៖
១. បង្កើនចំណេះដឹង និងតម្លៃខ្លួនឯង
ចំណេះដឹងគឺជាតម្លៃមួយដែលសំខាន់សម្រាប់មនុស្សស្រី ព្រោះអ្នកគ្មានចំណេះដឹងអ្នកអាចនឹងត្រូវគេមើលងាយ មិនឲ្យតម្លៃ ការជាន់ឈ្លីជាដើម។
**២. ចៀសវាងពីការបោកប្រាស់**
មនុស្សស្រីងាយនឹងរងគ្រោះបំផុតក្នុងការចាញ់បោកគេ ព្រោះបើអ្នកគ្មានចំណេះដឹង និង ក្រីក្រ អ្នកឆាប់នឹងចាញ់បោក និងជឿទុកចិត្តគេ ដោយសារតែមិនបានពិចារណាឲ្យបានល្អិតល្អន់។
៣. មានសមត្ថភាពក្នុងការចូលរួមការងារសង្គម
ភាគច្រើននៃការងារសង្គមមិនសូវឃើញវត្តមានរបស់មនុស្សស្រីក៏ដោយសារតែមនុស្សស្រីគ្មានសមត្ថភាព គ្មានឱកាស តែបើអ្នករៀនបានច្រើន មានសមត្ថភាពខ្ពស់នោះអ្នកក៏អាចចូលរួមក្នុងការងារសង្គមបានដូចបុរសដែរ។
៤. មានសមត្ថភាពក្នុងការអប់រំកូន
នៅពេលដែលអ្នកមានសមភាព មានចំណេះដឹង នោះអ្នកនឹងអប់រំកូនៗអ្នកឲ្យក្លាយជាមនុស្សល្អ មនុស្សមានប្រយោជន៍ម្នាក់។ បើអ្នកមិនឲ្យតម្លៃលើចំណេះដឹង កូនអ្នកក៏អាចដើរតាមគន្លងរបស់អ្នកដែរ។
៥. សុវត្ថិភាព និង សុខភាពផ្លូវភេទ
កាលដែលអ្នករៀនបានច្រើន អ្នកក៏យល់ដឹងបានច្រើនដូចគ្នា ជាពិសេសគឺរឿងសុខភាពផ្លូវភេទ ដែលអ្នកគួរតែដឹងព្រោះដើម្បីការពារខ្លួនឲ្យមានសុវត្ថិភាព និងសុខភាពល្អ។
៦. កាត់បន្ថយភាពក្រីក្រ
ភាពទីទ័លក្រគឺកើតចេញពីភាពល្ងង់ខ្លៅ គ្មានគំនិត មិនបានរៀនសូត្រ ដូច្នេះអ្នកត្រូវតែខិតខំរៀនសូត្រ ស្វែងរកជំនាញពិតប្រាកដមួយដែលអាចជួយអ្នកចាកចេញពីជីវភាពក្រីក្រ។
៧. បង្កើតគ្រួសារដ៏ល្អមួយ
ពេលដែលអ្នករៀនបានច្រើន នោះអ្នកក៏ក្លាយជាមនុស្សដែលចាស់ទុំ ស្គាល់ល្អ ស្គាល់អាក្រក់ មិនមែនឆេវឆាវធ្វើអីតាមតែចិត្តនោះទេ ដូច្នេះអ្នកមានលក្ខណៈពេញលេញដើម្បីបង្កើតគ្រួសារមួយ។
៨. បង្កើនប្រាក់ចំណូល
មនុស្សស្រីដែលមានចំណេះដឹងគឺមានសមត្ថភាពក្នុងការរកចំណូលបានដោយខ្លួនឯង ដោយមិនបានពឹងពាក់លើនរណាម្នាក់ឡើយ។ កុំចាំតែដេកស៊ីកម្លាំងប្ដី ព្រោះយើងក៏ជាចំណែកមួយជួយទំនុកបម្រុងគ្រួសារឲ្យមានបានដែរ។
៩. ទទួលបានភាពស្មើគ្នាក្នុងសង្គម
នៅពេលដែលមនុស្សស្រីនិងមនុស្សប្រុសទទួលបានការអប់រំស្មើគ្នា នោះអ្នកក៏ទទួលបានតម្លៃស្មើនឹងបុរសដែល។បុរសមានសិទ្ធិធ្វើជំនួញ ស្រីក៏មានសិទ្ធិដូចគ្នា ដូច្នេះការរើសអើងក៏បានកាត់បន្ថយដែរ។
ដូច្នេះអ្នកគួរតែរៀនសូត្រឲ្យបានខ្ពស់តាមតែអាចធ្វើបាន ហើយមិនគួរមានគំនិតចោលការសិក្សាហើយចាំតែនៅផ្ទះឲ្យប្ដីចិញ្ចឹមនោះទេ៕