ចង់​ចេះ​ធ្វើ​​ គីមឈី​ ឆ្ងាញ់​ដូច​ជនជាតិកូរ៉េ រៀន​តាម​តិចនិក​ខាងក្រោម

  • 2017-10-25 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រិយមិត្ត​ចូល​ចិត្ត​ញ៉ាំ​ម្ហូប​កូរ៉េ​ច្បាស់​ជា​ស្គាល់​គីមឈី​​ ដែលជា​ជ្រក់​ស្បៃ​បូកគោ គីមឈី។ គីមឈីតែង​ត្រូវ​បាន​ឃើញ​នៅ​លើ​តុ​អាហារ​ជានិច្ច​​សម្រាប់​ប្រជាជន​កូរ៉េ ដោយ​សារ​តែ​វា​ជា​អាហារ​សុខភាព និង​មាន​រសជាតិ​ឆ្ងាញ់​។ ​តាម​រយៈ​រឿង​ភាគ​កូរ៉េ​បញ្ចាំង​ក្នុង​ស្រុក ធ្វើឲ្យ​ប្រជាជន​ខ្មែរ​ចេះ​ញ៉ាំ​អាហារ​បែប​នេះ​ដែរ ហើយ​និយម​ញ៉ាំ​ផ្ទាប់​ជាមួយ​សាច់​អាំង។ គីមឈី​ដែល​លក់​តាម​ហាង និង​ផ្សារ​ទំនើប​មាន​តម្លៃ​ថ្លៃ​ណាស់​តែ​បើ​ធ្វើ​ខ្លួន​ឯង​វិញ​ឆ្ងាញ់ មាន​អនាម័យ​ ហើយ​ថែម​ទាំង​ជួយ​សន្សំ​សំចៃ​បាន​ទៀត​ផង​ដែរ។ ដើម្បី​ធ្វើ គីមឈី ឲ្យ​បាន​ឆ្ងាញ់​ដូច​ជនជាតិ​កូរ៉េ កញ្ញា សូម​លើក​យក​តិចនិក​ងាយៗ៖

គ្រឿង​ផ្សំ៖

.ស្ពៃ​បូក​គោ​ ២ គីឡូ កាត់​ជា​កង់​ៗ​ប្រវែង ២ ថ្នាំង​ដៃ

.ឆៃថាវ១ ផ្លែ​ធំ ឈូស​ជា​សរសៃ

.ការ៉ុត ១ ផ្លែ ឈូស​ជា​សរសៃ

.ស្លឹក​ខ្ទឹម​មួយ​ដុំ​ប៉ុន​កដៃ​កូន​ក្មេង​ ហាន់​កង់ ៗ​កន្លះ​ថ្នាំង​ដៃ

.ស្លឹក​គូឆាយ​ មួយ​ដុំ​ប៉ុន​កដៃ​កូន​ក្មេង​ ហាន់​កង់​ៗ​កន្លះ​ថ្នាំង​ដៃ

.បន្លែ​ភ្លៅ​កង្កែប​មួយ​ដុំ​ប៉ុន​កដៃ​កូន​ក្មេង​ ហាន់​កង់​ៗ​កន្លះ​ថ្នាំង​ដៃ

.ស្ពៃ​ចង្កឹះ​មួយ​ដុំ​ប៉ុន​កដៃ​កូន​ក្មេង​ (មិន​ដាក់​ក៏​បាន​) ហាន់​កង់​ៗ​កន្លះ​ថ្នាំង​ដៃ​

ល្បាយ​គ្រឿង៖

.ខ្ទឹម​សរ​​បក​សំបក​រួច​ ១៥​ កំពឹស

.ខ្ញី​ចិត​សំបក​រួច​ប៉ុន​មេ​ដៃ

.ម្សៅ​ម្ទេស​មត់​កូរ៉េ ១ ពែង (២ ពែង​បើ​អ្នក​ចូលចិត្ត​ហឹរ)

.ខ្ទឹម​បារាំង​កន្លះ​ផ្លែ

.ផ្លែ​ប៉ោម ឬ​ផ្លែ​សារី​កន្លះ​ផ្លែ

.ស្ករ​សរ​មួយ​កូន​ចាន​ចង្កឹះ

.ទឹក​ត្រី​មួយ​កូន​ចាន​ចង្កឹះ

.បាយ​ស​​ក្ដៅ ២ ស្លាប​ព្រា​បាយ

.ម្ទេស​ប្លោក​ក្រហម​មួយ​ផ្លែ

វិធី​ធ្វើ៖

.យក​ស្ពៃ​បូក​គោ​ដែល​ហាន់​រួច​ ទៅ​ត្រាំ​ក្នុង​ទឹក​អំបិល​ ទុក​៣០​នាទី​ សឹម​លាង​ទឹក​រួច​ស្រង់​ចេញ​ទុក​មួយ​អន្លើ។

.លាយ​ល្បាយ​គ្រឿង​ដែល​បាន​រៀបរាប់​ដូច​ខាង​លើ​លើក​លែង​តែ​ម្សៅ​ម្ទេស​ចូល​គ្នា​ទៅ​ក្នុង​ម៉ាស៊ីន​ ក្រឡុក។ ក្រឡុក​ឲ្យ​មត់​រួច​ចាក់​ដាក់​ចាន​គោម ហើយ​យក​ម្សៅ​ម្ទេស​មក​លាយ​ជា​មួយ ទុក​មួយ​អន្លើ។ ដោយ​ល្បាយ​នោះ​គួរ​តែ​មាន​សភាព​ខាប់ ឬ​គោក។

.ចាក់​ស្ពៃ និង​បន្លែ​ផ្សេងៗ​ចូល​គ្នា​ក្នុង​ចាន​ដែក​រួច​ចាក់​ល្បាយ​គ្រឿង​ចូល​លាយ​គ្នា​ឲ្យ​សព្វ​ សឹម​ដាក់​ក្នុង​ប្រអប់​ជ័រ ឬ​កែវ​ដើម្បី​រក្សា​ទុក។​

ចំណាំ៖

.ពេល​ចាក់​ដាក់​កែវ​ត្រូវ​សង្កត់​វា​អោយ​ណែន​ ដើម្បី​កុំ​ឲ្យ​មាន​ខ្យល់​ចូល។

.ទុក​មួយ​ថ្ងៃ​ចាំ​លើក​ដាក់​ក្លាស់​សេ​ក្នុង​ទូ​ទឹកកក៕

ចុចអាន៖មកដឹងរបៀបធ្វើស្លាបមាន់ដុត​ទឹកអំពៅ ទុកញ៉ាំល្ងាចនេះទាំងអស់គ្នា!

ប្រភព៖ YouTube អត្ថបទ​ដោយ​៖​ Pencharm