ធានា​ថា ៩៩% អត់​ដែល​ដឹង​ថា អុតស្វាយ​អាច​ប៉ះ​ពាល់​សាហាវ​ដល់​ថ្នាក់​ហ្នឹង​ទេ

  • 2017-10-20 07:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ដល់ អុតស្វាយ នរណា​ក៏​ស្គាល់​ដែរ ព្រោះ​ប្រិយមិត្ត​មិន​តិច​ទេ​ដែល​ធ្លាប់​កើត​កាល​ពី​ក្មេង។ អ្វី​ដែល​យើង​ដឹង​ពី​ជំងឺ​មួយ​នេះ គឺ​គ្រាន់​តែ​ឡើង​ពង​បែក​លើ​ស្បែក ហើយ​ជា​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង តែ​មិន​មែន​ធម្មតា​ដូច​យើង​គិត​ឯ​ណា វា​អាច​ឲ្យ​កើត​ជំងឺ​រលាក​ខួរ​ក្បាល រលាក​សួត ការ​ឆ្លង​មេរោគ​ក្នុង​ឈាម​កម្រិត​ធ្ងន់ធ្ងរ។ ចង់​ដឹង​កាន់​តែ​លម្អិត និង​វិធី​ការ​ពារ សូម​តាម​ដាន​ខាង​ក្រោម៖

ធ្វើ​ម៉េច​ទើប​ដឹង​ថា​កើត​អុតស្វាយ?

អុតស្វាយ ឬ Varicella ជា​ជំងឺ​ឆ្លង​មួយ​ប្រភេទ​បណ្ដាល​ពី​វីរុស Varicella-zoster (VZV) ដែល​ស្ថិត​ក្នុង​អំបូរ​វីរុស Herpes ដោយ​អាច​ចម្លង​តាម​រយៈ​ការ​ប៉ះពាល់​ស្បែក ពង​ទឹក​លើ​ស្បែក ទឹក​មាត់ ឬ​ស្លេះ ការ​កណ្ដាស់ និង​ក្អក​របស់​អ្នក​ជំងឺ។

មាន​កន្ទួល​ក្រហម រមាស់ និង​ពង​ទឹក​លើ​ស្បែក បន្ទាប់​មក​ប្រែ​ជា​ក្រមរ បាន​ន័យ​ថា​អ្នក​កំពុង​មាន​ជំងឺ​អុតស្វាយ​ហើយ ដោយ​កន្ទួល​ក្រហម​នេះ នឹង​លេច​ចេញ​លើ​ស្បែក​ច្បាស់ ពី ១-៣ សប្ដាហ៍ បន្ទាប់​ពី​ឆ្លង​ជំងឺ​នេះ ហើយ​រោគសញ្ញា​ទូទៅ​រួម​មាន គ្រុនក្ដៅ ឈឺក្បាល ឈឺចាប់​រាង​កាយ អស់​កម្លាំង និង​បាត់​ចំណង់​អាហារ។

ប៉ះ​ពាល់​ធ្ងន់​លើ​អី​ខ្លះ?

ទារក ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដោយ​សារ​មាន​មេរោគ​អេដស៍ /ជំងឺ​អេដស៍ ជំងឺ​មហារីក វះកាត់​ប្ដូរ​សរីរាង្គ ការ​ព្យាបាល​ដោយ​ថ្នាំ​គីមី និង​ការ​ប្រើប្រាស់​ពពួក​ថ្នាំ​ស្តេរ៉ូអ៊ីត​រយៈពេល​វែង អាច​ទទួល​រង​ផល​វិបាក​ធ្ងន់ធ្ងរ ដូចជា ជំងឺ​រលាក​សួត ជំងឺ​រលាក​ខួរក្បាល ការ​ឆ្លង​មេរោគ​ក្នុង​ឈាម​ធ្ងន់ធ្ងរ និង​កង្វះ​ជាតិ​ទឹក។

ព្យាបាល​ម៉េច​ទៅ?

ជំងឺ​ដែល​បណ្ដាល​ឲ្យ​អ្នក​រមាស់​នេះ មិន​មាន​ការ​ព្យាបាល​ជាក់លាក់​ក្រៅ​ពី​ការ​ថែទាំ​នោះ​ទេ តែ​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​ដូច​ជា paracetamol និង ibuprofen ព្រម​ទាំង​ថ្នាំ​បង្ការ ដែល​មាន​ប្រសិទ្ធ​ភាព​ប្រហែល ៩០%។ អុតស្វាយ​ត្រូវ​ចំណាយ​ពេល​ពី ៧-១០ថ្ងៃ បន្ទាប់​ពី​ចេញ​រោគ​សញ្ញា ដើម្បី​ជា​សះ​ស្បើយ​ពេញ​លេញ។

ការ​ពារ​បាន​អត់?

សម្រាប់​ទារក ការ​ចាក់​លើក​ដំបូង​គួរ​តែ​ផ្ដល់​នៅ​អាយុ ១២-១៥ ខែ និង​មនុស្ស​វ័យ​ជំទង់ គួរ​ចាក់​នៅ​អាយុ ១៣ ឆ្នាំ ហើយ​មនុស្ស​ពេញ​វ័យ​ដែល​មិន​ធ្លាប់​មាន​ជំងឺ​អុតស្វាយ ឬ​ចាក់​ថ្នាំ​បង្ការ​ពី​មុន​មក គួរ​តែ​ចាក់ ២ ដង​យ៉ាង​ហោច​ណាស់ ២៨ ថ្ងៃ​ពី​គ្នា។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

អត្ថបទ៖​ DKSH

អត្ថបទពេញនិយម