បញ្ហា​​ធំ​ៗ​ ៣​ដែល​ស្រីៗ​ត្រូវ​ឆ្លង​កាត់​ចៀស​មិន​ផុត ក្រោយ​រៀប​ការ​ថ្មីថ្មោង

  • 2017-10-13 06:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ក៏​ដោយ​តែង​តែ​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​របស់​វា​។​ ជាក់​ស្តែង​ការ​រៀប​ការ​គឺ​ជា​ចំនុច​ចាប់​ផ្ដើម​នៃ​បន្លាស់​ប្ដូរ​ជីវិត​មួយ​ដ៏​រំភើប​សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប​។​ សុភមង្គល​នឹង​ចាប់​ផ្តើម​ ជា​មួយ​​និង​ការ​កសាង​គ្រួសារ​ថ្មី​ ដែល​ជា​សមិទ្ធ​ផល​នៃ​ការ​បញ្ចូល​គ្នា​រ​វាង​មនុស្ស​ពីរ​នាក់​ ព្រម​ទាំង​គ្រួសារ​ទាំង​សង​ខាង​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ផល​វិបាក​ និង​ ទំនួល​ខុស​ត្រូវ​មួយ​ចំនួន​ធំ​ ក៏​ចាប់​ផ្ដើម​កើត​មាន​ដូច​គ្នា​ ជា​ពិសេស​គឺ​សម្រាប់​មនុស្ស​ស្រី​តែ​ម្តង​។​ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ហា​មួយ​ចំនួន​ដែល​ស្រីៗ​ត្រូវ​​ជួប​ប្រទះ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ជីវិត​​អាពាហ៍ពិពាហ៍​៖​

១. ​ចែក​រំលែក​របស់​ផ្ទាល់​ខ្លួន​

សាក​ស្រមៃ​មើល​ថា​ កាល​ពី​អ្នក​នៅ​ក្មេង​ អ្នក​ពិត​ជា​​ខឹង​​ និង​មួម៉ៅ​យ៉ាង​ខ្លាំង​នៅ​​ពេល​ដែល​ ម៉ាក់​ប៉ា​អនុញ្ញាត​ឲ្យ​បង​ប្អូន​ប្រើ​រួម​របស់​ផ្ទាល់​ខ្លួន​អ្នក​។​ ស្រដៀង​គ្នា​នេះ​ដែរ​ ក្រោយ​ពី​រៀបការ​រួច​ ស្វាមី​របស់​អ្នក​ និង​ចូល​មក​រស់​នៅ​ក្នុង​ពិភព​ឯកជន​របស់​អ្នក​ ដោយ​គេង​លើ​គ្រែ​ជាមួយ​អ្នក​ ប្រើ​បន្ទប់​ទឹក​រួម​ជាមួយ​អ្នក​ របស់​គ្រប់​យ៉ាង​របស់​អ្នក​ក៏​ក្លាយ​ជា​កម្មសិទ្ធិ​ពាក់​កណ្តាល​របស់​គាត់។​ ស្ដាប់​មើល​ទៅ​ដូចជា​រ៉ូមែនទិក​ណាស់​ តែ​ពេល​ខ្លះ​អ្នក​នឹង​មាន​អារម្មណ៍​មួម៉ៅ​ ដោយ​មិន​ទាន់​ទម្លាប់​ជាមួយ​វា​ជាក់ជា​មិន​ខាន​។​

២. ទំនាក់​ទំនង​ថ្មី​

អ្នក​មិន​មែន​ជា​ព្រះ​នាង​ដែក​កំពុង​រស់នៅ​ក្នុង​អាណាចក្រ​មាតា​បិតា​របស់​អ្នក​ទៀត​ទេ​។​ ម្តាយ​ឪពុក​ក្មេក​ បង​ប្អូន​ថ្លៃ​គឺ​ជា​មនុស្ស​ថ្មី​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ និង​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​។​ ដូច្នេះ​មុន​នឹង​ធ្វើ​អ្វី​មួយ​ត្រូវ​គិត​ដល់​​ចិត្ត​របស់​ពួកគេ​ សូម្បី​តែ​ធ្វើ​ម្ហូប​ក៏​ត្រូវ​តម្រូវ​ចិត្ត​សមាជិក​ទាំង​អស់​មុន​ខ្លួន​ឯង​ដែរ​។​ វា​ពិត​ជា​រឿង​ខូច​ចិត្ត​ណាស់​ ដែល​ត្រូវ​គិត​ដល់​ចំណង់​ចំណូល​ចិត្ត​ សុំ​កា​រ​សម្រេច​ចិត្ត​អ្នក​ដទៃ​មុន​ខ្លួន​ឯង​។​

៣. ការ​រំពឹង​ខ្ពស់​

នៅ​ពេល​អ្នក​រៀបការ​ហើយ​ អ្នក​ទើប​ដឹង​ខ្លួន​ថា​អ្នក​ត្រូវ​បាន​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​ ហើយ​អ្នក​នៅ​ជុំវិញ​អ្នក​ក៏​​រំពឹង​ខ្ពស់​ពី​អ្នក​។ អ្នក​ត្រូវ​ពូកែ​ធ្វើ​ម្ហូប​ ធ្វើ​ការងារ​ផ្ទះ​ មើល​ថែ​កូន​ យក​ចិត្ត​ប្ដី​ ម្ដាយ​ក្មេក​ ព្រម​ទាំង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​ តស៊ូ​ព្យាយាម​គ្រប់​រឿង​។​ ទាំង​អស់​នេះ​ជា​អ្វី​ដែល​ប្រពន្ធ​ដែល​មាន​ចរិត​ចាស់ទុំ​ត្រូវ​ធ្វើ​។​ អ្នក​ចាប់​ផ្ដើម​ដឹង​ថា​ជីវិត​​អាពាហ៍ពិពាហ៍​ដែល​អ្នក​តែង​ស្រមៃ​ចង់​បាន​នោះ​ពិត​ជា​មិន​ងាយ​ស្រួល​ទេ​ តែ​បន្ទុក​ និង​ភាព​តាន​តឹង​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

ទោះ​បី​ជា​យ៉ាង​ណា​ នេះ​គ្រាន់​តែ​ជា​ឧបសគ្គ​​​ខ្លះៗ​ដែល​មនុស្ស​ស្រី​ភាគ​ច្រើន​បាន​ជួប​នៅ​ក្នុង​ឆ្នាំ​ដំបូង​ ដោយ​សារ​តែ​ពួក​គេ​មិន​ទាន់​សម្រប​ខ្លួន​បាន​ជាមួយ​ជីវិត​បែប​ថ្មី​។​ ពេល​វេលា​រស់នៅ​ជាមួយ​គ្នា​យូរៗ​ទៅ​ អ្នក​ប្រាកដ​ជា​ទទួល​បាន​ភាព​ប្រសើរ​ឡើង​ដោយ​ការ​សម្រប​សម្រួល​គ្នា​ ព្រម​ទាំង​ការ​យល់​គ្នា​ជា​មិន​ខាន​។​​ ប្រសិន​បើ​អារម្មណ៍​ស្រឡាញ់​នៅ​តែ​មាន​ ទោះ​ឧបសគ្គ​ច្រើន​យ៉ាង​ណា​ក៏​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ជោគជ័យ​ដែរ​ ព្រោះ​មនុស្ស​ស្រី​ត្រូវ​បាន​បង្កើត​មក​ជា​មួយ​​និង​អនុភាព​ដែល​អាច​សម្រប​ខ្លួន​បាន​គ្រប់​ស្ថានការណ៍ ៕​

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម