៨​រឿង​ពី​ជីវិត​គូ មនុស្ស​ស្រី​ត្រូវ​ដឹង​ជា​ចាំបាច់ មុន​សម្រេច​ចិត្ត​រៀបការ

  • 2017-10-17 10:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រៀបការ​មិនមែន​ជា​រឿង​លេង​សើច​នោះ​ទេ។ ក្ដី​ស្រឡាញ់​របស់​អ្នក​មិន​មែន​បញ្ឈប់​ត្រឹម​ក្រោយ​ការ​រៀបការ​នោះ​ឡើយ ហើយ​វា​មាន​រឿង​ជា​ច្រើន​ដែល​អ្នក​មិន​ទាន់​បាន​ដឹង និង​​ត្រូវ​ប្រឈម​នៅ​ថ្ងៃ​ខាង​មុខ​។ ប៉ុន្តែ​ប្រសិន​បើ​យើង​អាច​ដឹង​បាន​ថា​រឿង​អ្វី​ខ្លះ​អាច​នឹង​កើត​ឡើង​នៅ​ពេល​អនាគត យើង​នឹង​អាច​ត្រៀម​ខ្លួន​បាន​កាន់​តែ​ល្អ និង​អាច​ដោះស្រាយ​បញ្ហា​បាន ព្រោះ​ថា​​ក្នុង​ជីវិត​គូ គ្មាន​គូ​ណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ។  

១. គ្មាន​អ្នក​ណា​ល្អ​គ្រប់​១០​ទេ

មិន​ត្រឹម​តែ​អ្នក​ទេ​ដែល​​សម្លឹង​រក​ភាព​ឥត​ខ្ចោះ​ពី​ដៃ​គូ ប៉ុន្តែ​ដៃ​គូ​របស់​អ្នក​ក៏​​ប្រហែល​គិត​បែប​នេះ​ដូច​គ្នា។ ប៉ុន្តែ​ក្នុង​លោក​នេះ​គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​​គ្រប់​យ៉ាង​ឡើយ។ អ្នក​ទាំង​ពីរ​គួរ​តែ​និយាយ​រឿង​នេះ​ជា​មួយ​គ្នា​ឲ្យ​បាន​ច្បាស់ ដោយ​​ឲ្យ​ភាគី​ម្ខាង​ទៀត​បាន​ដឹង​និង​ទទួល​យក​ទាំង​ចំណុច​ល្អ និង​ចំណុច​អាក្រក់​រៀង​ៗ​ខ្លួន ហើយ​បើ​មាន​ចំណុច​ខុស​គ្នា​ ត្រូវ​ព្យាយាម​ស្វែង​រក​ផ្លូវ​កណ្ដាល​បំផុត ដើម្បី​កុំ​ឲ្យ​មាន​ភាព​ខក​បំណង​ច្រើន​ទៅ​ថ្ងៃ​មុខ។  

២. អ្នក​អាច​មិន​បាន​នៅ​ជាមួយ​គ្នា​គ្រប់​ពេល​ទេ

បើ​អ្នក​ធ្លាប់​ស្រមៃ​ថា ក្រោយ​ពី​រៀបការ​ហើយ អ្នក​ទាំង​ពីរ​នឹង​អាច​ចំណាយ​ពេល​ជាមួយ​គ្នា​បាន​រហូត ដោយ​សារ​បាន​រើ​ផ្ទះ​ជាមួយ​គ្នា​នោះ គឺ​អ្នក​គិត​ខុស​ហើយ។ ផ្ទុយ​ទៅ​វិញ​អ្នក​ទាំង​ពីរ​នឹង​មាន​នាទី និង​ភារៈ​ការងារ​​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​រៀង​ៗ​ខ្លួន។ ការ​មក​រស់​នៅ​ជាមួយ​គ្នា មិនមែន​មាន​ន័យ​ថា​អ្នក​នឹង​បាន​នៅ​ក្បែរ​គ្នា​រហូត​ទេ ដូច្នេះ​ហើយ​ត្រូវ​ត្រៀម​ខ្លួន​​ត្រៀម​ចិត្ត​ សម្រាប់​ពេល​ខ្លះ​ដែល​អ្នក​ត្រូវ​នៅ​ផ្ទះ​ម្នាក់​ឯង ដោយ​មិន​ខឹង​សម្បារ។  

៣. គ្មាន​អ្នក​ណា​ត្រូវ​បំផុត និង​ខុស​បំផុត​ទេ

​បញ្ហា​ជម្លោះ​​នៅ​ក្នុង​ជីវិត​គូ​ប្រាកដ​ជា​អាច​កើត​ឡើង។ ការ​បិទ​ភ្នែក​ម្ខាង​បើក​ភ្នែក​ម្ខាង​​ដើម្បី​ឲ្យ​ជម្លោះ​ឆ្លង​ផុត​ទៅ​បាន​ គឺ​ជា​អ្វី​ដែល​ពេល​ខ្លះ អ្នក​ត្រូវ​ធ្វើ ព្រោះ​គ្មាន​អ្នក​ណា​ត្រូវ​បំផុត ឬ​ខុស​បំផុត​ទេ។ ក្នុង​បញ្ហា​មួយ​ៗ ការ​យក​ឈ្នះ​មិន​មែន​ជា​ជម្រើស​ល្អ​ទេ​សម្រាប់​ជីវិត​គូ។  

៤. អ្នក​នឹង​ត្រូវ​ដោះស្រាយ​បញ្ហា​​ច្រើន​ពាក់ព័ន្ធ​នឹង​លុយ

ក្រោយ​រៀបការ អ្នក​នឹង​ត្រូវ​រ៉ាប់រង​បញ្ហា​លុយ​កាក់​កាន់​តែ​ច្រើន​សម្រាប់​​គ្រួសារ​។ វា​អាច​មិន​មែន​ជា​បញ្ហា​ច្រើន​ណាស់ណា​នោះ​ទេ បើ​អ្នក​ទាំង​ពីរ​ចាយ​លុយ​រៀង​ខ្លួន ប៉ុន្តែ​បើ​អ្នក​ជា​គូ​ដែល​គ្រប់​យ៉ាង​ត្រូវ​ដាក់​ជា​ទ្រព្យ​រួម វា​អាច​នឹង​មាន​បញ្ហា​កើត​ឡើង​បាន។ ដូច្នេះ​ហើយ​ត្រូវ​និយាយ​​គ្នា​ឲ្យ​បាន​ច្បាស់​លាស់​ពី​ដំបូង​អំពី​ការ​ទុក​ដាក់​លុយ​កាក់​នេះ ដើម្បី​អាច​យោគយល់​គ្នា​បាន​ល្អ។  

៥. បញ្ហា​គ្រួសារ ជា​បញ្ហា​ឈឺក្បាល

ត្រូវ​យល់​ថា​នៅ​ពេល​រៀបការ​រួច​ហើយ គ្មាន​ផ្លូវ​ដែល​អ្នក​អាច​រស់​នៅ​​​សោយ​សុខ​តែ​ពីរ​នាក់​នោះ​ទេ ព្រោះ​ទាំង​គ្រួសារ​ខាង​អ្នក និង​គ្រួសារ​ខាង​គេ​ នឹង​មាន​ចំណែក​ជាមួយ​គ្រួសារ​អ្នក​ទាំង​ពីរ​បើ​មិន​តិច​ក៏​ច្រើន។ ពេល​ខ្លះ​អាច​នឹង​មាន​រឿង​គួរ​ឲ្យ​ឈឺក្បាល ឬ​សូម្បី​តែ​រឿង​បន្តិច​បន្តួច​​ក៏​ល្មម​ឲ្យ​យើង​ធុញ​ ដូច​ជា ពួក​គាត់​មក​សុំ​ជំនួយ​​លុយ​​កាក់ ឬ​មក​សួរ​នាំ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត ដែល​​សុទ្ធ​តែ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ឆ្លង​កាត់ និង​ដោះស្រាយ​ឲ្យ​បាន​ល្អ។

៦. មិត្តភ័ក្ដិ​បាត់​មុខ

បើ​មិន​តិច​ក៏​ច្រើន​ដែរ​ចំណុច​នេះ ព្រោះ​នៅ​ពេល​អ្នក​ដើរ​ដល់​កំឡុង​កសាង​គ្រួសារ​ហើយ អ្នក​នឹង​ត្រូវ​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គ្រួសារ​ ហើយ​ការ Hang Out ជាមួយ​មិត្តភ័ក្ដិ​​នឹង​មិនមែន​ជា​អ្វី​ដែលអាច​ធ្វើ​ញឹកញាប់​ទៀត​ឡើយ។ បើ​ដល់​ពេល​មាន​កូន​ទៀត​គ្រប់​គ្នា​នឹង​កាន់​តែ​រវល់។  

៧. កុំ​រំពឹង​ថា​គ្រប់​យ៉ាង​នឹង​នៅ​និរន្តរ

កុំ​គិត​ថា​នៅ​ពេល​ពាក់​ចិញ្ចៀន​​រៀបការ​ហើយ អ្នក​ទាំង​ពីរ​នឹង​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​រហូត ព្រោះ​​អនាគត​អ្នក​មិន​អាច​គ្រប់គ្រង​បាន ១០០%​នោះ​ទេ បើ​អ្នក​មិន​បន្ថែម​ភាព​ផ្អែមល្ហែម​ឲ្យ​គ្នា មាន​បញ្ហា​មិន​ជួយ​គ្នា​ដោះស្រាយ រួម​ទាំង​មិន​បើក​ចិត្ត​ជាមួយ​គ្នា​។ នេះ​គឺ​ជា​រឿង​មូលដ្ឋាន​សម្រាប់​ការ​រស់​នៅ​ក្នុង​ជីវិត​គ្រួសារ។ ដូច្នេះ​ហើយ​​ត្រូវ​ធ្វើ​យ៉ាង​ណា​​កុំ​ឲ្យ​​ស្នេហា​អ្នក​ប្រែ​ជា​សោះកក្រោះ​ទៅ​តាម​ពេលវេលា​ឲ្យ​សោះ។  

៨. អ្នក​នឹង​មើល​ឃើញ​ពិភពលោក​កាន់​តែ​ធំ

អ្នក​នឹង​ត្រូវ​សម្លឹង​មើល​ពិភពលោក​ឲ្យ​បាន​ទូលាយ​ជាង​មុន។ អ្នក​អាច​នឹង​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ និង​កាត់​បន្ថយ​ភាព​អាត្មានិយម ដើម្បី​ឲ្យ​ស្នេហា​ដំណើរ​ទៅ​មុខ​កាន់​តែ​រលូន ហើយ​អ្នក​នឹង​ត្រូវ​​មាន​ចិត្ត​សប្បុរស​ជាមួយ​អ្នក​ដទៃ​កាន់​តែ​ច្រើន រួម​ទាំង​បើក​ចិត្ត​ស្ដាប់​ពួក​គេ​កាន់​តែ​ច្រើន​ដែរ។ នេះ​ជា​រឿង​ល្អ​មែន​អត់? ដូច្នេះ​ហើយ​ការ​រៀបការ​មាន​គ្រួសារ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​មាន​សម្ពាធ​នោះ​ទេ គ្រាន់​តែ​ថា​អ្នក​​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ និង​សម្រប​ខ្លួន​ឲ្យ​បាន​ល្អ​តែ​ប៉ុណ្ណោះ ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម