បញ្ហា​ក្រពះ ពោះវៀន ទល់​លាមក​មែន? សាក​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ទៅ ត្រូវ​ម៉ាច់​ម៉ង

  • 2017-10-27 07:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រូប៊ីយោទិច (Probiotics) ជា​បាក់តេរី​ល្អ ឬ​ជា​ប្រភេទ​មីក្រូ​សារពាង្គកាយ​ដែល​អាច​ជួយ​ទ្រទ្រង់​បាក់តេរី​ល្អ និង​មាន​ប្រយោជន៍​ក្នុង​ខ្លួន​មនុស្ស។ ឱសថ​ប្រូប៊ីយោទិច មាន​ប្រសិទ្ធភាព​ព្យាបាល និង​បង្ការ​បញ្ហា​ក្រពះ ពោះវៀន និង​ផ្លូវ​បន្ត​ពូជ​ស្ត្រី។

ប្រូប៊ីយោទិច​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ

ប្រដាប់​រំលាយ​អាហារ ជា​ប្រព័ន្ធ​អេកូ​ដែល​មាន​បាក់តេរី​រស់​នៅ​ជាង ៤០០ ប្រភេទ។ បាក់តេរី​ល្អ រស់​នៅ​ក្នុង​ក្រពះ ពោះ​វៀន​ផ្នែក​ខាង​លើ និង​ខាង​ចុង​ពោះ​វៀន។ ប្រូប៊ីយោទិច អាច​ជួយ​កាត់​បន្ថយ​ជំងឺ​រាករូស​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ បាន​រហូត​ដល់ ៦០%។ ប្រូប៊ីយោទិច​ឈ្មោះ​ថា Saccharomyces boulardi ត្រូវ​គេ​រក​ឃើញ​ក្នុង​ថ្នាំ​មួយ​ចំនួន​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូ​ពេទ្យ មាន​ប្រយោជន៍​បង្ការ​ជំងឺ​រាករូស​ប្រភេទ​នេះ។ អ្នក​អាច​ប្រើ​ថ្នាំ​ប្រូប៊ីយោទិច​ប្រភេទ​នេះ ៥ ថ្ងៃ​មុន​ពេល​ធ្វើ​ដំណើរ និង​អំឡុង​ពេល​ស្នាក់​នៅ​តំបន់​ទេសចរណ៍​នានា ដើម្បី​ទប់​ស្កាត់​ជំងឺ​រាករូស​ពេល​ធ្វើ​ដំណើរ។

ថ្នាំ​ប្រូប៊ីយោទិច មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ព្យាបាល​បញ្ហា​ទល់​លាមក។ វា​ជួយ​កាត់​បន្ថយ​រយៈ​ពេល​ឆ្លង​កាត់​របស់​អាហារ​ក្នុង​ពោះ​វៀន​បាន ១២,៤ ម៉ោង ជួយ​បង្កើន​ចំនួន​បន្ទោរ​បង់​រៀង​រាល់​សប្ដាហ៍​បាន ១,៣ ដង និង​ជួយ​បន្ទន់​លាមក​​ងាយ​ស្រួល​បញ្ចេញ​ចោល។ ម្យ៉ាង​ទៀត ការ​ព្យាបាល​ដោយ​ប្រូប៊ីយោទិច ក៏​អាច​ជួយ​សម្រួល​ដល់​អ្នក​ជំងឺ​រលាក​ពោះវៀន​ធំ ដំបៅ​ពោះ​វៀន​ធំ ជំងឺ Crohn និង ដំបៅ​ក្រពះ ពោះវៀន ដោយសារ​បាក់តេរី H-pylori ផង​ដែរ។

ប្រូប៊ីយោទិច​ ចំពោះ​សុខភាព​ប្រដាប់​បន្ត​ពូជ​ស្ត្រី និង​ប្រ​ព័​ន្ធ​ទឹក​ម៉ូ​ត្រ​

បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស ជា​ពិសេស Lactobacillus ជួយ​ការពារ​ទ្វារ​មាស និង​ប្លោក​នោម​ពី​ការ​ឆ្លង​មេរោគ និង​ជំងឺ​ផ្សេងៗ។ ផលិតផល​អនាម័យ​របស់​ស្ត្រី​មួយ​ចំនួន និង​ថ្នាំ​អង់ទីប៊ីយោទិច អាច​រំខាន ឬ​បំផ្លាញ​បាក់តេរី​ទាំង​នោះ។ ប្រូប៊ីយោទិច ជួយ​បង្កើត​មជ្ឈដ្ឋាន​អាស៊ីត​ក្នុង​ទ្វារ​មាស ដោយ​ការផលិត​អាស៊ីត​ឡាក់​ទិច​ដើម្បី​បញ្ឈប់​ការ​លូតលាស់​បាក់តេរី​មិន​ល្អ ដែល​បង្ក​ឆ្លង​បាក់តេរី និង​មេរោគ​ផ្សិត​តាម​ទ្វារ​មាស។ ចំណី​អាហារ ឬ​អាហារ​បំប៉ន​ដែល​បន្ថែម​ប្រូប៊ីយោទិច ជួយ​បង្កើត​មជ្ឈដ្ឋាន​សមស្រប​ចំពោះ​បាក់តេរី​ល្អៗ​ក្នុង​ប្លោកនោម​និង​បំពង់​បង្ហូរ​នោម។

ប្រូប៊ីយោទិច អាច​រក​ឃើញ​នៅ​ក្នុង​អាហារ​ផ្អាប់ និង​ផលិតផល​ទឹក​ដោះ​គោ ដូចជា ជ្រក់​គីមឈី មីសួ ទឹក​ដោះ​គោ​ជូរ យ៉ាអួ ឈីស ប៊ឺរ គ្រីមជូរ និង​ភេសជ្ជៈ​ដែល​បន្ថែម​ប្រូប៊ីយោទិច ហើយ ប្រូប៊ីយោទិច ក៏​អាច​ប្រើ​ជា​អាហារ​បំប៉ន​ប្រចាំ​ថ្ងៃ​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ប្រាកដ​ថា​ប្រូប៊ីយោទិច​ប្រភេទ​ណា​សមស្រប​សម្រាប់​អ្នក។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

អត្ថបទ៖ DKSH

អត្ថបទពេញនិយម